ភ្នំពេញ៖ អ្នកស្រី នុត សម្ផស្ស នាយិកាក្រុមហ៊ុនផលិតសាប៊ូក្នុងស្រុកមួយរូប បានបន្តប្រមូលទិញស្ពៃក្រញាញ់ និងកសិផលរបស់កសិករនៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីយកមកកែច្នៃធ្វើជាសាប៊ូកក់សក់ និងសាប៊ូដុសខ្លួន សម្រាប់ដាក់លក់លើទីផ្សារជំនួសឱ្យផលិតនាំចូលពីប្រទេសជាតិខាង ។
អ្នកស្រីស្ថាបនិកក្រុមហ៊ុន អិល អេស វី បានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ ប្រជាជនខ្មែរបាននាំគ្នាគាំទ្រផលិតផលខ្មែរយ៉ាងច្រើនផុសផុល ខណៈនៅតាមទីផ្សារអតិថិជនបានសួររកផលិតផលដែលជារបស់ខ្មែរ ជាជាងផលិតផលរបស់ប្រទេសថៃ និងផលិតផលនាំចូលពីប្រទេសជិតខាងផ្សេងទៀត។
ជាក់ស្ដែង សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន ដែលចម្រាញ់ចេញអំពីស្ពៃក្រញាញ់របស់កសិករ បច្ចុប្បន្នក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។
អ្នកស្រី នុត សម្ភស្ស អះអាងថា រាល់ផលិតផលទាំងអស់មិនថាតែរបស់ខ្មែរ ឬនាំចូលនោះទេ ការប្រើប្រាស់ក៏អាស្រ័យទៅលើស្បែកក្បាល និងសក់របស់អតិថិនដែរ ប៉ុន្ដែអ្នកស្រីព្រមទទួលយកក្នុងន័យរិះគន់ដើម្បីស្ថាបនា គ្រាន់តែថាសម្រាប់អ្នកប្រើប្រាស់សាប៊ូស្ពៃផ្ទាល់ គឺមិនដែលមានបញ្ហាអ្វីនោះឡើយ។
សព្វថ្ងៃនេះ អតិថិជនជាប្រជាជនខ្មែរច្រើនណាស់បានលើកទឹកចិត្តអ្នកស្រី ពីព្រោះរាល់ការផលិតសាប៊ូរបស់រោងចក្រអ្នកស្រី សុទ្ធសឹងតែបានឆ្លងកាត់ការពិសោធន៍តាមស្ដង់ដា ដោយក្រុមអ្នកជំនាញវិទ្យាសាស្រ្ដគីមី មុននឹងផលិតចេញទៅដាក់លក់លើទីផ្សារ ជាក់ស្ដែងក្រុមហ៊ុនតែងតែបានគិតគូរអំពីគុណភាពជាចម្បងផងដែរ។
ក្រុមហ៊ុន អិល អេស វី ផលិតសាប៊ូអូកា ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរម្នាក់ ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនបានបើកដំណើររយៈពេល ១២ឆ្នាំមកហើយ៕












