ភ្នំពេញ៖ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងតំណាងសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពនៃការផ្ដល់ហិរញ្ញប្បទានកសិកម្មគំាទ្រដល់តួអង្គក្នុងខ្សែសង្វាក់តម្លៃកសិកម្ម។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្ដាលនៃធនាគារ ARDB ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបប្រជុំជាមួយប្រតិភូវិនិយោគិនកូរ៉េ អង្គការអុកស្វាមនៅកម្ពុជា និងក្រុមការងារនៃសហគមន៍កសិកម្មតាសីសាមគ្គី។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍លើកឡើងពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកិសកម្ម (ARDB) ក្នុងការគាំទ្រ និងផ្តល់ឥណទានដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិឧស្សាហកម្ម និងការស្វែងរកឱកាសនៃកិច្ចសហការ និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
ក្នុងរយៈពេល២៥ឆ្នាំមកនេះ ធនាគារ ARDB បានវិវឌ្ឍន៍ពីធនាគារឯកទេស ដែលធ្វើតែប្រតិបត្តិការផ្តល់ឥណទានដុំដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដែលធ្វើប្រតិបត្តិការធនាគារពេញលេញរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្តល់មធ្យោបាយទូទាត់។
លើសពីនេះ ធនាគារ ARDB កំពុងតែពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាអភិវឌ្ឍន៍ផលិតផលឥណទាន និងសេវាកម្មថ្មីៗបែបឌីជីថល ដើម្បីផ្តល់សេវាពេញលេញ និងរហ័សដល់អតិថិជន។ ការអនុវត្តន៍គម្រោងពិសេសរបស់រាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ សំដៅធានាសន្តិសុខស្បៀង បង្កើតម្លៃបន្ថែមខ្ពស់ ជំរុញការប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕












