ក្រុងសៅប៉ាវឡូ៖ យោងតាមទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសប្រេស៊ីល ត្រូវបានគេរំពឹងថា នឹងរក្សាតំណែងជាអ្នកនាំចេញសាច់គោធំជាងគេបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៥។
ការព្យាករណ៍ ដែលគិតត្រឹមខែមេសា ឆ្នាំ២០២៥ បានលើឡើងថា ប្រទេសប្រេស៊ីលនឹងនាំចេញសាច់គោចំនួន៣,៧៥លានតោន នៅក្នុងឆ្នាំ២០២៥នេះ។ ចំណែកប្រទេសជាប់លំដាប់ថ្នាក់បន្ទាប់ក្នុងការនាំចេញសាច់គោ នៅឆ្នាំ២០២៥ គឺប្រទេសឥណ្ឌា ដែលនាំចេញសាច់គោទៅកាន់សហរដ្ឋអាម៉េរិក និងអូស្ត្រាលី។
ទោះបីជាអាណត្តិទីពីររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trup)បានបង្កើនអត្រាពន្ធបដិការថ្មីជាច្រើន ហើយបានចូលជាធរមានហើយក៏ដោយ ក៏ទីផ្សារពាណិជ្ជកម្មសាច់គោ មិនមានការរំខានធំដុំណាមួយទេ ក្នុងរយៈពេលមួយឆ្នាំនេះ។
សហរដ្ឋអាម៉េរិកមិនត្រឹមតែជាអ្នកផលិត និងនាំចេញសាច់គោដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកទិញសាច់គោដ៏ច្រើនពីប្រទេសអូស្ត្រាលី ប្រេស៊ីល និងនូវែលសេឡង់ផងដែរ។
ប៉ុន្តែដោយសារតែអត្រាពន្ធដិការថ្មីរបស់លោក ដូណាល់ ត្រាំ ស្របពេលមានកង្វះខាតសាច់គោក្នុងស្រុក នៅឆ្នាំ២០២៥នេះ សហរដ្ឋអាម៉េរិកបានបន្តនាំចូលសាច់គោពីក្រៅប្រទេស។ ចាប់តាំងពីការដំឡើងពន្ធលើទំនិញរបស់ប្រេស៊ីលបានកើនឡើងរហូតដល់៥០ភាគរយ នៅដើមខែសីហា ឆ្នាំ២០២៥ ធ្វើឱ្យប្រទេសប្រេស៊ីល ត្រូវស្វែងរកអ្នកទិញផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក។
សព្វថ្ងៃនេះ ប្រទេសប្រេស៊ីល គឺជាប្រទេសនាំចេញសាច់គោធំជាងគេបំផុត ដោយផ្គត់ផ្គង់តម្រូវការលើពិភពលោកបាន២៣ភាគរយ ព្រមទាំងមានគោចំនួនជាង ២១៣,៦លានក្បាល។
ចំណែកការនាំចេញសាច់គោវិញ នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការរក្សាតម្លៃនៅទូទាំងវិស័យចិញ្ចឹមសត្វរបស់ប្រទេសប្រេស៊ីល។ នៅក្នុងឆ្នាំ២០២៥នេះ តម្រូវការសាច់គោប្រេស៊ីលនៅទូទាំងពិភពលោក នៅតែខ្ពស់ជាងគេ ដែលជួយគាំទ្រដល់ដំណើរការទីផ្សារទាំងមូល។
យោងតាមទិន្នន័យ បានឱ្យដឹងទៀតថា ប្រទេសប្រេស៊ីលទទួលបានប្រាក់ចំណូលពីការនាំចេញសាច់គោចំនួន៧,២ពាន់លានដុល្លារ រវាងខែមករា និងខែមិថុនា ឆ្នាំ២០២៥ ដែលកើនឡើង២៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
គ្រាន់តែនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ប្រាក់ចំណូលពីការនាំចេញសាច់គោ បានកើនឡើង៥០ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលគាំទ្រដោយការកើនឡើង២៣ភាគរយនៃបរិមាណ និងការកើនឡើង២២ភាគរយនៃតម្លៃនាំចេញ៕








