ដោយ៖ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។
គោលបំណងសំខាន់មួយនៃគម្រោងនេះ គឺការលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍នេសាទ និងអ្នកពាក់ព័ន្ធ អំពីសារៈសំខាន់នៃការការពារប្រភេទសត្វទាំងនេះ ដែលកំពុងរងការគំរាមកំហែងពីការនេសាទខុសច្បាប់ ការជួញដូរ និងការបាត់បង់ទីជម្រកធម្មជាតិ។
លោក អាលីសស្ទែរ ម៉ូលដ៍ (Alistair Mould) នាយកប្រចាំប្រទេសនៃអង្គការ WCS កម្ពុជា បានសម្តែងការកោតសរសើរចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការបន្តកិច្ចសហការដ៏មានសារៈសំខាន់នេះ។
បើតាមអង្គការសមាគមអភិរក្សសត្វព្រៃ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តធ្វើការងាររួមគ្នា ក្នុងការការពារជីវៈចម្រុះ និងធនធានជលផលដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងគាំទ្រការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព សម្រាប់សហគមន៍នេសាទនៅតាមតំបន់ឆ្នេរសមុទ្រ តំបន់ទន្លេសាប និងតំបន់ទន្លេមេគង្គ៕














