ភ្នំពេញ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងផ្សារផលិតផលខ្មែរ ខេត្តតាកែវបាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រួមមាន បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង៥ព្រឹក ដល់ ១១ថ្ងៃត្រង់ដែលមានទីតាំងនៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត។
ផ្សារផលិតផលខ្មែរ ខេត្តត្បូងឃ្មុំ គឺស្ថិតនៅជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដោយឡែកផ្សារផលិតផលខ្មែរខេត្តតាកែវ ក៏បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង៦និង៣០នាទីព្រឹក រហូតដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។
ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង៕




