ដោយ អៀវ ឈៀងនី
ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ កសិករដាំម្នាស់ នៅតាមបណ្តាស្រុកគោលដៅកសិកម្មនានាក្នុងខេត្តបាត់ដំបង បានសម្រុករូតរៈប្រមូលទិន្នផលផ្លែម្នាស់ ដើម្បីឱ្យទាន់ចូលទីផ្សារសម្រាប់ម្នាស់ទឹកឃ្មុំ គឺពេញនិយមបរិភោគស្រស់ៗ និងយកទៅកែច្នៃ។
ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួនបី នៃខេត្តបាត់ដំបង មានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។
លោក ឡាយ ម៉ៅ អាយុ៥៥ឆ្នាំ កសិករដាំម្ចាស់ទឹកឃ្មុំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់បានប្រកបរបរដាំម្នាស់ទឹកឃ្មុំនេះ ជាង១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៩។ ហើយម្នាស់ឆ្នាំនេះ ប្រមូលផលល្អ តម្លៃក៏រាងថេរ គ្រាន់តែឥឡូវប្រទេសកម្ពុជាមានសង្រ្គាមជាមួយសៀម ធ្វើឱ្យទិផ្សារចង្អៀតបន្តិច។
លោកបាននិយាយដូច្នេះថា “លក់ដាច់ នៅតែដាច់ តែតម្លៃចុះជាងមុនបន្តិច ឆ្នាំមុនទីផ្សារយើងលក់បាន១ ២០០រៀល ក្នុងមួយគីឡូ ឥឡូវបានតែ១ ០០០រៀល ឬ១០៥០រៀលទេ សម្រាប់ម្នាស់មេ ឬម្នាស់លេខ១”។
គួរបញ្ជាក់ថា ម្ចាស់ទឹកឃ្មុំ គេនិយមបរិភោគ និងយកទៅកែច្នៃ តាមដែលអាចធ្វើបានរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែឈើផ្សេងៗ បង្កើតជាទឹកក្រឡុក ឬបង្អែម ផ្លែឈើគ្រប់មុខ៕








