ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភីវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានពន្យល់ណែនាំប្រជាកសិករជាង៥០០នាក់ នៅស្រុកលើកដែក ខេត្តកណ្តាល ឱ្យខិតខំស្វែងយល់ឱ្យបានច្បាស់លាស់អំពីថ្លៃដើមផលិត ដើម្បីធ្វើយ៉ាងណាចៀសវៀងនូវការខាតបង់ណាមួយនៅពេលលក់កសិផលរបស់ខ្លួន។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំបែបនេះ ក្នុងពិធីជួបសំណេះសំណាលប្រជាកសិករ និងមន្ត្រីមូលដ្ឋានជាង៥០០នាក់ នៅក្នុងបរិវេណសាលាស្រុកលើកដែក ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុកស្អាង ការិយាល័យកសិកម្មស្រុក មេឃុំទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ៥៣៩នាក់ផ្សេងទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានសមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បម្រើដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល បានឱ្យដឹងថា បងប្អូនប្រជាកសិករជួបការលំបាកធំៗមួយចំនួន៖ ទី១) បងប្អូនកសិករខ្វះដើមទុនសម្រាប់ធ្វើការងារកសិកម្ម, ទី២) បងប្អូនកសិករធ្វើកសិកម្មបានផលហើយលក់មិនសូវដាច់ និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូនក្នុងរដូវខ្លះបានផលច្រើន និងពេលខ្លះពុំសូវបានផល ហើយប្រឈមជាមួយនិងការប្រែប្រួលអាកាសធាតុ។
ស្របពេលកសិករជួបញ្ហាក្នុងវិស័យកសិកម្ម និងដើម្បីធ្វើកសិកម្មចៀសវាងការខាតបង់ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់កសិករគម្បីស្វែងយល់ការធ្វើកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងតំបន់ ដើម្បីធានាតម្លៃកសិផល។
លើសពីនេះឯកឧត្តមជំរុញឱ្យកសិករស្វែងយល់ពីថ្លៃដើមផលិតឱ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តមុនលក់កសិផលរបស់ខ្លួន បើពុំដូច្នោះទេការធ្វើកសិកម្មរបស់កសិករពិបាកនឹងរកប្រាក់ចំណេញ។
ស្ថិតក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហាជាមួយនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ជាពេលវេលាដែលប្រទេសកម្ពុជាមានឱកាសធំក្នុងការផលិតដើម្បីជំនួសឱ្យការនាំចូលមកពីខាងក្រៅ និងបង្កើនការផលិតសម្រាប់ការនាំចេញឱ្យបណ្តាប្រទេសដែលមានតម្រូវការ។
ប្រទេសកម្ពុជាតូចតែប្រជាជនកម្ពុជា៦៥ភាគរយ សុទ្ធតែមានភាពវ័យក្មេង និងជាកំម្លាំងពលកម្មដ៏សំខាន់ ដែលធនាគារពិភពលោកបានវាយតម្លៃថា នេះវាផលលាភបែបប្រជាសាស្ត្ររបស់ខ្មែរ ត្រូវទាញយកពីផលលាភនេះឱ្យបានច្រើនបំផុត តាមរយៈការធ្វើកសិកម្ម ឧស្សាហកម្មជាដើម។
ឯកឧត្តមបណ្ឌិតបានលើកឡើងទៀតថា មុខរបរកសិកម្មនេះវាមិនទៅណាឆ្ងាយពីកម្ពុជា ឬអាចបាត់បង់ទៅណានោះទេ បងប្អូនកសិករនៅអាចធ្វើកសិកម្ម ដើម្បីឱ្យគ្រួសារមានជីវភាពធូរធារបាន។ ប៉ុន្តែបងប្អូនត្រូវរកឱ្យឃើញនូវថ្លៃដើមផលិតរបស់ខ្លួន កុំធ្វើកសិកម្មដើម្បីតែការកម្សាន្ត ព្រោះការធ្វើបែបនេះវាមិនទទួលបានប្រាក់ចំណេញនោះទេ ពិសេសនៅក្នុងដំណាក់កាលជី ចំណីសត្វ និងប្រេងឡើងថ្លៃ ដោយសារសង្គ្រាមនៅតាមតំបន់។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ការជួបសំណេះសំណាលនៅថ្ងៃនេះ មានគោលបំណងចង់ផ្សព្វផ្សាយពីសមាគមបណ្តាញកសិកតេជោដល់បងប្អូនឱ្យបានដឹង ដោយសមាគមមួយនេះបង្កើតឡើងមានគោលបំណង៖ ទី១) ធ្វើជាស្ពានឱ្យបងប្អូនកសិករដើរឆ្លង និងតួនាទី២) ធ្វើជាខែលការពារឱ្យបងប្អូនកសិករបាន។
ឯកឧត្តបណ្ឌិតគូសបញ្ជាក់ថា តួនាទីជាស្ពាននេះ គឺបងប្អូនកសិករអាចដើរទៅរកប្រភពទុនផ្នែកហិរញ្ញវត្ថុដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម បងប្អូនកសិករអាចដើរឆ្លងទៅរកបច្ចេកទេសក្នុងការដាំដុះ និងការចិញ្ចឹមសត្វ និងធ្វើជាស្ពានសម្រាប់តភ្ជាប់បងប្អូនកសិករទៅរកទីផ្សារផងដែរ៕


















