អាកាសធាតុអាក្រក់កំពុងគ្របដណ្ដប់លើតំបន់ជាច្រើនក្នុងប្រទេសចិន ស្របពេលកើតមានបាតុភូតមហាអែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងរយៈពេល១៥០ឆ្នាំ

image_2026-08-04_08-53-27

ប៉េកាំង៖ ការព្រមានអំពីអាកាសធាតុអាក្រក់ត្រូវបានចេញផ្សាយនៅតាមតំបន់ជាច្រើននៃប្រទេសចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងកម្ដៅកើនឡើងខ្លាំង បានគ្របដណ្ដប់លើតំបន់ជាច្រើន ស្របពេលបាតុភូតមហាអែលនីញ៉ូ (Super El Niño) កំពុងតែកើតឡើង។

បាតុភូតនេះ នៅពេលរួមផ្សំជាមួយព្យុះទីហ្វុង និងសកម្មភាពរដូវខ្យល់មូសុង បានផ្លាស់ប្តូរទម្រង់ចរន្តបរិយាកាសនៅភាគខាងត្បូងប្រទេសចិន ហើយវាអាចក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល១៥០ឆ្នាំកន្លងមកនេះ។

យោងតាមទីភ្នាក់ងារឧតុនិយមចិន បានឱ្យដឹងថា បាតុភូតអាកាសធាតុអែលនីញ៉ូ បន្តឡើងកម្ដៅឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកកាន់តែខ្លាំងឡើងៗខុសពីធម្មតា ដោយអ្នកជំនាញបានលើកឡើងថា ការវិវត្តចុងក្រោយនេះ គឺចម្លែកខ្លាំងណាស់។

អ្នកជំនាញបានពន្យល់ថា បាតុភូតអែលនីញ៉ូ មានលក្ខណៈសម្គាល់ដោយការកើនឡើងកម្ដៅខុសពីធម្មតានៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រ នៅតំបន់ខ្សែបន្ទាត់អេក្វាទ័រភាគកណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ តាមធម្មតា វាឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យតាមដានរបស់ទីភ្នាក់ងារឧតុនិយមចិន បង្ហាញថា មហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងខាងកើតបានឈានដល់លក្ខខណ្ឌអែលនីញ៉ូ រួចស្រេចទៅហើយកាលពីខែឧសភា ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្របានបន្តកើនឡើងនៅក្នុងខែមិថុនា។ ត្រឹមខែកក្កដា ព្រឹត្តិការណ៍នេះបានឈានចូលដល់ដំណាក់កាលតាមដានសម្រាប់មហាអែលនីញ៉ូ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។

ទីភ្នាក់ងារឧតុនិយមចិន បានប៉ាន់ប្រមាណថា បាតុភូតអែលនីញ៉ូ បច្ចុប្បន្ននឹងបន្តកើតមានយ៉ាងហោចណាស់រហូតដល់រដូវរងាខាងមុខ ដោយអូសបន្លាយរយៈពេលប្រហែលពី១០ ទៅ១១ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ប្រកបដោយភាពមិនប្រាកដប្រជាថា តើបាតុភូតអែលនីញ៉ូនេះនឹងប្រែជាខ្លាំងក្នុងកម្រិតណានៅចុងបញ្ចប់នោះទេ។

លោក ចិន លីជួន (Chen Lijuan) ប្រធានអ្នកព្យាករនៅមជ្ឈមណ្ឌលអាកាសធាតុចិន បានថ្លែងថា ទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា អែលនីញ៉ូប៉ះពាល់ដល់អាកាសធាតុរបស់ប្រទេសចិនខុសៗគ្នា ក្នុងអំឡុងពេលដំណាក់កាលអភិវឌ្ឍន៍ ដំណាក់កាលឡើងខ្ពស់បំផុត និងដំណាក់កាលថយចុះឥទ្ធិពលមកវិញ។

ជាទូទៅ នៅក្នុងអំឡុងពេលរដូវក្តៅនៃឆ្នាំកើតបាតុភូតអែលនីញ៉ូ ព្យុះទីហ្វុងក៏កើតឡើងកាន់តែច្រើននៅភាគពាយ័ព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយមានកម្លាំងខ្លាំងជាងមុន ហើយទីតាំងបង្កើតព្យុះបានរំកិលទៅទិសអាគ្នេយ៍។ ចំណែកព្យុះទីហ្វុង បោកបក់ចូលមកដល់ដីគោកនៃប្រទេសចិន ទំនងជាមានកម្លាំងខ្លាំងជាងមុន ដោយនាំមកនូវផលប៉ះពាល់កាន់តែធំដល់តំបន់ឆ្នេរភាគអាគ្នេយ៍ និងភាគខាងត្បូង។ ប្រព័ន្ធអាកាសធាតុខ្លះ ក៏អាចរំកិលទៅទិសខាងជើង និងប៉ះពាល់កាន់តែធំធេងផងដែរ។

នៅក្នុងអំឡុងពេលរដូវស្លឹកឈើជ្រុះ និងរដូវរងា នៅពេលអែលនីញ៉ូ ឈានដល់កម្រិតកំពូល កម្រិតទឹកភ្លៀងនៅភាគខាងត្បូងប្រទេសចិន ទំនងជាកើនឡើងយ៉ាងខ្លាំង។ ចំណែកនៅរដូវផ្ការីក និងរដូវក្តៅបន្ទាប់ពីការថយចុះឥទ្ធិពលអែលនីញ៉ូ ហានិភ័យនៃគ្រោះទឹកជំនន់មានកម្រិតខ្ពស់នៅក្នុងអាងទន្លេយ៉ង់សេ (Yangtze River basin) និងនៅក្នុងតំបន់ជៀងណាន (Jiangnan) ស្ថិតនៅភាគខាងត្បូងប្រទេសចិន។

ចំណែកលោក ចៅ ថាវ (Zhao Tao) ប្រធានអ្នកព្យាករណ៍នៅមជ្ឈមណ្ឌលឧតុនិយមជាតិ បានមានប្រសាសន៍ថា ប្រសិនបើបាតុភូតអែលនីញ៉ូ កម្រិតខ្លាំងកើតឡើង តំបន់សម្ពាធខ្ពស់នៃអនុតំបន់ប៉ាស៊ីហ្វិកខាងលិច ទំនងជានឹងរំកិលទៅទិសខាងលិចបន្ថែមទៀត និងកាន់តែខ្លាំងជាងមុន។ កត្តានេះអាចនាំខ្យល់ក្តៅ និងខ្យល់សើមបន្ថែមទៀត មកពីសមុទ្រភាគខាងត្បូង ឆ្ពោះទៅកាន់តំបន់ដីគោកនៃប្រទេសចិន។ នៅពេលខ្យល់សើមទាំងនេះ ជួបគ្នាជាមួយខ្យល់ត្រជាក់ ដែលផ្លាស់ទីមកពីទិសខាងជើង នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាញឹកញាប់ និងនាំឱ្យមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់នៅក្នុងតំបន់មួយចំនួន។

ការព្រមានអំពីអាកាសធាតុត្រូវបានចេញផ្សាយនៅទូទាំងប្រទេសចិន សម្រាប់ទីតាំងខុសៗគ្នា រួមមានខេត្តសានស៊ី (Shanxi) ស្ថិតនៅភាគខាងជើង, ខេត្តហ៊ូប៉ី (Hubei) ស្ថិតនៅភាគកណ្តាល, ខេត្តស៊ីឈួន (Sichuan) ស្ថិតនៅភាគនិរតី និងខេត្តក្វាងទុង (Guangdong) ស្ថិតនៅភាគខាងត្បូងប្រទេសចិន។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានចេញការព្រមានកម្រិតពណ៌លឿងទុំ (Orange Alert) សម្រាប់ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នេះ ដោយតំបន់រងផលប៉ះពាល់ រួមមានខេត្តស៊ីឈួន, ក្រុងឆុងឈីង (Chongqing), តំបន់ស្វយ័តម៉ុងហ្គោលី (Inner Mongolia), ខេត្តសានស៊ី (Shaanxi) និងខេត្តក្វាងទុង (Guangdong)។ ក្នុងថ្ងៃដដែលនេះ ក្រសួងធនធានទឹករបស់ចិន បានប្រកាសពីវិធានការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់កម្រិត៤ សម្រាប់ក្រុងឆុងឈីង ហើយខេត្តស៊ីឈួនបានជម្លៀសប្រជាជនជិត៦៥ ០០០នាក់ ដើម្បីការពារសុវត្ថិភាព បន្ទាប់ពីមានការកើនឡើងនៃទឹកភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ។ រីឯខេត្តក្វាងទុង បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខណៈពេលតំបន់ស្វយ័តម៉ុងហ្គោលី ក៏បានចេញការព្រមានកម្រិតពណ៌លឿង សម្រាប់អាកាសធាតុប្រែប្រួលខ្លាំងផងដែរ។

នៅពីក្រោយព្រឹត្តិការណ៍ទាំងនេះ បាតុភូតអែលនីញ៉ូ ប្រៀបដូចជា «ឧបករណ៍ពង្រីក» អាកាសធាតុសកល ដោយផ្លាស់ប្តូរសម្ពាធនៃកម្ដៅខ្លាំង គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង។ ព្រឹត្តិការណ៍អែលនីញ៉ូកម្រិតខ្លាំង អាចកែប្រែទម្រង់ចរន្តបរិយាកាស តាមរយៈការតភ្ជាប់បរិយាកាស និងអន្តរកម្មរវាងមហាសមុទ្រ និងបរិយាកាស ដែលប៉ះពាល់ដល់ទម្រង់អាកាសធាតុតាមរដូវកាល នៅក្នុងតំបន់ផ្សេងៗគ្នា។

យោងតាមការធ្វើបច្ចុប្បន្នភាពអាកាសធាតុសកល ប្រចាំឆ្នាំរបស់ទីភ្នាក់ងារឧតុនិយម បានឱ្យដឹងថា សីតុណ្ហភាពមធ្យមភាគសកលទំនងជានឹងបន្តស្ថិតនៅកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ឬកៀកនឹងកម្រិតកំណត់ត្រាខ្ពស់បំផុត។

ផ្អែកលើការសង្កេតប្រវត្តិសាស្ត្រ និងការវិភាគរបស់អ្នកជំនាញ ផលប៉ះពាល់អាកាសធាតុសកលបណ្តាលមកពីបាតុភូតអែលនីញ៉ូកម្រិតខ្លាំង ជាទូទៅអាចឈានដល់កម្រិតអាំងតង់ស៊ីតេអតិបរមា នៅឆ្នាំ២០២៧។ ដូច្នេះ ចាប់ពីរដូវផ្ការីករហូតដល់រដូវក្តៅខាងមុខនេះ ផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូ អាចនឹងកាន់តែខ្លាំងឡើងថែមទៀត៕ (ផាន់ អាណា)


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ