ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។
សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។
សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។
អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។
សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។
អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។
ទន្ទឹមនឹងនេះដែរ តម្លៃអង្ករនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងដោយសារតែតម្រូវការកាន់តែខ្លាំង ក្រោយពេលមានកិច្ចព្រមព្រៀងជាមួយអ្នកទិញអង្ករនៅក្នុងទ្វីបអាហ្វ្រិក និងការដេញថ្លៃនាំចូលឥណ្ឌារបស់ប្រទេសបង់ក្លាដែស។
តម្លៃអង្កររបស់ឥណ្ឌាបានធ្លាក់ចុះ ស្របពេលការប្រមូលផលស្រូវថ្មីទទួលបានទិន្នផលខ្ពស់ ទោះបីជាការផ្គត់ផ្គង់ក្នុងស្រុករបស់រដ្ឋាភិបាលឥណ្ឌាបានរីកចម្រើនក្នុងល្បឿនដ៏រឹងមាំក៏ដោយ។ ចំណែកតម្លៃអង្ករវៀតណាមបានធ្លាក់ចុះ ក្រោយពេលរដ្ឋាភិបាលហ្វីលីពីនបានផ្អាកការនាំចូលអង្ករពីបរទេស ដូច្នេះធ្វើឱ្យប្រទេសវៀតណាម ដែលជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់ហ្វីលីពីន នៅសល់អង្ករក្នុងស្តុកច្រើនលើសផែនការ។
កាលពីសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តផ្អាកការនាំចូលអង្កររយៈពេលបួនខែទៀត ដោយចាប់ផ្តើមអនុវត្តនៅដើមខែមករា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានលើកទឹកចិត្តដល់ពាណិជ្ជកររបស់ខ្លួនឱ្យធ្វើពិពិធកម្មប្រភពនាំចូលអង្កររបស់ពួកគេ និងបន្តភាពជាដៃគូ ដែលផ្តល់អាទិភាពដល់ការកំណត់ស្ថេរភាពតម្លៃ និងធ្វើកិច្ចសហប្រតិបត្តិការរយៈពេលវែង៕







