វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ផ្តល់ឱកាស​ដល់វិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ

photo_2025-11-14_11-20-00

ដោយ ឡុង សារេត

ភ្នំពេញ៖ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​ ​ក្នុងគោលបំណង​បង្កើតឱ្យមានការ​ពិភាក្សាកម្រិតខ្ពស់​ និងការដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ ក៏ដូចជាផ្តល់ឱកាស​ជូនវិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​សម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។

ក្នុងពិធីបើកវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ាន​មកដល់ដំណាក់កាលថ្មី​ និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មី​មួយចំនួន​ ជាពិសេស​និរន្តរភាពនៃផលិតកម្ម​ និងតម្រូវការទីផ្សារ​។

 ថ្លៃដើមផលិតខ្ពស់​ ទីផ្សារ និងការកែច្នៃផលិតផលនៅមាន​កម្រិក​ និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន​ នៃតម្លៃកសិផលនៅលើទីផ្សារ​អន្តរជាតិ​ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គ​ពាក់ព័ន្ធ​ចូលរួមសហការ និងគាំទ្រថែមទៀត​ ក្នុងគោលបំណង​បន្តរួមគ្នាដោះស្រាយបញ្ហា ​និងផ្តល់ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ដែល​បាននិងកំពុងខិតខំ​ប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារ​ផង​ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។​

ឯកឧត្តមបន្តទៀតថា ដើម្បី​សម្រេចបាននូវគោលដៅ​នេះ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិងកំពុងខិតខំប្រឹងប្រែង​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេស​យុទ្ធសាស្ត្របញ្ជកោណ​ដំណាក់កាលទី​១ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី​៦។​ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ ជាពិសេស​តម្លៃស្រូវ​ត្រូវបានជំរុញឱ្យអនុវត្តយ៉ាងសកម្ម​ជាច្រើនលើកប្រកបដោយ​ជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់​។ ទន្ទឹមនិងនេះដែរ មន្ត្រីកសិកម្មឃុំ​ចំនួន​១៦០០នាក់​ត្រូវបានជ្រើសរើសប្រកបដោយតម្លាភាព​ និងកំពុងតែចុះជួយផ្សព្វផ្សាយបច្ចេកទេស​ដល់កសិករ​ ប្រមូលទិន្នន័យផលិតកម្ម​ និងសម្របសម្រួលទីផ្សារ​សម្រាប់កសិផលរបស់ប្រជាកសិករនៅតាម​ឃុំសង្កាត់​នៅទូទាំងប្រទេស។​

ជាងនេះទៀត សហគមន៍កសិកម្មទំនើបមានប្រមាណ​២៥សហគមន៍ ត្រូវបាន​បង្កើតឡើង​ ក្នុងគោលបំណង​ផ្តល់ការគាំទ្រដល់កសិករ​ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ផ្សារភ្ជាប់ទៅនឹងទីផ្សារ​ ចុះកិច្ចសន្យាលក់ក្នុងតម្លៃសមស្រប​ដើម្បីធានាប្រាក់ចំណេញ​សម្រាប់បងប្អូនកសិករ។​

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា ដើម្បីរួមចំណែក​បង្កើនការស្រូបយក​​កសិផល​ក្នុងស្រុកមកកែច្នៃ​ជាផលិតផលក្នុងស្រុក​ និងបង្កើតទីផ្សារបន្ថែម​ ក្រសួងកសិកម្ម ​ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ​របស់ថ្នាក់ដឹកនាំ​ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មនេះឡើង​ក្នុងគោលបំណង​បង្កើតឱ្យមានការពិភាក្សាកម្រិតខ្ពស់​ និងដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ តាមរយៈនេះ​វិស័យឯកជន​ទាំងក្នុង និងក្រៅប្រទេស​ ជាពិសេសវិនិយោគិន និងធុរជន​នឹងមានឱកាសស្វែងយល់​ពីកាលានុវត្តភាព​ វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។

ឯកឧត្តមសង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់ថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​នេះ នឹងក្លាយជាចំណុច​ចាប់ផ្តើមដ៏ល្អមួយថែមទៀត​សម្រាប់បង្កើតភាពជាដៃគូរវាង​វិនិយោគិន ធុរជន និងកសិករ​ ដែលនិងចូលរួមចំណែកបង្កើតទីផ្សារបន្ថែម​ទៀតសម្រាប់កសិផលកម្ពុជា និងលើកកម្ពស់ជីវភាព​របស់ប្រជាកសិករ​ ដែលជាអ្នកផលិត”​។​

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍​ថា​​​ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ​គឺជាគំនិត​ផ្តួចផ្តើមមួយ​ ដែលតួអង្គពាក់ព័ន្ធទាំងអស់​ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម​មានឱកាសជួបប្រាស្រ័យទាក់ទងគ្នា​ ផ្លាស់ប្តូរមតិយោបល់​ បង្កើតភាពជាដៃគូ និងស្វែងរកឱកាស​ថ្មីៗ សម្រាប់ការធ្វើពាណិជ្ជកម្ម​ និងការវិនិយោគ​។

ដើម្បីសម្រេចនូវគោលដៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ​ផ្តល់អនុសាសន៍មួយចំនួនដល់តួអង្គពាក់ព័ន្ធ រួមមានក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន​ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម​ និងការវិនិយោគ​ក្នុងវិស័យកសិកម្ម​​៖

១) ការអនុវត្តសហគមន៍កសិកម្មទំនើប​ដើម្បីតម្រង់ទិស និងដើម្បីធានានិរន្តរភាព​នៃផលិតកម្ម​ ស្របតាមតម្រូវការនៃទីផ្សារ​ កាត់បន្ថយថ្លៃដើមផលិតដើម្បីបង្កើនភាពប្រកួតប្រជែង ​និងផ្សារភ្ជាប់ផលិតកម្ម​ទៅនឹងទីផ្សារ តាមរយៈផលិតកម្មកសិកម្ម​តាមកិច្ចសន្យា​ជាមួយតម្លៃសមរម្យ ដើម្បីធានាប្រាក់ចំណេញ​សម្រាប់ប្រជាកសិករ ក្រោមយន្តការភាពជាដៃគូ​កាន់តែរឹងមាំ​រវាងរដ្ឋ ឯកជន​ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទំនើប​។

២) បង្កើនការលើកទឹកចិត្ត​ ការគាំទ្រ ការប្រើប្រាស់ផលិតផល និងកសិផល​ខ្មែរ​ ដោយបង្កើនយុទ្ធនាការផ្សព្វផ្សាយ​ និងកម្មវិធីតាំងពិព័រណ៍ផលិតផល​ និងកសិផលខ្មែរ ឱ្យកាន់តែ​ញឹកញាប់ និងទូលំទូលាយថែមទៀត​ ទាំងនៅក្នុង និងខាងក្រៅប្រទេស​។

៣) បង្កើនការកែច្នៃកសិផល​ដើម្បីបង្កើតទីផ្សារបន្ថែម​សម្រាប់កសិផលនៅក្នុងស្រុកផង ព្រមទាំងបង្កើតការងារ​ និងតម្លៃបន្ថែមផង​ ដោយបង្កើនការកៀរគរ​អ្នកវិនិយោគក្នុងខ្សែច្រវាក់​តម្លៃកសិកម្ម​។ ការវិនិយោគកែច្នៃតាមស្តង់ដារ និងការផ្សព្វផ្សាយម៉ាក​ Make in Cambodiaនិងជួយទាក់ទាញ​វិនិយោគបន្ថែមទៀត​ និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់​។

៤) បង្កើនកិច្ចសហការ​កសាងកេរ្តិ៍ឈ្មោះកម្ពុជា​ ជាប្រទេសផ្គត់ផ្គង់ផលិតផល​ និងកសិផល ដែលមានគុណភាព​ សុវត្ថិភាព និងមេត្រីភាពបរិស្ថាន​ទៅកាន់ទីផ្សារក្នុងស្រុក និង​អន្តរជាតិ​។ ផលិតផល និងកសិផលរបស់កម្ពុជា​ មានគុណភាពល្អ​ ដូច្នេះយើងត្រូវប្រើប្រាស់​សក្តានុពលនេះ​ឱ្យអស់ពីលទ្ធភាព​ ដើម្បីបង្កើនការប្រកួតប្រជែង ​និងជំរុញកំណើនពាណិជ្ជកម្មផលិតផល និងកសិផលកម្ពុជា៕


photo_2026-10-06_11-30-06 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារ ARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ […]

image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ