ដោយ ឡុង សារេត
ភ្នំពេញ៖ ស្របពេលការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងខ្នាតពាណិជ្ជកម្មបន្តមានការកើនឡើង គេសង្កេតឃើញការកែច្នៃផលត្រី ដែលបានមកពីវិស័យវារីវប្បកម្មក្នុងស្រុក ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។
ការកើនឡើងនៃអាជីវកម្មកែច្នៃត្រីក្នុងស្រុកនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា បានចូលរួមចំណែកជួយឱ្យអ្នកចិញ្ចឹមត្រីអាចជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ និងនៅក្នុងរដូវកាលប្រមូលផល។
លោក ឡែមផូរ វរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជាណ បានមើលឃើញថា ការកែច្នៃជាវិធីមួយដ៏ល្អសម្រាប់ជួយដល់អ្នកចិញ្ចឹមត្រីនៅពេលដែលត្រីកកស្ទះច្រើននៅលើទីផ្សារ ព្រោះតម្រូវការបរិភោគត្រីប្រចាំថ្ងៃនៅក្នុងស្រុកនៅមានកម្រិត។ ដូច្នេះនៅពេលទីផ្សារត្រីមានច្រើន ការកែច្នៃ គឺជាវិធីដោះស្រាយមួយដ៏ល្អ។ ខណៈពេលសិប្បកម្មកែច្នៃត្រីមានការរីកចម្រើនពីមួយថ្ងៃទៅមួយ ហើយផលិតផលត្រីកែច្នៃមានកាន់តែច្រើននៅលើទីផ្សារ សម្រាប់ប្រកួតប្រជែងជាមួយផលិតផលនាំចូលមកពីក្រៅប្រទេស។
លោកបានមានប្រសាសន៍ថា “ជាការសង្កេត យើងឃើញការកែច្នៃផលិតផលនៅក្នុងវិស័យវារីប្បកម្មនេះ វាជួយបានច្រើនដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដោយសារនៅពេលត្រីនៅលើទីផ្សារកកស្ទះ បានអ្នកប្រកបមុខរបរកែច្នៃទិញយកត្រីពីអ្នកចិញ្ចឹម ។ កន្លងមកពេលម្ចាស់អាជីវកម្មចង់ធ្វើការកែច្នៃផលិតផលក្នុងវិស័យវារីវប្បកម្ម តែងតែពឹងផ្អែកទៅលើត្រីនាំចូលពីខាងក្រៅ។ តែបច្ចុប្បន្ននេះនៅតាមកសិដ្ឋានចិញ្ចឹមត្រីពេលចង់បានទីផ្សារល្អ គាត់អាចទាក់ទងជាមួយអ្នកកែច្នៃឱ្យខិតខំអនុវត្តវារីវប្បកម្មល្អ ធ្វើឱ្យអ្នកកែច្នៃ និងប្រមូលទិញត្រីពីពួកគាត់។ ពីព្រោះអ្នកកែច្នៃគេត្រូវការផលិតផលមួយមានម៉ាកសម្គាល់គុណភាព CQS ដែលអ្នកបរិភោគមានទំនុកចិត្តលើនិមិត្តសញ្ញា CQS”។
លោកបានលើកឡើងថា តាមការសង្កេតរយៈពេលពីរឆ្នាំកន្លងមកនេះ ការកែច្នៃនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយក្នុងនោះមានសិប្បកម្មប្រហែលប្រាំពីរកន្លែង ទទួលបាននិមិត្តសញ្ញាសម្គាល់គុណភាព CQS។ និមិត្តសញ្ញាសម្គាល់គុណភាពនេះ ធ្វើទីផ្សារកាន់តែធំ ហើយមានសិប្បកម្មមួយចំនួនក៏បាននាំចេញផលិតផលកែច្នៃទៅលក់នៅក្រៅប្រទេសថែមទៀតផង៕








