ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖ អ្នកបច្ចេកទេសនៅក្នុងវិស័យកសិកម្មក្នុងស្រុកមួយរុប បានមើលឃើញថា កសិករដែលខ្វះការយល់ដឹងពីផលិតផល ក៏ដូចជាបច្ចេកទេសប្រើប្រាស់ជី និងថ្នាំគីមីនេះ អាចនិងធ្វើឱ្យកសិករប្រឈមការខាតបង់ប្រាក់ច្រើននៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ។
នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ កន្លងមកនេះ លោក មៀច សំណាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន វីហ្គើ អេហ្រ្គីបាយអូថេក បានឱ្យដឹងថា ក្នុងនាមលោកជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្ម លោកមើលឃើញថា ការធ្វើកសិកម្ម កសិករតែងជួបបញ្ហា ឬបានចំណាយប្រាក់ជាច្រើនទៅលើការទិញជី និងថ្នាំគីមី យកទៅប្រើប្រាស់លើដំណាំរបស់ខ្លួន។
លោក មៀច សំណាង អះអាងថា ការចំណាយប្រាក់ច្រើនទៅលើការប្រើប្រាស់ជី និងថ្នាំគីមី របស់កសិករបែបនេះ គឺជាមូលហេតុចម្បងពាក់ព័ន្ធនិងប្រសិទ្ធភាពជី ថ្នាំ និងខ្វះការយល់ដឹងពីបច្ចេកទេសពីការប្រើប្រាស់។ បើកសិករមិនយល់ដឹងច្បាស់លាស់ទៅលើចំណុចទាំងនេះតម្រូវឱ្យកសិករចំណាយប្រាក់ច្រើនដងលើការទិញជី និងថ្នាំ។
លោកបានលើកឡើងទៀតថា ដើម្បីកាត់បន្ថយការចំណាយខុសលើជី និងថ្នាំគីមី នៅក្នុងវិស័យកសិកម្ម សម្រាប់កសិករ៖ ទី១)-កសិករត្រូវស្វែងរកក្រុមហ៊ុន ដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ខ្លួនឯងក៏ដូចកសិករផ្សេងទៀត, ទី២)-កសិករត្រូវប្រឹក្សាជាមួយអ្នកបច្ចេកទេសមុននឹងប្រើប្រាស់ រាប់តាំងពីពេលវេលា បរិមាណ និងបច្ចេកទេសប្រើប្រាស់ជី និងថ្នាំ ដើម្បីធានាបានថាជី ក៏ដូចជាថ្នាំគីមីទាំងនេះប្រើទៅលើដំណាំរបស់ខ្លួនមានប្រសិទ្ធភាពសម្រាប់ការពារសត្វល្អិត និងទី៣)-កសិករអាចស្វែងរកការប្រឹក្សាពីមន្ត្រីក្រសួងកសិកម្ម ឬមន្ត្រីកសិកម្មឃុំបន្ថែម មុននិងធ្វើការជ្រើសជី និងថ្នាំ ទិញយកមកប្រើប្រាស់។
ស្រដៀងគ្នានេះដែរ កញ្ញា ផន ធីយ៉ា តំណាងក្រុមហ៊ុនលក់ជី Unifiបានឱ្យដឹងថា កាលណាកសិករប្រើប្រាស់ជីកសិកម្មបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស គឺអាចគ្រប់គ្រងសត្វល្អិតចង្រៃនានាមានប្រសិទ្ធភាពខ្ពស់ ជួយឱ្យកសិករកាត់បន្ថយបានថ្លៃដើមផលិត និងដំណាំទទួលបានទិន្នផលកាន់ល្អប្រសើរ។ ពោលគឺបានចូលរួមជាមួយក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយថ្លៃដើមនៃធាតុចូលកសិកម្ម សន្សំបានប្រាក់ចំណេញពីការវិនិយោគក្នុងវិស័យកសិកម្ម៕




