ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ ឥណទានសម្បទានជប៉ុនបានផ្តល់ឥណទានសម្បទាន ចំនួន១៦២,៧ លានដុល្លាr នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ។
ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទានសម្បទានជប៉ុននូវទឹកប្រាក់ចំនួន ១៦២,៧លានដុល្លារ ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ូអេណូ អាតស៊ូស៊ី (UENO Atsushi )ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការបន្តផ្ដល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។
សូមបញ្ជាក់ថា គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជភ្នំពេញ គឺមានគោលបំណងដើម្បីលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងការកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ដែលមានស្រាប់នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ៕








