ម៉ានីល៖ ប្រទេសហ្វីលីពីននឹងបន្តអនុញ្ញាតនាំចូលអង្ករ នៅក្នុងឆ្នាំ២០២៦នេះ ដោយសារការព្រួយបារម្ភពីកង្វះខាតស្បៀងអាហារក្នុងស្រុក បង្កឡើងដោយបាតុភូតមហាអែលនីញ៉ូ (El Niño) ដែលគេព្យាករណ៍ថា នឹងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនថយចុះចំនួន៧៥០ ០០០តោន។
ដោយសារតម្រូវការក្នុងស្រុកមានបរិមាណចំនួន១៣,៥៧លានតោន លើសពីការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែ ១២,៤០លានតោន ដូច្នេះរដ្ឋាភិបាលហ្វីលីពីន មានផែនការបង្កើតប្រភពស្បៀងបម្រុង និងប្រមូលទិញស្រូវក្នុងស្រុកចំនួន៥០០ ០០០តោន ដើម្បីគាំទ្រដល់កសិករ គឺជាការផ្លាស់ប្តូរខុសប្លែកពីឆ្នាំមុន ដែលធ្លាប់បានផ្អាកការនាំចូលអង្ករពីបរទេស។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម បានលើកឡើងថា គោលនយោបាយបើផ្លូវនាំចូលអង្កររបស់រដ្ឋាភិបាលហ្វីលីពីន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកនាំចេញវៀតណាម ដែលចាត់ទុកប្រទេសហ្វីលីពីនជាទីផ្សារធំបំផុតរបស់ខ្លួន ដោយមានទំហំរហូតដល់៤៥ភាគរយនៃប្រាក់ចំណូលនាំចេញអង្ករសរុបរបស់វៀតណាម ចំនួន២,៦៤ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ។
ចំណែកទីភ្នាក់ងារព័ត៌មានហ្វីលីពីន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦នេះ អាចធ្វើឱ្យទិន្នផលស្រូវរបស់ប្រទេសហ្វីលីពីនថយចុះប្រមាណ៧៥០ ០០០តោន ដែលបង្កើនហានិភ័យនៃការខ្វះខាតអង្ករ នៅមុនពេលចួលរដូវប្រមូលផលស្រូវរដូវប្រាំង នាដើមឆ្នាំ២០២៧។ រីឯតម្រូវការអង្កររបស់ប្រទេសហ្វីលីពីន មានបរិមានសរុបចំនួន១៣,៥៧លានតោន ក្នុងឆ្នាំ២០២៥ គឺច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានត្រឹមតែ១២,៤០លានតោនប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា រដ្ឋាភិបាលហ្វីលីពីន មានគោលបំណងរក្សាប្រភពផ្គត់ផ្គង់អង្ករបម្រុងឱ្យបានធំល្មម នៅមុនរដូវប្រមូលផលស្រូវប្រាំងចូលមកដល់ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ឆ្លើយតបនឹងបញ្ហាខ្វះអ្នកផ្គត់ផ្គង់។
សេចក្តីសម្រេចនេះ គឺជាការផ្លាស់ប្តូរខុសពីឆ្នាំ២០២៥ ដែលនៅពេលនោះប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ដើម្បីការពារតម្លៃស្រូវក្នុងស្រុក អំឡុងពេលរដូវប្រមូលផលធំចូលមកដល់។ ការផ្អាកនាំចូលអង្ករកាលពីពេលនោះ បានប៉ះពាល់ដល់គម្រោងនាំចេញអង្កររបស់អ្នកនាំចេញជាច្រើននាក់ នៅក្នុងប្រទេសវៀតណាម ដោយបង្ខំឱ្យក្រុមហ៊ុនមួយចំនួនត្រូវស្វែងរកអ្នកទិញថ្មី នៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។
គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន៣,៣លានតោន។ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការនាំចូលបន្តបន្ទាប់មកលើកសិករដាំស្រូវក្នុងស្រុក រដ្ឋាភិបាលបានបញ្ជាអាជ្ញាធរស្បៀងអាហារហ្វីលីពីន ឱ្យទិញស្រូវចំនួន៥០០ ០០០តោន ក្នុងអំឡុងពេលប្រមូលផលស្រូវរដូវវស្សា នៅឆ្នាំ២០២៦នេះ។
ក្រុមហ៊ុននាំចេញអង្ករមួយ នៅក្នុងខេត្តដុងថាប់ (Dong Thap) ភាគខាងត្បូងប្រទេសវៀតណាម បានលើកឡើងថា ការសម្រេចចិត្តរបស់ហ្វីលីពីន ក្នុងការបន្តនាំចូលអង្ករនឹងធ្វើឱ្យអ្នកនាំចេញងាយស្រួលជាងមុន ដើម្បីចរចាធ្វើកិច្ចសន្យាសម្រាប់នាំចេញនៅចុងឆ្នាំ២០២៦នេះ។
ក្រុមហ៊ុនដដែលបានបន្តថា តម្រូវការនៅក្នុងទីផ្សារហ្វីលីពីនមានស្ថិរភាព ជាពិសេសប្រភេទអង្ករក្រអូបរបស់វៀតណាម ដោយសារមានតម្លៃប្រកួតប្រជែង និងមានគុណភាពល្អ។
យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករសរុបចំនួន៥,៥លានតោន ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦ ដោយប្រមូលប្រាក់ចំណូលបានចំនួន២,៦៤ពាន់លានដុល្លារ ដែលកើនឡើង០,៥ភាគរយធៀបនឹងឆ្នាំមុន ប៉ុន្តែតម្លៃនាំចេញសរុបបានថយចុះ៦,៧ភាគរយ។
ប្រទេសហ្វីលីពីន នៅតែជាទីផ្សារធំបំផុតរបស់វៀតណាម ដែលក្តោបក្តាប់៤៥ភាគរយនៃអង្ករនាំចេញ បន្ទាប់មកគឺប្រទេសចិន១៩,១ភាគរយ និងប្រទេសហ្គាណា៩,៦ភាគរយ។
គួររំលឹកថា បាតុភូតអែលនីញ៉ូ គឺជាទម្រង់អាកាសធាតុកើតឡើងតាមធម្មជាតិ ដែលកំណត់ដោយសីតុណ្ហភាពក្តៅខុសធម្មតា នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលអាចរំខានដល់ធាតុអាកាសទូទាំងពិភពលោក ដែលតែងតែបង្កឱ្យមានគ្រោះរាំងស្ងួតនៅនៅតំបន់អាស៊ីអាគ្នេយ៍ និងកាត់បន្ថយទិន្នផលកសិកម្ម៕ (ផាន់ អាណា)








