ត្រីរាជជាត្រីជិតផុតពូជ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទន្លេមេគង្គវិញ

643316692_1229077736081391_6554878330089277958_n

ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។

បើតាមអង្គការអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កាលថ្មីៗនេះ កំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ (Mekong Giant Catfish or Pangasianodon Gigas) ដែលជាត្រីជិតផុចពូជ និងជាកំណប់ដ៏មានតម្លៃ ព្រមទាំងមានតែនៅក្នុងទន្លេមេគង្គចំនួន៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។

អង្គការនេះ បញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជទាំង៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែងនៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ ការលែងត្រីរាជមួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។

អង្គការខាងលើនេះ បានបន្ថែមថា “វាបង្ហាញឱ្យឃើញថា អ្នកនេសាទកម្ពុជា អ្នកស្រាវជ្រាវ មន្ត្រីជំនាញ និងសហគមន៍ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នា ដើម្បីការពារត្រីរាជ។ វាមិនគ្រាន់តែជាត្រីរាជ ប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបមានជីវិត ដែលកំពុងបន្តរស់នៅក្នុងទន្លេមេគង្គកម្ពុជា កំពុងហែលជាមួយហ្វូងត្រីតូចធំដទៃទៀត។ វាក៏បានជួយក្រើនរំលឹកយើងផងដែរ ឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារទន្លេរបស់យើង ស្បៀងអាហាររបស់យើង វប្បធម៌ និងការចែករម្លែកចំណេះដឹងពីអ្នកជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ”។

ត្រីរាជមិនមែនត្រឹមតែជាត្រី ដែលមានទំហំខ្លួនធំមហិមា ដែលនៅរស់លើភពផែនដីនេះនោះទេ វាក៏ជានិមិត្តរូបនៃប្រភេទត្រី ដែលពុំមានរស់នៅក្នុងតំបន់ដទៃទៀត នៅលើពិភពលោកផងដែរ។ ត្រីរាជជាប្រភេទត្រីយក្ស វាបានបង្ហាញពីកេរដំណែលនៃអេកូឡូស៊ី វប្បធម៌ដ៏គួរឱ្យស្ញប់ស្ញែង ធម្មជាតិដ៏ស្រស់បំប្រង និងសុខភាពរបស់ទន្លេមេគង្គផងដែរ។

ជាច្រើនទស្សវត្សមកហើយ ត្រីរាជបានធ្វើចរាចរពីទន្លេមេគង្គ ទៅបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងរដូវវស្សា ដើម្បីរកចំណី និងធំលូតលាស់។

ក្នុងនោះ ក៏មានត្រីរាជខ្លះ បានធ្វើចរាចរចុះទៅតំបន់វាលទំនាបលិចទឹក នៃតំបន់ដីសណ្តទន្លេមេគង្គ ក្នុងខេត្តព្រៃវែងផងដែរ។

ដោយសារវាអាចធំលូតលាស់ដល់ប្រវែងបីម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ៣៥០គីឡូក្រាមឯណោះ ដូច្នេះ យើងអាចចាត់ទុកថា ត្រីរាជពិតជាស័ក្តសមនឹងងារជា ត្រីយក្សយ៉ាងពិតប្រាកដ។ ខ្លួនរបស់វាមានសម្បុរសបែបទឹកប្រាក់នៅផ្នែកពោះ និងសម្បុរប្រផេះ នៅតាមបណ្តោយដងខ្លួនខាងលើ ចាប់ពីក្បាលដល់កន្ទុយ។ ត្រីរាជមានដងខ្លួនទន់រលោង មិនមានឆ្នូត ចរឹតស្លូតបូត តែពោរពេញទៅដោយកម្លាំង និងអំណាច។ ដ្បិតតែត្រីរាជមានមាឌដ៏ធំសម្បើម តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងត្រីដទៃឯទៀតឡើយ។ ពេលនៅតូច ត្រីរាជមានព្រុយពុកមាត់ និងមានធ្មេញតូចៗ។

ប៉ុន្តែពេលវាធំឡើង ព្រុយពុកមាត់ និងឆ្នូត ក៏ចាប់ផ្តើមរលុបបាត់អស់ នៅពេលវាមានប្រវែងដល់៣០ ទៅ៥០សង់ទីម៉ែត្រ។ ពេលនៅតូច ភ្នែកត្រីរាជស្ថិតនៅតាមបណ្តោយរង្វះមាត់។ ពេលធំពេញវ័យ ភ្នែករបស់វាធ្លាក់មកនៅក្រោមរង្វះមាត់។ កូនត្រីរាជ និងកូនត្រីប្រា មានលក្ខណៈស្រដៀងគ្នា ដែលជាហេតុធ្វើឱ្យមានការច្រឡំ និងត្រូវចាប់វាយកទៅលក់លាយឡំនឹងត្រីប្រា។

ត្រីរាជរស់នៅក្នុងទន្លេធម្មជាតិ ហើយក៏អាចរស់នៅក្នុងស្រះចិញ្ចឹមត្រីបានផងដែរ។ មិនដូចជាត្រីប្រមាញ់ឯទៀត ត្រីរាជស៊ីពពួកស្លែ ប្លង់តុង វារីជាតិ និងមមោកនៅបាតទន្លេធម្មជាតិ តែបើនៅក្នុងស្រះចិញ្ចឹមត្រី វាស៊ីកាកសំណល់ដែលសល់ពីត្រីផ្សេងៗ។ ត្រីរាជបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងទន្លេមេគង្គ។ ទោះយ៉ាងណា ជីវិតត្រីរាជនៅតែជាអាថ៌កំបាំង។ អ្នកស្រាវជ្រាវបានខិតខំស្វែងយល់អំពីដំណើរនៃការបង្កកំណើត ផ្លូវធ្វើចរាចរផ្លាស់ទី និងចំនួនប្រជាកររបស់ពួកវាផងដែរនៅផ្នែកខាងក្រោមខ្សែទឹកទន្លេមេគង្គ។

តាមការកត់ត្រារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានអះអាងថា កាលពីអតីតកាល ត្រីរាជជាប្រភេទត្រីធ្វើចរាចរណ៍ផ្លូវឆ្ងាយ ដែលអាចលាតសន្ធឹងរហូតដល់ជាង៤ ០០០គីឡូម៉ែត្រ ពាសពេញដងទន្លេមេគង្គ ចាប់ពីខេត្តយូណាន ប្រទេសចិន ទៅដល់តំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។

នាពេលបច្ចុប្បន្ននេះ ដោយសារបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ដូច្នេះ វាមិនអាចរស់នៅពាសពេញ ឬធ្វើចរាចរផ្លាស់ទីដោយសេរីពាសពេញដែនទឹកទន្លេមេគង្គដូចមុនទៀតឡើយ។ ចំនួនត្រីរាជបានធ្លាក់ចុះយ៉ាងគំហុក។ យោងតាមរបាយការណ៍វាយតម្លៃអំពីស្ថានភាពត្រីរាជ ដោយលោកបណ្ឌិត ហ្សេប ហូហ្គេន (Zep Hogan) ក្នុងឆ្នាំ២០១១ បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ ត្រីរាជស្ថិតនៅក្នុងកម្រិតងាយរងគ្រោះ។

រហូតដល់ឆ្នាំ១៩៩៦ ត្រីរាជបានឈានដល់កម្រិតកំពុងរងគ្រោះ។ ចាប់ពីឆ្នាំ២០០៣ ដល់ពេលបច្ចុប្បន្ន ត្រីរាជ បានឈានមួយកម្រិតគួរឱ្យព្រួយបារម្ភទៀត គឺដល់ជាប្រភេទរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហម របស់អង្គការអាយូស៊ីអិន។ ការជួញដូរជាលក្ខណៈពាណិជ្ជកម្ម ត្រូវបានហាមឃាត់ទាំងស្រុង ក្រោមសន្ធិសញ្ញា «សាយតេស» ក្រោមឧបសម្ព័ន្ធ១ និងត្រូវបានចុះបញ្ជីក្រោមកិច្ចការការពារប្រភេទត្រីធ្វើចរាចរផ្លាស់ទីក្រោមអនុសញ្ញាប្រភេទសត្វទេសន្តរប្រវេសន៍។

យោងតាមស្មារតីថែរក្សាការពារប្រភេទផលចាប់ និងផលិតផលជលផល កំពុងរងគ្រោះថ្នាក់ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រភេទត្រីរាជ ក្នុងចំណោមប្រភេទធនធានជលផលទឹកសាបទាំង ២៩ប្រភេទ សម្រាប់ទទួលបានការពារក្រោមអនុក្រឹតលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩

ការថយចុះនៃចំនួនប្រជាករត្រីរាជ នៅក្នុងធម្មជាតិ បានក្លាយជាក្តីបារម្ភមួយ។ ខណៈពេលយើងការពារត្រីរាជ ប្រៀបដូចជាយើងការពារប្រព័ន្ធអេកូឡូស៊ីទន្លេ សន្តិសុខស្បៀង និងកេរដំណែលវប្បធម៌ «ជំនឿ» ផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ