មូស្គូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេក ក្រោយពីទទួលបានការអារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក នៅក្នុងពិធីដាក់តាំងបង្ហាញកាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។
លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។
យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រតេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ីមានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។
បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ីបានជួបបញ្ហាស្មុគស្មាញ ហើយបានកាត់បន្ថយចំណែកទីផ្សាររបស់ប្រទេសអេក្វាឌ័របន្តិចទៅវិញ។ ប៉ុន្តែចំណែកទីផ្សារនេះត្រូវបានអ្នកនាំចេញផ្លែចេកផ្សេងទៀត ជាពិសេសប្រទេសទួកគី បានចូលទៅបំពេញបន្ថែមតម្រូវការនោះ។
ផ្ទះកញ្ចក់សាកល្បងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានផ្តល់ទិន្នផលផ្លែចេកម្តងរួចមកហើយ។ ការដាំដុះសាកល្បងនៅពេលនេះ ក៏កំពុងតែដំណើរការនៅក្នុងតំបន់ផ្សេងទៀតផងដែរ ដែលបញ្ជាក់ពីលទ្ធភាពបច្ចេកទេសនៃការដាំដុះដំណាំចេកក្រោមលក្ខខណ្ឌអាកាសធាតុ ដែលមនុស្សគ្រប់គ្រងបាន។
បរិវេណសម្រាប់សាកល្បងដាំដំណាំចេក និងដំណាំត្រូពិចផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ៤៦ហិកតា ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតនៅភាគខាងត្បូប្រទេសរុស្ស៊ី។ ផែនការដាំចេកនេះរួមមានផ្ទះកញ្ចក់ជាច្រើន ដែលមានទំហំចាប់ពី ១០ ទៅ១៦ហិកតា។ មន្ត្រីមូលដ្ឋានរំពឹងថា នឹងមានការប្រមូលផលផ្លែចេកជាលើកដំបូងនៅក្នុងនិទាឃរដូវ ឆ្នាំ២០២៦ ជាមួយនឹងទិន្នផលបន្ថែមរៀងរាល់ប្រាំមួយខែម្តង។
ការដាំចេកនៅក្នុងផ្ទះកញ្ចក់អនុញ្ញាតឱ្យមានការដាំដុះនៅក្នុងអាកាសធាតុត្រជាក់ ប៉ុន្តែតម្រូវឱ្យមានការគ្រប់គ្រងបរិស្ថានយ៉ាងតឹងរ៉ឹង។ រុក្ខជាតិត្រូវការភាពកក់ក្តៅមានស្ថេរភាព ក្នុងរង្វង់ពី២៥ ទៅ៣០អង្សាសេ ព្រមទាំងមានសំណើមច្រើន និងមានពន្លឺគ្រប់គ្រាន់។ សម្រាប់ការផលិតផ្លែចេកសម្រាប់ធ្វើពាណិជ្ជកម្មវិញ កូនចេកត្រូវគេបណ្តុះពូជតាមរយៈការបណ្តុះជាលិកា។
អ្នកជំនាញផ្នែកដំណាំចេក បានកត់សម្គាល់ថា ខណៈពេលសម្ភារៈដាំដុះអាចរកទិញបានពីប្រទេសចិន ហូឡង់ ឬពីប្រទេសអ៊ីស្រាអែល ការបង្កើតមន្ទីរពិសោធន៍ខ្នាតតូចក្នុងស្រុកនឹងដើរតួជំនួសការនាំចូលពីក្រៅប្រទេស។
នៅក្នុងផ្ទះកញ្ចក់ ដែលរៀបចំប្រព័ន្ធធារាសាស្រ្ត ដីមានជីជាតិ និងមានខ្យល់ចេញចូលត្រឹមត្រូវ ចេកនឹងចេញត្រយូងលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដោយផ្តល់ទិន្នផលរហូតដល់ ២០ ទៅ៣០គីឡូក្រាមក្នុងចេកមួយដើម៕










