វៀងចន្ទន៍៖ ការសិក្សាស្រាវជ្រាវថ្មីមួយនឹងពិនិត្យមើលលទ្ធភាពក្នុងការកែលម្អពូជគោ និងពពែ ដើម្បីឱ្យផ្តល់ទិ្នផលសាច់បានកាន់តែច្រើន ដែលនឹងជួយលើកកម្ពស់ផលិតភាពបសុសត្វ និងបង្កើតឧស្សាហកម្មសាច់ ក្នុងប្រទេសឡាវឱ្យកាន់តែរឹងមាំ។
សារព័ត៌មានកសិកម្ម និងបរិស្ថាន នៅក្នុងប្រទេសឡាវ បានចេញផ្សាយថា វិទ្យាស្ថានស្រាវជ្រាវកសិកម្ម រុក្ខាប្រមាញ់ និងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនបច្ចេកវិទ្យាចិញ្ចឹមសត្វឈ្មោះ ហ្វានស៊ីង (Fanxing របស់ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាទីវៀងចន្ទន៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងកែលម្អពូជសត្វ។
សេចក្តីរាយការណ៍ខាងលើបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងសិក្សាពីលទ្ធភាពផ្នែកបច្ចេកទេស សេដ្ឋកិច្ច និងប្រតិបត្តិការ ក្នុងការនាំយកពូជគោ ហ៊ួស៊ី (Huaxi) របស់ចិន និងពូជពពែសាច់ មកធ្វើពិសោធន៍ និងអភិវឌ្ឍនៅក្នុងប្រទេសឡាវ។
កិច្ចសហប្រតិបត្តិការនេះ អាចជួយឱ្យកសិករឡាវទទួលបានពូជសត្វល្អ និងវិធីសាស្ត្រផលិតកម្មបែបទំនើប ដែលអាចជួយគាំទ្រដល់ការបង្កើនគុណភាព និងទិន្នផលសាច់សត្វ។ ភាគីទាំងពីរក៏នឹងសិក្សាលើប្រព័ន្ធផលិតចំណីសត្វ និងវ៉ាក់សាំង ការការពារជំងឺ សេវាកម្មបសុសត្វ និងវិធីសាស្ត្របង្កាត់ពូជផងដែរ។
វិស័យទាំងនេះមានសារៈសំខាន់ណាស់ ពីព្រោះនៅពេលផលិតកម្មបសុសត្វកាន់តែរឹងមាំ គឺមិនត្រឹមតែពឹងផ្អែកលើពូជល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពឹងផ្អែកលើសុខភាពសត្វ អាហារូបត្ថម្ភល្អ និងសេវាកម្មកសិកម្ម ដែលគួរឱ្យទុកចិត្តទៀតផង។
ដៃគូទាំងពីរក៏មានគម្រោងស្វែងយល់ពីកសិកម្មឆ្លាតវៃ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) ដែលជួយឱ្យកសិករឡាវ អាចកែលម្អការផលិត និងគ្រប់គ្រងបសុសត្វកាន់តែមានប្រសិទ្ធភាព។
គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការល្អរវាងឡាវ និងចិន ក្នុងវិស័យបសុសត្វ ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនចំនួនសត្វ និងពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ឡាវទទួលបានកូតាលក់គោទៅឱ្យប្រទេសចិន រហូតដល់៥០០ ០០០ក្បាល ដែលបង្កើតបានជាទីផ្សារប្រកបដោយសក្តានុពលសម្រាប់កសិករ និងអ្នកចិញ្ចឹមសត្វ។
ការអភិវឌ្ឍពូជសត្វ និងការពង្រឹងប្រព័ន្ធកសិកម្មឱ្យកាន់តែល្អប្រសើរ អាចជួយឱ្យប្រទេសឡាវ មានសមត្ថភាពទាញយកប្រយោជន៍បានកាន់តែច្រើនពីទីផ្សារនៅប្រទេសចិន ព្រមទាំងអាចកែលម្អគុណភាព ទំហំសត្វ និងបិរមាណសាច់គោ។ ចំណែកកិច្ចសហប្រតិបត្តិការលើផ្នែកហ្សែនគោវិញ ត្រូវបានចាប់ផ្តើមអនុវត្តរួចហើយ។
កាលពីឆ្នាំ២០២៥ ឡាវ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលប្រទេសចិននឹងផ្តល់ទឹកកាមគោចំនួន១០០ ០០០ដូស និងគោបាពូជហ៊ួស៊ីចំនួន១០ក្បាល ដល់ប្រទេសឡាវ ដើម្បីចាប់ផ្តើមបង្កាត់ពូជ។
វិស័យចិញ្ចឹមសត្វអាចដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ពីព្រោះវាផ្តល់ប្រាក់ចំណូលដល់កសិករ ព្រមទាំងអាចផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ទីផ្សារក្នុងស្រុក និងក្នុងតំបន់ផងដែរ។ កិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងឡាវ និងចិន ក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មវិស័យចិញ្ចឹមសត្វ និងពង្រឹងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ៕ (ផាន់ អាណា)




















