កម្ពុជា និង ADB ចុះហត្ថលេខាលើកម្ចីសម្បទាន២៥០លានដុល្លារ គាំទ្រកម្មវិធីរក្សាស្ថិរភាពសេដ្ឋកិច្ច

762629826_1601636518217101_4741864112440561604_n

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងទំហំទឹកប្រាក់២៥០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជា ចំពោះផលប៉ះពាល់ពីពហុវិបត្តិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក នៀនសាន ចាង (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ផងដែរ។

កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចត្រូវបានអនុវត្តក្រោមក្របខណ្ឌយន្តការហិរញ្ញប្បទានប្រឆាំងវិបត្តិ (Countercyclical Support Facility-CSF) របស់ ADB និងមានគោលបំណងគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការបង្កើតការងារ ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

កម្មវិធីនេះ ផ្តោតលើសមិទ្ធផលសំខាន់ចំនួនបី រួមមានការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលថ្លៃប្រេងឥន្ធនៈ ការផ្តល់ជំនួយហិរញ្ញវត្ថុ និងការគាំទ្រវិស័យកសិកម្មដល់គ្រួសារងាយរងគ្រោះ ព្រមទាំងការពន្លឿនការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដើម្បីពង្រឹងភាពធន់ និងការឆ្លើយតបចំពោះវិបត្តិថាមពលនាពេលអនាគត។

រាជរដ្ឋាភិបាលបានចាត់ទុកថា ការទទួលបានហិរញ្ញប្បទានក្រោមក្របខណ្ឌ ហិរញ្ញប្បទានប្រឆាំងវិបត្តិ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការទាន់ពេលវេលា ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ឱ្យឆ្លងផុតស្ថានភាពដ៏លំបាក និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្ពុជា គឺជាប្រទេសសមាជិកដំបូងគេ ដែលទទួលបានការគាំទ្រក្រោមកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច បន្ទាប់ពីក្រុមប្រឹក្សាភិបាល ADB អនុម័តកម្មវិធីនេះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃបន្ទាប់។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់លោក ម៉ាសាតុ កាន់ដា (Masato Kanda) ប្រធាន ADB ដែលបានដាក់ចេញកញ្ចប់ហិរញ្ញប្បទានក្រោមក្របខណ្ឌហិរញ្ញប្បទានប្រឆាំងវិបត្តិ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបំពេញនីតិវិធីរហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ការចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ការគាំទ្រ និងការជឿទុកចិត្តរបស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងថា ADB បានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានអន្តរជាតិជួយកម្ពុជា ក្នុងអំឡុងពេលវិបត្តិសំខាន់ៗ ដូចជា ទឹកជំនន់ឆ្នាំ២០០០–២០០១ វិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោក នៀនសាន ចាង បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាពលរដ្ឋ តាមរយៈការដាក់ចេញវិធានការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រជាពលរដ្ឋ និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ចំពោះវិបត្តិថាមពលនាពេលអនាគត។

លោកបានបញ្ជាក់ថា ADB នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់ដល់កម្ពុជា ក្នុងដំណាក់កាលអន្តរកាលបន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីបន្តគាំទ្រការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ