ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ ក្រុមហ៊ុន លោក កំពុងសាងសង់រោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិតបាន២០០តោនក្នុងមួយថ្ងៃ គ្រោងនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករខ្មែរ។
បច្ចុប្បន្ននេះរោងចក្រខាងលើបានដំណើរការសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ។ ដោយឡែកជីកសិកម្ម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងលក់ក្នុងតម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ ពិសេសនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាល។
យោងតាមអ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យអ្នកវិនិយោគលើវិស័យកសិកម្មមានការកើនឡើង ព្រមទាំងមានការលើកទឹកចិត្តផងដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានចូលរួមមួយចំណែកធំ ក្នុងការជួយដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក ពិសេសទៅប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ក្នុងការជួយនាំចេញផលិតផលកសិករកម្ពុជា ដូចជាការរៀបចំឯកសារច្បាប់ទម្លាប់ ដើម្បីឱ្យផលិតផលកសិកម្មអាចនាំចេញបាន។
អ្នកវិនិយោគខាងលើបានបោះទុនវិនិយោគលើរោងចក្រផលិតជី ដែលមកដល់ពេលនេះស្ទើរតែរួចរាល់ ១០០ភាគរយហើយ។ នេះជារោងចក្រផលិតជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ ហើយកម្លាំងផលិតគឺយើងអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេសរបស់អ្នកឧកញ៉ា សួរ វីរៈ តែងតែគិតគូនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា ពិសេសគឺការជួយរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករខ្មែរ៕





