ហ្សាការតា៖ យោងតាមស្ថិតិរបស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា ការនាំចេញម្ហូបអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ចំនួន៣៣៣,៣លានដុល្លារ កាលពីឆ្នាំ២០២៤ គឺកើនឡើង៤៤,៦ភាគរយ លើពីចំនួន២៣០លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។
គ្រឿងម៉ាស៊ីន ដែកថែប ប្រេង ឧស្ម័ន និងជី នៅតែទំនិញនាំចេញធំបំផុតរបស់ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែទិន្នន័យបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈ ហើយអ្នកនាំចូលទៅប្រទេសអូស្ត្រាលី បានមើលឃើញសក្តានុពលជាច្រើន ប៉ុន្តែលុះត្រាតែអ្នកផលិតឥណ្ឌូណេស៊ី ពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិក្នុងប្រទេស និងកែសម្រួលការវេចខ្ចប់ និងគ្រឿងផ្សំ ឱ្យស្របទៅតាមរសជាតិរបស់អូស្ត្រាលី។
និន្នាការកើនឡើងនេះបានបន្តរហូតដល់ឆ្នាំនេះ ជាមួយនឹងការកើនឡើងចំនួន១២,៨ភាគរយថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលជំរុញដោយផលិតផលកាកាវ និងទំនិញកែច្នៃពីកាកាវ។
អ្នកជំនួញអូស្ត្រាលីម្នាក់ ដែលបានបង្កើតក្រុមហ៊ុននាំចូលផលិតផលពីឥណ្ឌូណេស៊ី កាលពីក្នុងឆ្នាំ២០០៤ បាននិយាយថា ក្រុមហ៊ុនឥណ្ឌូណេស៊ី ត្រូវតែបំពេញតាមលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារអូស្ត្រាលី។
លោកបានបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមាន ការដាក់តាំងផលិតផលលើធ្នើររបស់ហាងលក់រាយធំៗ នៅទូទាំងទីក្រុង ការរក្សាតម្លៃឱ្យប្រកួតប្រជែង គឺត្រូវអនុវត្តតាមច្បាប់ដ៏ តឹងរ៉ឹងរបស់ប្រទេសអូស្ត្រាលី ចំពោះការបិទស្លាក និងគ្រឿងផ្សំ។
លោកបានកត់សម្គាល់ថា អ្នកនាំចេញជាច្រើនបានសន្មត់ថា បទប្បញ្ញត្តិដ៏តឹងរឹងទាណងនេអ នឹងមានការបន្ធូរបន្ថយវិញខ្លះ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងឥណ្ឌូណេស៊ី និងអូស្ត្រាលី ដែលបានចូលជាធរមាន តាំងពីឆ្នាំ២០២០ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអូស្ត្រាលីមិនដែលចង់សម្របសម្រួលលើផ្នែកសុវត្ថិភាព និងអនុលោមភាពនោះទេ។
លោកបានមានប្រសាសន៍ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះថា «និយាយឱ្យត្រង់ទៅ មានផលិតផលជាច្រើន ដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី ដែលខ្ញុំមិនអាចគាំទ្របានទេ ពីព្រោះពួកគេមិនបានបំពេញតាមស្តង់ដាររបស់អូស្ត្រាលីឡើយ»៕










