ប្រទេសអាឡឺម៉ង់៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ីស្ទើ សូមូជី (Eszter Somogyi) ក្រុមប្រឹក្សាភិបាលតំណាងទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និងទ្វីបអាហ្រ្វិករបស់សហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក។
ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដើម្បីពិនិត្យលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ គឺសហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក ដែលក្នុងនោះរួមមានដូចជាការផ្លាស់ប្តូរទិន្នន័យ របៀបនៃការគ្រប់គ្រង និងការដឹកនាំសមាជិកនៃសហព័ន្ធស្រូវអង្ករទាំងពីរផងដែរ។
ដោយឡែក កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់។
ជំនួបលើទឹកដីអាឡឺម៉ង់នោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងមានការសម្របសម្រួលពីលេខាធិការដ្ឋានសមាគម។
ឯកឧត្តម បាន លឹម បានជួបពិភាក្សាជាមួយលោកបណ្ឌិត អារ៉ាស អូនសូរ៊ី (Arash Onsori) ប្រធានធនាគារ អ៊ីអាយអេក និងលោក ថូម៉ាស ចាំង (Thomas Junge) នាយកគ្រប់គ្រងទូទៅរបស់ធនាគារ អ៊ីអាយអេក ប្រចាំប្រទេសអាឡឺម៉ង់ ដើម្បីផ្លាស់ប្តូរព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងសមាជិកភាពរវាងធនាគារទាំងពីរក្នុងនាមជាសមាជិកសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕