ឥណ្ឌាទំនងជាផ្អាកនាំចេញស្ករសមួយរយៈពេល ដោយសារបាតុភូតអែលនីញ៉ូ

image_2026-06-26_15-28-12

ម៉ុមបៃ៖ ប្រទេសឥណ្ឌា ដែលធ្លាប់ជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងមានស្ករសនៅសល់តិចតួចសម្រាប់ការនាំចេញ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Nino) ដែលកំពុងគំរាមកំហែងដល់ផលិតកម្មអំពៅ និងការកើនឡើងនៃតម្រូវការអេតាណុល។

ដោយសារសម្ពាធអាកាសធាតុបែបនេះ ស្ករសឥណ្ឌារាប់លានតោននឹងផ្អាកនាំចូលទៅកាន់ទីផ្សារពិភពលោក ព្រមរឹតត្បិតការនាំចូលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាថែមទៀត។

ប្រភពពាណិជ្ជករនាំចេញស្ករស បាននិយាយថា ឥណ្ឌានៅមានសល់ស្ករសតិចតួចសម្រាប់ការនាំចេញ ចំណែកតម្រូវការអេតាណុលនៅក្នុងស្រុក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌាប្រុងប្រយ័ត្នចំពោះការនាំចេញ ព្រោះខ្លាចខ្វះតម្រូវការក្នុងស្រុក។

ទំនិញស្ករស គឺប្រធានបទរសើបផ្នែកនយោបាយនៅក្នុងសង្គមឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ស្ករច្រើនជាងគេលើពិភពលោក ហើយស្ករផ្អែមនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌា ជាពិសេសគ្រួសារក្រីក្រត្រូវការស្ករសខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។

នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញទំនិញកសិកម្មរបស់ឥណ្ឌា បាននិយាយថា “ការផ្គត់ផ្គង់ស្ករសមានសភាពតឹងតែងរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះ បាតុភូតអែលនីញ៉ូ កំពុងលេចចេញជាគ្រោះថ្នាក់ដ៏ធំមួយ។”

ប្រសិនបើភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ដំណាំអំពៅអាចរងផលប៉ះពាល់ និងធ្វើឱ្យឥណ្ឌាខ្វះស្ករសសម្រាប់នាំចេញយ៉ាងហោចណាស់បីឆ្នាំ ស្របពេលប្រទេសប្រេស៊ីល ក៏អាចរងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូដូចគ្នានេះដែរ។

ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសធំជាងគេ ក៏កំពុងបង្វែរអំពៅទៅផលិតជាអេតាណុលវិញ ព្រោះមានទីផ្សារល្អ។

ប្រទេសឥណ្ឌាបាននាំចេញស្ករសចំនួន៦,៨លានតោន ជារៀងរាល់ខ្នាំ ឬប្រហែលនឹង១០ភាគរយ នៃការនាំចេញសកល។ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីបាននាំចេញស្ករសប្រហែល៨០០ ០០០តោន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលជាវេលាចុងបញ្ចប់នៃរដូវប្រមូលផលឆ្នាំនេះ។

យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្មស្ករស បានឱ្យដឹងថា រោងចក្រផលិតស្ករសពិតជាត្រូវការការយល់ព្រមពីរដ្ឋាភិបាលដើម្បីនាំចេញស្ករ ហើយទីក្រុងញូវ ដែលីទំនងជានឹងដកហូតការអនុញ្ញាតនាំចេញតាមរដូវកាលនីមួយៗវិញ ប្រសើរជាងការហាមឃាត់រយៈពេលច្រើនឆ្នាំ។

លក្ខខណ្ឌប្រែប្រួលរបស់បាតុភូតអែលនីញ៉ូ ត្រូវបានគេព្យាករណ៍ថា នឹងធ្វើឱ្យភ្លៀងរដូវមូសុងវស្សាចុំខ្សោយនៅឆ្នាំនេះដល់កម្រិតទាបបំផុតក្នុងរយៈពេល១១ឆ្នាំកន្លងមក។ ភ្លៀងធ្លាក់ក្រោមកម្រិតមធ្យម គួបផ្សំនឹងបរិមាណទឹកភ្លៀងធ្លាក់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ ដែលមានកម្រិតទាបជាងមធ្យមប្រហែល៤០ភាគរយស្រាប់ទៅហើយ បានធ្វើឱ្យកសិករឥណ្ឌាបង្ខំចិត្តពន្យារពេលដាំដុះ ដើម្បីកុំឱ្យខាតបង់ច្រើនពេក។

កសិករឥណ្ឌាម្នាក់បានសម្រេចចិត្តឈប់ដាំអំពៅ ដោយដាំសណ្តែកសៀងជំនួសវិញ បាននិយាយថា “ខ្ញុំគ្រោងនឹងដាំពូជអំពៅ ដែលមានអាយុកាលវែង នៅក្នុងខែមិថុនា ប៉ុន្តែដោយសារមនុស្សគ្រប់គ្នាកំពុងនិយាយអំពីភ្លៀងធ្លាក់តិចពេក ទើបខ្ញុំសម្រេចចិត្តផ្អាកផែនការនោះវិញ។ ខ្ញុំបានសម្រេចចិត្តដាំសណ្តែកសៀងជំនួសវិញ នៅលើផ្ទៃដីទំហំពីរហិកតា នៅក្នុងរដ្ឋមហារាស្ត្រ ភាគខាងលិចប្រទេសឥណ្ឌា។

ចំណែកម្ចាស់ថ្នាលបណ្តុះកូនអំពៅវិញ បាននិយាយថា តម្រូវការកូនអំពៅបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដោយសារកសិករមិនទាន់ទិញទៅដាំ ព្រោះខ្លាចមានគ្រោះរាំងស្ងួត។

នាយកគ្រប់គ្រងសហព័ន្ធជាតិរោងចក្រស្ករសហគមន៍ បាននិយាយថា កសិករទំនងជាប្តូរទៅដាំដំណាំ ដែលមិនសូវត្រូវការទឹកច្រើម ដូច្នេះធ្វើឱ្យទំហំផ្ទៃដីដាំដុះអំពៅនឹងថយចុះ ហើយធ្វើឱ្យឆ្នាំ២០២៧-២៨ ជួបបញ្ហាខ្វះស្ករស។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានបានចាប់ផ្តើមលើកកម្ពស់ដំណាំជំនួសអំពៅ មានដូចជាសណ្តែកសៀង សណ្តែកបាយ និងសណ្តែកផ្សេងទៀត នៅក្នុងតំបន់ដាំដុះអំពៅ។

ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងផលិតស្ករសចំនួន៣០,៩៥លានតោន នៅឆ្នាំ២០២៦នេះ ប៉ុន្តែទិន្នផលឥឡូវនេះ ត្រូវបានព្យាករណ៍ថា នឹងមានបរិមាណត្រឹមតែជិត២៨លានតោនប៉ុណ្ណោះ ដែលទាបជាងតម្រូវការប្រើប្រាស់ប្រចាំឆ្នាំប្រហែលជាង២៨,៥លានតោន។

ប្រភពពីរដ្ឋាភិបាល និងមន្ត្រីឧស្សាហកម្មស្ករស បាននិយាយថា នៅទីបំផុតប្រទេសឥណ្ឌាអាចនឹងត្រូវបង្ខំឱ្យនាំចូលស្ករស ប្រសិនបើមានការរំខានពីបាតុភូតអាកាសធាតុអែលនីញ៉ូ ធ្វើឱ្យទិន្នផលអំពៅធ្លាក់ចុះ មិនអាចបំពេញតម្រូវការទីផ្សារនៅឆ្នាំ ២០២៧-២៨។

ប្រទេសឥណ្ឌា ធ្លាប់បាននាំចូលស្ករស នៅក្នុងក្នុងឆ្នាំ២០១៦-១៧ និងឆ្នាំ២០១៧-១៨ បន្ទាប់ពីមានគ្រោះរាំងស្ងួតហួតហែងបង្កឡើងដោយបាតុភូតអែលនីញ៉ូ កាលពីក្នុងឆ្នាំ២០១៥ ដែលធ្វើឱ្យដំណាំអំពៅមិនអាចលូតលាស់បានល្អ៕ (ផាន់ អាណា)


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ