វិស័យស្រូវអង្ករថៃជួបវិបត្តិធ្ងន់ធ្ងរ ដោយសារទិន្នផលទាប ថ្លៃដើមខ្ពស់ ចំណែកតម្លៃនាំចេញធ្លាក់ថ្លៃហៅលែងឮ

image_2025-11-18_08-05-40

បាងកក៖ វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃបានរើឡើងវិញ តាមរយៈទិន្នន័យថ្មីបង្ហាញថា បរិមាណទិន្នផលស្រូវកាន់តែទាប ថ្លៃដើមកាន់តែខ្ពស់ តម្លៃស្រូវក្នុងស្រុកកំពុងតែចុះថោក ចំណែកតម្លៃអង្ករនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ គឺថោកហៅលែងឮតែម្តង។

អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា វិបត្តិទាំងនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។

សារព័ត៌មាន ឌឹ ណេសិន របស់ថៃបានចេញផ្សាយដោយដកស្រង់សម្តីអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសថៃ ដែលបាននិយាយកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុនៗ គោលនយោបាយស្រូវអង្កររបស់រដ្ឋនៅតែជាប់ជំពាក់ក្នុងនយោបាយប្រជានិយមដូចគ្នាដដែល តាមរយៈគម្រោងកិច្ច្ចសន្យា ការធានាប្រាក់ចំណូល និងប្រាក់ឧបត្ថម្ភធន​ដោយផ្ទាល់ពីរដ្ឋដល់កសិករ ដូចជាគោលនយោបាយផ្តល់លុយ១​ ០០០បាត ក្នុងមួយហិកតាជាដើម។

ការចំណាយសម្រាប់អនុវត្តកម្មវិធី ដែលមានតម្លៃសរុបជាទឹកប្រាក់ពី៣៧ពាន់លាន ដល់៤០ពាន់លានដុល្លារ មិនបានផ្តល់ផលប្រយោជន៍ជាដុំកំភួនអ្វីឡើយ ប៉ុន្តែបានបង្កើតជាអន្ទាក់គោលនយោបាយមួយ ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តមិនចង់ចាប់យកបច្ចេកវិទ្យាថ្មី មិនចង់កែលម្អ ឬការសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាសកលឡើយ។

ទន្ទឹមនឹងនេះ ប្រទេសជាដៃគូប្រកួតប្រជែងធំៗរបស់ថៃ មានដូចជា វៀតណាម និងឥណ្ឌា បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនូវគ្រាប់ពូជមានគុណភាពល្អ និងប្រព័ន្ធផលិតកម្មទំនើបៗ ដែលអនុញ្ញាតឱ្យពួកគេអាចនាំចេញអង្ករ ដែលមានគុណភាពល្អជាងមានតម្លៃទាបជាងអង្កររបស់ថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែជាប់គាំងក្នុងទម្លាប់ពឹងផ្អែកលើការឧបត្ថម្ភធនពីរដ្ឋ ដែលឥឡូវនេះកំពុងតែបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់កសិករនៅតាមជនបទ និងបញ្ហាសន្តិសុខស្បៀងក្នុងប្រទេសថៃ។

កាលពីឆ្នាំ២០២៤ អង្ករសធម្មតា ដែលកសិករថៃលក់បានក្នុងតម្លៃជាង១០​ ០០០បាត ឬស្មើនឹង៣០៨ដុល្លារ ក្នុងមួយតោន ឥឡូវនេះបានធ្លាក់ចុះមកត្រឹមក្រោម៨ ០០០បាត ឬ២០៦ដុល្លារ ក្នុងមួយតោន។ ចំណែកស្រូវសើមទើបប្រមូលផលថ្មីៗ កសិករថៃលក់បានក្នុងតម្លៃត្រឹមតែពី៥ ០០០​ ទៅ៦ ០០០បាត ឬស្មើពី១៥៤ ទៅ ១៨៥ដុល្លារ ក្នុងមួយតោន គឺទាបជាងថ្លៃដើមឆ្ងាយណាស់។

ថ្លៃដើមរបស់កសិករថៃ ជាមធ្យម គឺពីចំនួន៧​ ២០០ ទៅ៧ ៥០០បាត ឬពី២២២ ទៅ២៣១ដុល្លារ ក្នុងមួយតោន បើប្រៀបធៀបជាមួយថ្លៃដើមរបស់កសិករវៀតណាមត្រឹម១៨៥ដុល្លារក្នុងមួយតោន ចំណែកកសិករឥណ្ឌាវិញ ផ្លៃដើមកាន់តែទាប គឺ១៥៤ដុល្លារ ក្នុងមួយតោន។  ទន្ទឹមគ្នានេះដែរ ទិន្នផលស្រូវរបស់ប្រទេសថៃនៅតែទាបបំផុតក្នុងចំណោមប្រទេសក្នុងសហគមន៍អាស៊ាន គឺទទួលបានទិន្នផលស្រូវត្រឹមតែ២ ទៅ៣តោនប៉ុណ្ណោះ​ ក្នុងមួយហិកតា បើប្រៀបធៀបទៅនឹងទិន្នផលស្រូវរបស់កសិករវៀតណាម និងកសិករឥណ្ឌា អាចទទួលបានផលរហូតដល់៥តោនក្នុងមួយហិកតា។

សម្រាប់កសិករថៃភាគច្រើន នេះមានន័យថា ជារឿងអាក្រក់បំផុតនាំឱ្យកសិករខាតឡុងចុង ឬទទួលបានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ  ហើយមានតែអ្នកប្រើពូជស្រូវផ្តល់ទិន្នផលខ្ពស់ និងប្រើបច្ចេកទេសទំនើប ដើម្បីសន្សំសំចៃកាត់បន្ថយថ្លៃដើមប៉ុណ្ណោះ ដែលមានសង្ឃឹមអាចរស់បាន។

លោកបានព្រមានថា លទ្ធផលគឺថា ការដាំស្រូវបានក្លាយជាមុខរបរមានហានិភ័យខ្ពស់ និងងាយធ្លាក់ខ្លួនក្រ ដែលធ្វើឱ្យគ្រួសារកសិករថៃមិនអាចរកប្រាក់ចំណូលបានច្រើនឡើយ។

លោកបានសន្និដ្ឋានថា ប្រសិនបើមានគោលនយោបាយត្រឹមត្រូវ កសិករថៃអាចងើបឡើងវិញបាន ប៉ុន្តែបើគ្មានការកែទម្រង់ជាបន្ទាន់ទេ ប្រទេសថៃប្រឈមមុខនឹងការបាត់បង់តំណែងរបស់ខ្លួននៅក្នុងទីផ្សារអង្ករលើសកល និងជំរុញឱ្យគ្រួសារកសិករថៃនៅតាមជនបទរាប់លានគ្រួសារ ធ្លាក់ខ្លួនចូលទៅក្នុងអន្លង់ក្រលំបាករហេមេហាមជាក់ជាមិនខាន។

ចំណែកអ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បាននិយាយថា អ្នកត្រូវការអង្ករនៅលើសកលលោកកំពុងងាកទៅរកអង្ករបាយទន់ ដែលជានិន្នាការមួយ ប្រទេសថៃត្រូវតែសម្របខ្លួនតាមជាបន្ទាន់។

លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃត្រូវពន្លឿនការអភិវឌ្ឍពូជស្រូវថ្មីបាយទន់ និងពង្រីកការផលិតគ្រាប់ពូជថ្មី ដើម្បីបំពេញតម្រូវការរបស់កសិករសម្រាប់ពូជស្រូវណា ដែលផ្តល់ទិន្នផលខ្ពស់ និងទទួលបានប្រាក់ចំណូលច្រើន។

យោងតាមទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានស្រូវអង្ករថៃ បានឱ្យដឹងថា ប្រទេសថៃមានពូជស្រូវជាង២០០ពូជ ប៉ុន្តែមានតែប្រហែល៤០ពូជប៉ុណ្ណោះ ដែលជាប្រភេទពូជស្រូវបាយទន់។ ផ្ទុយទៅវិញ ប្រទេសវៀតណាមមានពូជស្រូវជាង១ ០០០ពូជ ដែលក្នុងនោះ៥០ភាគរយជាស្រូវបាយទន់។ ពូជស្រូវវៀតណាមទាំងនេះផ្តល់ទិន្នផលខ្ពស់ណាស់ ជាមធ្យមពី៦តោន ទៅ៨តោនក្នុងមួយហិកតា។

សារព័ត៌មាន ឌឹ ណេសិន បានសរសេរទៀតថា ប្រទេសវៀតណាមមិនជ្រៀតជ្រែករឿងតម្លៃស្រូវអង្ករទេ ហើយបន្តអភិវឌ្ឍពូជស្រូវថ្មីៗ និងបង្កើនថវិកាសម្រាប់ស្រាវជ្រាវស្រូវអង្ករជារៀងរាល់ឆ្នាំ។ គោលនយោបាយវៀតណាម «កាត់បន្ថយ៣ បង្កើនថែម៣ គឺកាត់បន្ថយជី កាត់បន្ថយថ្នាំសម្លាប់សត្វល្អិត និងកាត់បន្ថយថ្លៃដើមគ្រាប់ពូជ; បង្កើនប្រសិទ្ធភាព បង្កើនទិន្នផល និងបង្កើនប្រាក់ចំណូល» បានផ្តល់លទ្ធផលល្អពិតប្រាកដ៕


Kiripost_dec04-02.2e16d0ba.fill-960x540
កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]

image_2026-03-16_10-10-44
វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម

ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។ យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។ ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ […]

photo_2026-03-16_13-45-24 (2)
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ […]

image_2026-03-16_09-51-02
ការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីក្រុងឌូបៃ ត្រូវអាក់ខានដោយសារសង្គ្រាមអ៊ីរ៉ង់

ប៉េកាំង៖ សង្គ្រាមអ៊ីរ៉ងកំពុងបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបន្តរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផលិតផលស្រស់របស់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលជាវិស័យមួយពឹងផ្អែកភាគច្រើនលើការនាំចូលពីបរទេស។ ប្រភពពីឧស្សាហកម្មបន្លែផ្លែឈើ បានរាយការណ៍ថា អាជីវកម្មនាំចូលរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម កំពុងស្វែងរកផ្លូវដឹកជញ្ជូនផ្សេង ដើម្បីរក្សាការផ្គត់ផ្គង់ ព្រោះការពន្យារពេលនេះនៅតែបន្តអូសបន្លាសដោយសារសង្គ្រាម។ ការផ្គត់ផ្គង់ផលិតផលស្រស់មកកាន់ទីក្រុងឌូបៃ ត្រូវពឹងផ្អែកលើការនាំចូលតាមសមុទ្រមកកាន់ផ្សារបន្លែ និងផ្លែឈើនិងបន្លែ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនបានដូរផ្លូវនាំចូលតំបន់មជ្ឈិមបូព៌ា។ ដោយសារកប៉ាល់ជាច្រើនបានចាកចេញមុនពេលផ្ទុះសង្គ្រាម កុងតឺន័រទូរទឹកកក ដែលផ្ទុកផលិតផលស្រស់ៗ កំពុងតែព្យាយាមឆ្លងកាត់តំបន់ជម្លោះ។ ការរំខានដល់ការដឹកជញ្ជូនបានបង្ខំកប៉ាល់មួយចំនួនត្រូវបោះយុថ្ការងចាំនៅក្នុងលំហសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនអាចចូលចតបានតាមការគ្រោងទុកឡើយ។ សម្រាប់ផលិតផលស្រស់ៗឆាប់ខូច បានក្លាយជាកង្វល់របស់ខ្សែសង្វាក់ផ្គត់ផ្គង់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់មួយចំនួន ដែលដឹកផលិតផលស្រស់ៗនាំចូលពីប្រទេសចិន បានចាប់ផ្តើមបង្វែរទៅកាន់កំពង់ផែក្បែរៗនោះ ដើម្បីចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ចំណែកកប៉ាល់ខ្លះកំពុងដាក់ទំនិញចុះនៅកំពង់ផែផ្សេង ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីក្រុងឌូបៃ ខណៈកប៉ាល់ខ្លះទៀតកំពុងដឹកជញ្ជូនតាមកំពង់ផែ ក្នុងប្រទេសអូម៉ង់ និងកំពង់ផែរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទូកុងតឹន័រខ្លះទៀតត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅកំពង់ផែក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមទៀត។ ប្រធានតំណាងចែកចាយផលិតផលស្រស់ៗប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កំពុងតាមដានព័ត៌មានថ្មីៗពីកំពង់ផែ និងពីក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកែសម្រួលផែនការដឹកជញ្ជូន។ លោកស្រីបាននិយាយថា ស្ថិតក្នុងស្ថានភាពនេះ ច្រកចុងក្រោយនៃការលើកដាក់ទំនិញត្រូវបានកំណត់តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលតម្រូវឱ្យដឹកជញ្ជូនតាមផ្លូវគោក។ ជាពិសេសនៅកំពង់ផែ ដែលមានថាមពលសម្រាប់រក្សាសីតុណ្ហភាពទូត្រជាក់ឱ្យមានស្ថេរភាពល្អ។ ការត្រួតពិនិត្យជាបន្តចំពោះស្ថានភាពកំពង់ផែ និងកុងតឺន័រ […]

កាលវិភាគផ្សព្វផ្សាយ