បាត់ដំបង៖ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្មីៗនេះ បានធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម និងការអភិវឌ្ឍអាជីវកម្មកសិកម្ម។
លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី និងជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន បាននិងកំពុងរៀបចំ «គម្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចនៅកម្ពុជា។
ក្រុមនិស្សិតធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកទេសឆ្លាតវៃក្នុងការសាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីនីតិវិធីធ្វើកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្វែងយល់ពីប្លង់កសិដ្ឋានគំរូលើផ្ទៃដីមួយហិកតា។
សហគមន៍កសិកម្មតាសីសាមគ្គីបានបង្ហាញពីសកម្មភាពលេចធ្លោជាច្រើនលើការអនុវត្តកសិកម្មរួមផ្សំ រួមទាំងការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។
សហគមន៍សូមអរគុណដល់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ដែលបានជ្រើសរើសសហគមន៍តាសីសាមគ្គី ជាគោលដៅសម្រាប់ទស្សនៈកិច្ចសិក្សានេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍នេះ នឹងជួយជំរុញការអភិវឌ្ឍសហគមន៍កសិកម្មឲ្យកាន់តែរីកចម្រើនក្នុងពេលអនាគត៕










