ហ្សាការតា៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការស្រាវជ្រាវ និងការអប់រំកម្រិតឧត្តមសិក្សា ដោយផ្តោតសំខាន់លើសន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។
កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ី លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ (Brian Yuliarto) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្នុងវិស័យទាំងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា (Zambry Abdul Kadir) នៅប្រទេសឥណ្ឌូណេស៊ី។
លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា “កិច្ចសហការនេះបង្ហាញពីជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល”។
លោកបានសង្កត់ធ្ងន់ថា ភាពស៊ីសង្វាក់គ្នាកាន់តែជិតស្និទ្ធក្នុងចំណោមអ្នកជំនាញ អ្នកស្រាវជ្រាវ និងសាកលវិទ្យាល័យមកពីប្រទេសទាំងពីរ អាចជួយជំរុញការស្រាវជ្រាវឱ្យក្លាយទៅជាដំណោះស្រាយជាក់ស្តែងលើបញ្ហាសាធារណៈ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី មានចំណុចខ្លាំងសម្រាប់ជួយបំពេញគ្នាទៅវិញទៅមកក្នុងវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នានេះ។
លោកបានកត់សម្គាល់ថា “ជាគោលការណ៍ យើងបានយល់ព្រមបង្កើតក្រុមការងារ ដែលមានអ្នកជំនាញមកពីប្រទេសទាំងពីរ ដើម្បីជំរុញវិស័យសហប្រតិបត្តិការ”។
ក្រោមភាពជាដៃគូនេះ រដ្ឋាភិបាលទាំងពីរនឹងចូលរួមជាមួយសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវ ដែលបានត្រូវជ្រើសរើស ដើម្បីចងសម្ព័ន្ធភាពជាមួយសមាគមបណ្ឌិត្យសភាម៉ាឡេស៊ី-ឥណ្ឌូណេស៊ី។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ អគ្គនាយកដ្ឋានឧត្តមសិក្សារបស់ប្រទេសឥណ្ឌូណេស៊ី ក៏បានផ្តួចផ្តើមគំនិតពិភាក្សាជាបឋមជាមួយសមភាគីម៉ាឡេស៊ី ដើម្បីកំណត់វិសាលភាព និងគម្រោងកិច្ចសហប្រតិបត្តិការនេះ។
ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាប្រទេសម៉ាឡេស៊ី ទៅកាន់សាកលវិទ្យាល័យកសិកម្ម បូគោរបស់ឥណ្ឌូណេស៊ី (Bogor Agricultural University) លោកបានជួបជាមួយនិស្សិតម៉ាឡេស៊ី និងបានពិភាក្សាអំពីកម្មវិធីរួមគ្នារវាងប្រទេសទាំងពីរ ដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង។
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការសិក្សានេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ សម្របសម្រួលការចែករំលែកទេពកោសល្យ និងគាំទ្រដល់ការអភិវឌ្ឍន៍ជាតិ និងក្នុងតំបន់តាមរយៈការស្រាវជ្រាវជាក់ស្តែង៕


















