អន្តរជាតិ៖ រលកកម្ដៅចុងខែមិថុនា ឆ្នាំ២០២៦នេះ បានបង្កើនភាពមិនច្បាស់លាស់នៅទូទាំងវិស័យដំឡូងរបស់អឺរ៉ុប ខណៈពេលសីតុណ្ហភាពឡើងលើសពី៤០អង្សាសេ នៅផ្នែកខ្លះនៃអឺរ៉ុបខាងត្បូង ខាងលិច និងអឺរ៉ុបកណ្តាល ដែលលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតហួតហែង កើតឡើងចំពេលដំឡូងចាប់ផ្តើមមើម និងជាដំណាក់កាលបោះប្រមូលទិន្នផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។
យោងតាមអង្គការឧតុនិយមពិភពលោក និងការប្រែប្រួលអាកាសធាតុ បានឱ្យដឹងថា តំបន់ដាំដុះដំឡូងនៅក្នុងប្រទេសអេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ ប៉ូឡូញ និងអឺរ៉ុបកណ្តាល កំពុងជួបប្រទះរលកកម្ដៅក្នុងអំឡុងពេលដំណាំត្រូវការលូតលាស់។
ដំឡូងបារាំងលូតលាស់ល្អបំផុតនៅសីតុណ្ហភាពចន្លោះពី១៨អង្សាសេ ទៅ២២អង្សាសេ។ សីតុណ្ហភាពលើសពី ៣០អង្សាសេ ធ្វើឱ្យដំឡូងពិបាកលូតលាស់ និងមិនមានមើមល្អ។ ប្រសិនបើរលកកម្តៅអូសបន្លាយពេលយូរអាចកាត់បន្ថយទំហំមើម ផ្តល់ទិន្នផលតិច និងគុណភាពមិនសូវល្អ។
ប្រទេសអេស្ប៉ាញបានរាយការណ៍រួចហើយពីក្តីបារម្ភក្នុងការផលិតដំបូង។ អ្នកដាំដំឡូងនៅតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេស បានឱ្យដឹងថា សីតុណ្ហភាពនៅតែបន្តកើនឡើង បានធ្វើឱ្យការលូតលាស់របស់ដំណាំយឺតយ៉ាវ និងតម្រូវការប្រព័ន្ធធារាសាស្ត្រថែមទៀត។ អ្នកតំណាងឧស្សាហកម្ម បានប៉ាន់ប្រមាណថា ទិន្នផលអាចធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ប្រសិនបើលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតនៅតែបន្តអូសបន្លាយ។
រលកកម្ដៅក៏កំពុងបង្កឱ្យមានភ្លៀងធ្លាក់តិចខុសពីធម្មតា ដែលកាត់បន្ថយសំណើមដីនៅទូទាំងអឺរ៉ុប។ មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណៈកម្មការអឺរ៉ុប បានកំណត់តំបន់ពង្រីកកសិកម្មនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាគី រ៉ូម៉ានី និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងកើត។
នៅក្នុងប្រទេសអ៊ីតាលី កម្រិតទឹកទាបនៅក្នុងទន្លេ បានធ្វើឱ្យទឹកសមុទ្រជ្រៀតចូលដីគោកបន្ថែមទៀត ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់កសិកម្មសំខាន់ៗ។
ផលប៉ះពាល់លើការផ្គត់ផ្គង់ដំឡូងនៅអឺរ៉ុប និងតម្លៃប្រែប្រួលមិនច្បាស់លាស់ ដោយសារលក្ខខណ្ឌអាកាសធាតុក្នុងអំឡុងខែកក្កដា ជាពិសេសនៅប្រទេសបែលហ្ស៊ិក ហូឡង់ បារាំងភាគខាងជើង និងអាល្លឺម៉ង់ភាគខាងលិច។ សីតុណ្ហភាពត្រជាក់ និងភ្លៀងធ្លាក់អាចជួយឱ្យដំណាំដំឡូងបារាំងលូតលាស់ ស្របពេលកម្ដៅ និងគ្រោះរាំងស្ងួតបន្តអូសបន្លាយ អាចកាត់បន្ថយទិន្នផល និងគុណភាពសម្រាប់កែច្នៃ។
វិស័យដំណាំដំឡូងបារាំងកំពុងបន្តវិនិយោគលើពូជធន់នឹងកម្ដៅ និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្រ្តច្បាស់លាស់ ការត្រួតពិនិត្យសំណើមដី ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ និងការអនុវត្តកសិកម្មបែបបង្កើតឡើងវិញ ដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុប្រែប្រួលខ្លាំង ដែលកើតឡើងកាន់តែញឹកញាប់ឡើងៗ៕ (ផាន់ អាណា)










