ដោយ ឡុង សារេត
ភ្នំពេញ៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) របស់ ក្រសួងពាណិជ្ជកម្ម ប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១,៥លានដុល្លារ ក្រោមមូល និធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ ច្រកទី១ របស់គម្រោង ដើម្បីគាំទ្រដលការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារ សម្រាប់កសិករខ្នាតតូច លើផលិតកម្មមានខ្មែរ បន្លែសុវត្ថិភាព និងស្រូវប្រណីត នៅទូទាំងខេត្តគោលដៅទាំង១៨នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលថ្ងៃទី១ ខែមេសាឆ្នាំ២០២៦ បានគូសបញ្ជាក់ថា នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលជាវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទាន ឥតសំណងក្នុងឆ្នាំ២០២៥ ជិតមួយលានដុល្លារ ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។
សម្រាប់ហិរញ្ញប្បទានក្នុងឆ្នាំ២០២៦នេះ នឹងគាំទ្រកសិករខ្នាតតូចចំនួន១ ៤០០គ្រួសារបន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។
អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទាន ដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAID)។ គម្រោងមានគោលដៅលើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាបផលិតផលកសិពាណិជ្ជកម្ម និងទីផ្សារ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងពីការផ្តោតការយកចិត្តទុកដាក់ជាបន្តបន្ទាបរបស់ក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងអេមស៍ក្នុងការជំរុញការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាប័ន្នសម្រាប់កសិករខ្នាតតូចដោយកាត់បន្ថយហានិភ័យវិនិយោគរបស់ពួកគាត់ និងលើកកម្ពស់ដំណោះស្រាយជាក់ស្តែង ដែលផ្តោតលើទីផ្សារ។
ឯកឧត្តម អេង សុជីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ មានប្រសាសន៍ថា “ហិរញ្ញប្បទានឥតសំណងថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការជំរុញការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាបន្នសម្រាប់កសិករខ្នាតតូច តាមរយៈការកាត់បន្ថយហានិភ័យលើការវិនិយោគ និងលើកម្ពស់ការអនុវត្តដំណោះស្រាយជាក់ស្តែង ដែលផ្តោតលើទីផ្សារ យើងកំពុងផ្តល់លទ្ធភាពដល់កសិករខ្នាតតូច ជាពិសេស ស្ត្រី និងកសិករក្រីក្រ ឱ្យទទួលយកបច្ចេកវិទ្យា ដែលមានភាពប្រសើរ បង្កើនផលិតភាពនៃការផលិតរបស់ពួកគាត់ និងពង្រឹងទំនាក់ទំនងរបស់ពួកគាត់ជាមួយទីផ្សារ ដែលអាចទុកចិត្តបាន”។
ការគាំទ្រថ្មីនេះ កើតឡើងស្របពេលនៃការប្រារព្ធភាពជាដៃគូយូរអង្វែងរបស់ IFAD ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយវាក៏បានបង្ហាញពីតម្លៃនៃការវិនិយោគប្រកបដោយចីរភាព លើដំណោះស្រាយដែលជួយកសិករខ្នាតតូចនៅជនបទ ឱ្យបានចូលរួមកាន់តែមានប្រសិទ្ធភាពនៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើន ស្របពេលជាមួយគ្នា ក៏ជួយពង្រឹងភាពធន់ និងពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់ពួកគាត់ផងដែរ។
លោក ហ្វ្រូ បេហាប់ទូ (Frew Behabtu) នាយកប្រចាំប្រទេស និងជាតំណាង IFAD នៅកម្ពុជា បានគូសបញ្ជាក់ថា “ចំពេលដែល IFAD និងកម្ពុជា ប្រារព្ធខួបលើកទី៣០ឆ្នាំ នៃភាពជាដៃគូនៅឆ្នាំនេះ ហិរញ្ញប្បទាននេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តវិនិយោគលើដំណោះស្រាយ ដែលជួយកសិករខ្នាតតូចនៅជនបទឱ្យសម្រេចបាននូវការធ្វើសមាហរណកម្មទីផ្សារកាន់តែស៊ីជម្រៅ ពង្រីកការងារនៅជនបទ និងពង្រឹងភាពធន់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការយកចិត្តទុកដាក់ចំពោះស្ត្រី និងក្រុមប្រឈមនឹងហានិភ័យត្រូវបានគេទុកចោល”។
តាមរយៈមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ (ហិរញ្ញប្បទានឥតសំណង) គម្រោង អេមស៍ បានកាត់បន្ថយឧបសគ្គហិរញ្ញវត្ថុ ដែលកសិករខ្នាតតូចជួបប្រទះក្នុងការអនុវត្តបច្ចេកវិទ្យាបង្កើនផលិតភាព និងបំពេញតាមស្តង់ដារទីផ្សារ។ តាមរយៈការប្រើប្រាស់ (អ្នកហ៊ានសាកល្បងមុនគេ)ដើម្បីបង្កើតជាគំរូអាជីវកម្មដែលជោគជ័យ វាបានជំរុញលើកទឹកចិត្តដល់កសិករដទៃឱ្យទទួលយក និងអនុវត្តតាមកាន់តែទូលំទូលាយ ដោយគ្មានការឧបត្ថម្ភធនក្នុងរយៈពេលវែង ហើយរួមចំណែកដល់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយបរិយាបន្ន និងមានចីរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ គម្រោង អេមស៍ បានបញ្ចេញហិរញ្ញប្បទានឥតសំណង ច្រកទី១ សរុប៦,២១លានដុល្លារ ដែលគាំទ្រដល់សិករខ្នាតតូចសរុបចំនួន៥ ២៧១គ្រួសារ នៅទូទាំងប្រទេស ចាប់តាំងពីគម្រោងបានចាប់ផ្តើមដំណើរការមក។ ការវិនិយោគទាំងនេះ គឺបានផ្តោតលើផលិតផលដែលរងផលប៉ះពាល់ខ្លាំង ជាពិសេសការផលិតបន្លែសុវត្ថិភាព មាន់ស្រែ និងមាន់ខ្មែរ និងគ្រាប់ពូជស្រូវ។
ហិរញ្ញប្បទានឥតសំណងសម្រាប់ផលិផលបន្លែបានជួយគាំទ្រដល់កសិករក្នុងការសាងសង់ប្រព័ន្ធដាំបន្លែក្នុងផ្ទះសំណាញ់ និងជួយកសិករចិញ្ចឹមមាន់ ក្នុងការអនុវត្តតាមគំរូអាជីវកម្មដោយផ្អែកលើកញ្ចប់បច្ចេកទេស ដែលជួយឱ្យពួកគាត់អាចកែលម្អផលិតភាព គ្រប់គ្រងហានិភ័យ និងអាចបំពេញតាមស្តង់ដារទីផ្សារបាន៕








