ដោយ រស្មី
ព្រះវិហារ៖ យោងតាមគម្រោងគជ់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារមានកសិករដាំស្រូវសរីរាង្គប្រហែល៤ ៣០០នាក់ ដាំដុះលើផ្ទៃដីប្រហែល១ ៤០០០ហិកតា ដោយផលិតទិន្នផលស្រួវបានរហូតដល់៣២ ០០០តោន ក្នុងមួយឆ្នាំ។
នាដើមសប្តាហ៍នេះ តាមរយៈគម្រោងគជ់, អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធបានកំពុងជំរុញដល់ផែនទីបង្ហាញផ្លូវមួយ ដែលនឹងជួយភ្ជាប់កសិករជាមួយនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារ ដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងប្រាក់ចំណូល។
ក្នុងកម្មវិធីជួបជុំមួយ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានប្រគល់កុំព្យូទ័រយួរដៃចំនួន៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន៤៣គ្រឿង ជូនដល់សហគមន៍ចំនួន៤៣ ដើម្បីជំរុញលើបច្ចេកវិទ្យាដល់សហគមន៍មូលដ្ឋាននោះបានបង្ហាញពីការអភិវឌ្ឍន៍លើសមត្ថភាពកសិករ តាមលក្ខណៈបច្ចេកវិទ្យាសម័យថ្មីជាមួយនឹងការផលិតដំណាំកសិកម្ម។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការជួបជុំនេះក៏បានបង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃថ្នាក់ខេត្ត សម្រាប់ស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ ដែលកំណត់សកម្មភាពយុទ្ធសាស្ត្រដើម្បីជួយកសិករឆ្ពោះទៅរកទីផ្សារ ដែលមានតម្លៃខ្ពស់ជាងមុន។ កសិករអាចនឹងទទួលប្រយោជន៍ក្នុងរដូវកាលខាងមុខ។ សកម្មភាពនេះ ក៏បានជួយកសិករតូចតាច ឱ្យអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លក់កសិផលកាន់តែចំណេញច្រើន និងមានជីវភាពរស់នៅប្រសើរជាងមុន។
គួរបញ្ជាក់ថា នាដើមខែសីហា ឆ្នាំ២០២៦នេះ កិច្ចសន្យាដើម្បីផ្គត់ផ្គង់អង្ករសរីរាង្គចំនួន៤ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន ១៥ ០០០ពាន់តោន និងសណ្តែកដីសរីរាង្គចំនួន១០តោន បានជួយបង្កើតឱកាសទីផ្សារថ្មីសម្រាប់កសិករ ដែលមានទំហំផលិតកម្មតូចប្រមាណ៣ ៥០០នាក់ មកពីសហគមន៍កសិកម្មចំនួន២៨ នៅខេត្តព្រះវិហារ។
កិច្ចព្រមព្រៀងនេះដែរ ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន អេងរ៉ូ រ៉ាយស៍ (AMRU Rice) និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។
ក្រៅពីនេះតាមរយៈគម្រោងគជ់ សហគមន៍កសិកម្មទទួលបានការគាំទ្រផ្នែកព័ត៌មានអាកាសធាតុ ដំបូន្មានកសិកម្ម និងឧបករណ៍កសិកម្ម ដើម្បីជួយកសិករក្នុងការផលិតដំណាំ ដែលមានគុណភាព និងប្រមូលផលបានទាន់ពេលវេលា ទោះបីជាមានការប្រែប្រួលអាកាសធាតុក៏ដោយ។
អ្នកស្រី ខា សុខុម ប្រធានសហគមន៍ជាំក្សាន្តជាយដែនមានជ័យ បានចែករំលែកថា ភាពជាដៃគូជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនឯកជន បានផ្តល់ឱ្យកសិករនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការផលិតកម្ម។
ក្រៅពីនេះការជួយដល់ផ្នែកម៉ាស៊ីនច្រូត ដែលគាំទ្រដោយគម្រោងក៏បានជួយសហគមន៍ឱ្យប្រមូលផលបានលឿនជាងមុន និងកាត់បន្ថយការខាតបង់បណ្តាលមកពីអាកាសធាតុ ដែលមិនអាចទាយទុកជាមុនបាន។
សូមរំលឹកថា គម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង មានផែនការជួយដល់គ្រួសារកសិករប្រមាណ១០ម៉ឺនគ្រួសារ ឬត្រូវជា៤៥ម៉ឺនកសិករ នៅទូទាំងប្រទេសកម្ពុជា៕












