ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។
រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។
ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕








