ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦,១ភាគរយ មក៤,៩ភាគរយសម្រាប់ឆ្នាំ២០២៥ និងពី៦,២ភាគរយ មក៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារ ADB កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។
នាយិកា ADBប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា “សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព”។
យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី៦,០ភាគរយក្នុងខែមករា មកត្រឹម១,៦ភាគរយ ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២,0ភាគរយទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង២២,២ភាគរយ ឆ្នាំលើឆ្នាំសម្រាប់ឆមាសទីមួយ ឆ្នាំ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាម៉េរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាម៉េរិកដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថា នឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមកនៅត្រឹម១៩ភាគរយរបស់អាម៉េរិកលើការនាំចូលពីកម្ពុជា។
កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថា នឹងថមថយមកត្រឹម២,៨ភាគរយ ក្នុងឆ្នាំ២០២៥ និង២,៦ភាគរយ ក្នុងឆ្នាំ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៥ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃ ដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។
វិស័យកសិកម្មត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ១,១ភាគរយ ក្នុងឆ្នាំ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបានត្រឡប់មកពីប្រទេសថៃវិញ ក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១ភាគរយឆ្នាំលើឆ្នាំនៅឆមាសទីមួយ ឆ្នាំ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕