ប៉េកាំង៖ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ ដោយផ្តោតលើអាទិភាពគោលនយោបាយសំខាន់ៗចំនួនបួន សម្រាប់ការអភិវឌ្ឍជនបទ និងក៏ដូចជាជួយដល់កសិករ ដែលប្រកបរបរកសិកម្ម។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (Xinhua News Agency) បានធ្វើសេចក្តីរាយការណ៍ថា ក្នុងចំណោមយុទ្ធសាស្រ្តចំនួនបួននេះ មានដូចជា ការកែលម្អទាំងសមត្ថភាព និងគុណភាពកសិករ, បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម, ការអនុវត្តឱ្យបានតាមលក្ខណៈស្តង់ដារ, និងការលើកកម្ពស់កំណើនស្ថិរភាពនៃប្រាក់ចំណូលរបស់កសិករ។
គួរបញ្ជាក់ថា គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសំខាន់ៗសម្រាប់លើកកម្ពស់ការធ្វើទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។ ក្នុងផែនយុទ្ធសាស្ត្រឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយមជ្ឈិមបក្សកុម្មុយចិន បានកំណត់ភារកិច្ចសំខាន់ៗចំនួនប្រាំមួយចំណុច ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្ម និងការរស់ឡើងវិញនៃកសិករនៅតាមទីជនបទ។
លោក ហាន វិនស៊ីវ (Han Wenxiu) អនុប្រធានប្រតិបត្តិនៃការិយាល័យគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុកណ្តាល និងជាប្រធានការិយាល័យក្រុមការងារសាកល្បងជនបទកណ្តាលរបស់ចិន បាននិយាយថា ខណៈពេលរក្សាបាននូវស្ថេរភាពទូទៅនៃរចនាសម្ព័ន្ធការងារ “កសិកម្ម ជនបទ និងកសិករ” ភារកិច្ចសំខាន់ៗសម្រាប់នៅឆ្នាំនេះ ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈថ្មី និងតម្រូវការថ្មី ដែលគេអាចនិយាយបានថា ភារៈកិច្ចសំខាន់ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជួយដល់កសិករយ៉ាងពិតប្រាកដ។
លោកក៏បាននិយាយដែរថា “ភារកិច្ចសំខាន់ៗចំនួនបួន” រួមមានការកែលម្អសមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃផលិតកម្មកសិកម្មយ៉ាងទូលំទូលាយ; ការអនុវត្តការគាំទ្រ ដែលមានស្តង់ដារ និងច្បាស់លាស់, ការលើកកម្ពស់ស្ថិរភាពកំណើននៃប្រាក់ចំណូលរបស់កសិករ, និងការលើកកម្ពស់ការកសាងភូមិឋាន ដែលអាចរស់នៅបាន ងាយស្រួលសម្រាប់អាជីវកម្ម និងស្រស់ស្អាត ដែលស្របតាមលក្ខខណ្ឌក្នុងស្រុក។
លោក ហាន វិនស៊ីវ បានបញ្ជាក់ថា ជាមួយគ្នានេះគេចាំបាច់ត្រូវតែពង្រឹងនូវការអនុវត្តវានុវត្តន៍ស្ថាប័ន,យន្តការ និងការបង្កើនភាពជាអ្នកដឹកនាំរួមរបស់គណបក្សក្នុងវិស័យកសិកម្ម តំបន់ជនបទ និងការងារកសិករ៕






















