ព្រះវិហារ៖ ឆ្លៀតក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅទូទាំង៨ក្រុង-ស្រុក នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តជ័យព្រឹក្ស ហៅវត្តប្រាសាទគោកបេង ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ការប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យនេះ ធ្វើឡើងដោយសទ្ធាជ្រះថ្លា ក្នុងគោលបំណងចូលរួមលើកស្ទួយ និងគាំទ្រវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយសម្រួលដល់ព្រះសង្ឃក្នុងការបំពេញព្រះសាសនកិច្ច និងការគង់ចាំព្រះវស្សា។ ហើយក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន ព្រមទាំងវីរជន និងកងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ និងបម្រើជាតិមាតុភូមិ ព្រមទាំងចូលរួមចំណែកក្នុងការថែរក្សា វប្បធម៌ប្រពៃណីនៃការធ្វើបុណ្យ ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ៕














