កសិករបួនគ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែម

photo_2026-02-16_09-50-37

ដោយ នៅ ស៊ីវុត្ថា

កំពង់ធំ៖ បន្ទាប់ពីទទួលបានការគាំទ្រថវិកា និង បច្ចេកទេសចិញ្ចឹមបង្កងពីអង្គការក្រៅប្រទេសប្រចាំកម្ពុជាមួយ កសិករ ៤គ្រួសារ ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននឹងកំពុងចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែមក្នុងការជួយសម្រួលជីវភាពគ្រួសារ។

លោកស្រី ង៉ោក សេងហុង គ្រូបង្កោលលើការចិញ្ចឹមបង្កងក្នុងស្រែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB កាលថ្មីៗនេះ ឱ្យដឹងថា  លោកស្រី បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងក្នុងស្រែនេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ខណៈកសិករបី គ្រួសារទៀត ក៏បានចាប់ផ្តើមចិញ្ចឹមនៅឆ្នាំ ២០២៥ ។

លោកស្រីបន្តថា ការចិញ្ចឹមបង្កងក្នុងស្រែនេះ លោកស្រីទទួលបានកូនពូជពីខេត្តតាកែវ និង ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងមានការគាំទ្រថវិកា ពីអង្គការ World Fish ប្រចាំកម្ពុជា ។

លោកស្រីបន្ថែមថា ការចិញ្ចឹមកាលពីលើកដំបូង គឺជាការសាកល្បង ក្រោមការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ពីអង្គការ World Fish  ប៉ុន្តែសម្រាប់ឆ្នាំនេះ ទាំងលោកស្រី និង កសិករ ៣ គ្រួសារទៀតបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនទិញកូនពូជបង្កងពីខេត្តតាកែវយកមកចិញ្ចឹមប្រមាណ ៤ ម៉ឺនកូន។ ជាលទ្ធផល សម្រាប់លោកស្រី បានលក់ជិតអស់ហើយ ។ ប៉ុន្តែកសិករ ៣ គ្រួសារទៀត មិនលក់អស់នៅឡើយទេ ទាំងលោកស្រី និងអ្នកពាក់ព័ន្ធកំពុងអំពាវនាវ និងធ្វើទីផ្សារជូនពួកគាត់ ។

លោកស្រីសង្កត់ធ្ងន់ទៀត នៅឆ្នាំបន្តបន្ទាប់ទៀត លោកស្រី និងកសិករ ៣ គ្រួរសារទៀត ត្រៀមចងក្រងទៅជាសហគមន៍ ដើម្បីបន្តចិញ្ចឹមថែមទៀត ព្រោះ ទីផ្សារសម្រាប់ឆ្នាំនេះ បានចាប់ផ្តើមមានច្រើន ក្រោយមានការជួយផ្សព្វផ្សាយពីអាជ្ញាធរ និង ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ព្រមទាំងដៃគូពាក់ព័ន្ធ ។ ប៉ុន្តែ ទីផ្សារប្រភេទនេះ មិនទាន់ទូលំទូលាយ និងឆ្លើយតបនៃការផ្គត់ផ្គង់នោះទេ ព្រោះការបញ្ជាទិញ មានតែប្រជាពរលដ្ឋធម្មតា ដែលពួកគាត់ទិញយកទៅបរិភោគប៉ុណ្ណោះ ខណៈភោជនីយដ្ឋាន ផ្សារទំនើប និង ការបោះដុំផ្សេងៗនៅមិនទាន់មាននៅឡើយ ។

លោកស្រី សង្ឃឹមថា ក្រោយការចិញ្ចឹមទទួលបានផលនៅឆ្នាំបន្តបន្ទាប់ នឹងមានការបោះដុំ ទៅឱ្យឈ្មួញ ដើម្បីយកទៅលក់ និងចែកចាយនៅលើទីផ្សារបន្ត ជាពិសេសនឹងទទួលបានគាំទ្រ និងការបញ្ជាទិញពីភោជនីយដ្ឋាន សណ្ឋាគារ និងផ្សារទំនើប នៅក្នុងប្រទេស ។

ទាក់ទិននឹងបច្ចេកទេសនៃការចិញ្ចឹមបង្កងនេះវិញ លោកស្រី ថា មានការលំបាកខ្លះ ពីព្រោះទាំងលោកស្រី និង កសិករ៣ គ្រួសារទៀត មិនទាន់យល់ដឹងច្បាស់នោះទេ  នៅពេលជួបបញ្ហាប្រឈមអ្វីមួយ លោកស្រី តែងតែបានទាក់ទងទៅអ្នកបច្ចេកទេស ដែលមានបទពិសោធន៍ចិញ្ចឹមបង្កងនៅខេត្តតាកែវ ជួយ ជាមតិយោបល់ និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការចិញ្ចឹមបង្កងក្នុងស្រែនេះ មានបច្ចេកទេសត្រឹមត្រូវ និង គុណភាពល្អ។

បើតាមលោកស្រី ង៉ោក សេងហុង មុនពេលដែលលោកស្រី មិនទាន់ចាប់អាជីពចិញ្ចឹមបង្កង ជីវភាពរបស់លោកស្រីមានការលំបាកយ៉ាងខ្លាំង ព្រោះលោកធ្វើតែស្រូវប្រាំង ព្រមទាំងមានការខូចខាតជារៀងរាល់ឆ្នាំ ប៉ុន្តែ នៅពេលលោកស្រីចាប់ផ្តើមចិញ្ចឹម  និងប្រមូលផល បានធ្វើឱ្យជីវភាពគ្រួសាររបស់លោកស្រី មានភាពល្អប្រសើរ ។ជាក់ស្តែង កាលពីឆ្នាំ ២០២៥ លោកស្រី លោករកចំណូលបានពីការលក់បង្កងចំនួន ២០៧៤ ដុល្លារសហរដ្ឋអាមេរិក និងនៅឆ្នាំ ២០២៦ នេះ លោកស្រីរកចំណូលបានជាង ៣០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់យកមកផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានេះ លោកស្រី ង៉ោក សេងហុង តំណាងឱ្យកសិករ ៣ គ្រួសារផ្សេងទៀត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ស្រុកសន្ទុកទាំងអស់មេត្តាជួយផ្សព្វផ្សាយ និងគាំទ្រផលិតផលប្រជាកសិករក្រុមផលិតបង្កង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន រសជាតិឆ្ងាញ់មិនចាញ់ខេត្តតាកែវ ដើម្បីលើកកម្កើងផលិតផលកសិកម្មនៅក្នុងប្រទេស ផ្តល់ប្រាក់ចំណូល និងការងារដល់ពលរដ្ឋកម្ពុជា។

អង្គការ World Fish នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងអនុវត្តសាកល្បង កម្មវិធី CGIAR Multifunctional Landscapes នៅក្នុងខេត្តចំនួន ២ គឺខេត្តកំពង់ធំ និងព្រៃវែង នូវប្រព័ន្ធរួមគ្នា ដែលមានទាំងការធ្វើស្រូវនិងការចិញ្ចឹមបង្កង ព្រមទាំងបន្លែ ដើម្បីពង្រឹងប្រាក់ចំណូល អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ ជូនដល់កសិករ៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ