ដោយ ឡុង សារេត
ខេត្តកំពង់ស្ពឺ ៖ ស្របពេលអាកាសធាតុការប្រែប្រួល និងមានភាពមិនទៀងទាត់ ដូចនាពេលបច្ចុប្បន្ន បាននិងកំពុងជះឥទ្ធិពលមិនសូវល្អដល់វិស័យកសិកម្ម ដែលទាមទារឱ្យមាន ការកែប្រែទម្លាប់ពីការចិញ្ចឹមសត្វបែបប្រពៃណីមកចិញ្ចឹមតាមបែបទំនើប។
តួយ៉ាងការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឬចិញ្ចឹមតាមបែបទំនើប ត្រូវបានវាយតម្លៃថា មាន់អាចលូតលាស់ធំធាត់លឿន ឆាប់បានផល និងចំណេញពេញវេលា ជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ដែលមិនប្រព័ន្ធគ្រប់គ្រង់ជាក់លាក់។
លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២៥ លោកចិញ្ចឹមមាន់នៅក្នុងរោងបើកចំហរ។ តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានចាប់ផ្តើមសាងសងរោងចិញ្ចឹមមាន់បិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ក្នុងនោះ លោកសាងសង់ថ្មីមួយរោង និងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយរោង។
លោកអះអាងថា “យើងចិញ្ចឹមមាន់ក្នុងរោងត្រជាក់ តាំងពីយើងចាប់ផ្តើមដាក់ដំបូងរហូតមកទល់សព្វថ្ងៃនេះ ឃើញថា ការធំលូតលាស់របស់កូនមាន់មានភាពល្អប្រសើរជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ។ ព្រោះវាក្តៅ ពីមួយវគ្គទៅវគ្គមាន់មិនសូវធំស្មើគ្នា ដូចការចិញ្ចឹមនៅតាមរោងបិទជិតនោះទេ”។
បើតាមលោក យឹម គឹមសាន ការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ក្នុងរយៈពេលប្រាំពីរថ្ងៃ កូនមាន់មានទម្ងន់ជាមធ្យមពីប្រាំបីខាំ ទៅប្រាំបួនខាំ ក្នុងមួយក្បាល តែបើកូនមាន់ចិញ្ចឹមនៅក្នុងរោងបិទជិត ឬរោងត្រជាក់ក្នុងរយៈពេលដូចគ្នា មានទម្ងន់ពីប្រាំបួនខាំ ទៅមួយគីឡូក្រាម ។
លោកលើកឡើងថា “ការចិញ្ចឹមមាន់ដោយគ្មានលក្ខណៈបច្ចេកទេសច្បាស់លាស់ យើងនឹងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ព្រោះមាន់ កាលណាអាកាសធាតុក្តៅខ្លាំង វាមិនអាចទ្រាំទ្របានទេ វាអាចនឹងឈឺងាប់។ ដូច្នេះ នៅថ្ងៃខាងមុខ បើសិនយើងមិនបាន រៀបចំរោងទំនើប មានប្រព័ន្ធត្រជាក់បានត្រឹមត្រូវទេ សម្រាប់មាន់កសិកម្ម ការចិញ្ចឹមនឹងជួបផលវិបាក ”។
សូមជម្រាបជូនថា ការចិញ្ចឹមមាន់របស់លោក យឹម គឹមសាន ដល់ពេលប្រមូលផល គឺលក់ទៅឱ្យខាងក្រុមហ៊ុនក្រុមហ៊ុន ឌឹ ហឺស្ស (De Heus) ព្រោះលោកទិញកូនមាន់ពូជ ចំណី ពីក្រុមហ៊ុនឌឹ ហឺស្ស៕








