ផលិតផលក្នុងស្រុកទទួលបានគាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥

IMG_0063 (3)

ដោយ៖ ឡុង សារេត

រាជធានីភ្នំពេញ៖ ផលិតផលកែច្នៃដោយក្រុមហ៊ុន និងសហគ្រាស់ក្នុងស្រុក ដែលបានចូលរួមដាក់តាំងនៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញានេះ ទទួលបានសន្ទុះការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យអាជីវករសប្បាយចិត្តដោយនឹងស្មានមិនដល់គ្រប់គ្នា។

លោក អ៊ួន ឈាន ប្រធានសិប្បកម្ម សិរិហ្វាម បានឱ្យដឹងថា ព្រឹត្តិការណ៍ផលិតផលខ្មែរឆ្នាំ២០២៥នៅថ្ងៃដំបូង លោកសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានមកចូលរួមដាក់លក់ផលិតផល ទទួលបានសន្ទុះនៃការគាំទ្រមានការកើនឡើងខ្លាំង ហើយនៅថ្ងៃទី២និងថ្ងៃទី៣ នឹងមានប្រជាពលរដ្ឋចូលរួមច្រើនថែមទៀត ដើម្បីលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិតនៅផលិតផលប្រកបដោយគុណភាពឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ជំនួសការនាំចូលផលិតផលមកពីខាងក្រៅ។

លោក អ៊ួន ឈាន លើកឡើងថាបន្ទាប់ពីកម្ពុជាមានបញ្ហាជាមួយនិងប្រទេសជិតមួយរយៈកន្លងមកនេះ បានធ្វើឱ្យប្រជាជនខ្មែរមានគំនិតជាតិនិយមចង់ប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ហើយឈប់ប្រើប្រាស់ផលិតផលនាំចូលពីប្រទេសជិតខាង ដែលកំពុងឈ្លានពានកម្ពុជា  ដោយងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ។

ក្នុងនាមជាអ្នកកែច្នៃកសិផលម្នាក់ លោកចង់ឱ្យប្រជាជនខ្មែរបន្តលើកទឹកចិត្តដល់សិប្បិកម្ម និងសហគ្រាសកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចំណែកអ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម ហេងហ៊ត់ បានឱ្យដឹងថា “ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះ មានសារៈសំខាន់សម្រាប់ពួកខ្ញុំ ដែលជាអ្នកផលិត មានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងថា ខ្មែរយើងអាចផលិតបាននៅផលិតផលស៊ឹងតែគ្រប់ប្រភេទហើយ។ ដូច្នេះសូមឱ្យបងប្អូនខ្មែរយើងចូលមកជួយគាំទ្រផលិតផលជាតិយើងវិញ”។

បើតាមអ្នកស្រីបានឱ្យដឹងទៀតថា ការលក់ផលិតផលនៅថ្ងៃទី១ អាជីវករអាចលក់ដាច់គ្រប់គ្នា ព្រោះមានពលរដ្ឋចូលមកទស្សនាពិព័រណ៍ច្រើន បង្ហាញឱ្យឃើញនៅគំនិតជាតិនិយមលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខុសប្លែកពីមុនៗ ការតាំងពិព័រណ៍កន្លងមកមិនធ្លាប់មានពលរដ្ឋចូលរួមច្រើនកុះករបែបនេះនោះទេ។

អ្នកស្រីបញ្ជាក់ថា “សម្រាប់ខ្ញុំ ពិព័រណ៍ផលិតផលខ្មែរនៅថ្ងៃចាប់ផ្តើមដំបូងនេះ មានការសប្បាយចិត្ត រីករាយជាខ្លាំង ព្រោះលក់ផលិតផលបានច្រើន។ មានមុខទំនិញខ្លះបានលក់ដាច់អស់ពីស្តុក ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលផលិតផលមកពីក្រៅប្រទេសទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ ដូច្នេះក្នុងនាមជាម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុកមួយរូប សូមសំណូមពរដល់រាជរដ្ឋាភិបាលបង្កើតកម្មវិធីតាំងពិព័រណ៍បែបនេះឱ្យច្រើនដងក្នុងមួយឆ្នាំៗ ដើម្បីផ្សព្វផ្សាយប្រាប់ទៅប្រជាពលរដ្ឋថា ខ្មែរយើងធ្វើបាន”។

ស្រដៀងជាមួយគ្នានេះដែរ, អ្នកស្រី សួន សុភាព អាជីវករលក់នំខ្មែរ និងអ្នកស្រី ទេល ស្រីណាត អាជីវករលក់ណែមបានបង្ហាញអំពីភាពភ្ញាក់ផ្អើល ដោយមិននឹកស្មានថា ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ រយៈពេលបីថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រច្រើនលើសលប់បែបនេះនោះទេ គឺខុសប្លែកពីការរៀបចំពិព័រណ៍ឆ្នាំំមុនៗ។

គួរជម្រាបជូនផងដែរថា នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ កាលថ្ងៃទី១១ ខែកញ្ញា, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិកនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុតតូច និងមធ្យមនៅកម្ពុជាមានប្រសាសន៍ថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នានា ដូចជាការតាំងពិព័រណ៍ ការបង្កើតវេទិកាកិច្ចពិភាក្សានានាដើម្បីឱ្យអ្នកប្រើប្រាស់ក្នុងស្រុកកាន់តែយល់ច្បាស់នូវគុណភាព សុវត្ថិភាព និងលទ្ធភាពក្នុងការផលិត។ តួយ៉ាងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច មធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនៅកម្ពុជាបានរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរនៅថ្ងៃនេះឡើង គឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជនចូលរួមប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង និងជាផ្នែកមួយក្នុងការលើកទឹកចិត្តបន្ថែមដល់សហគ្រាសក្នុងស្រុក ក្នុងការខិតខំពង្រីក និងពង្រឹងផលិតផលឱ្យកាន់តែប្រសើរឡើងទាំងគុណភាព សុវត្ថិភាពនិងបរិមាណ។

ឧកញ៉ាលើកឡើងថា “ប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយទីផ្សារសេរី និងជាសមាជិកនៃអង្គការពាណិជ្ជកម្ម WTO យើងមិនអាចបដិសេធការនាំចូលផលិតពីបរទេសបាននោះទេ ហើយគ្រប់ប្រទេសនៅលើសកលលោកទាំងអស់ គឺតម្រូវឱ្យមានការនាំចេញ និងនាំចូល ដើម្បីបម្រើទៅដល់សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។ ប៉ុន្តែអ្នកប្រើប្រាស់មានសិទ្ធក្នុងការជ្រើសរើសនូវផលិតផលណា ដែលខ្លួនពេញចិត្ត ដើម្បីលើកទឹកចិត្ត និងជំរុញស្មារតីស្រលាញ់ និងប្រើប្រាស់ផលិតផលជាតិខ្លួនឱ្យបានកាន់តែច្រើន ហើយអាចជំនួសផលិតផលនាំចូល”។

ឧកញ៉ាបន្តថា ក្នុងឱកាសនេះ, ខ្ញុំសូមលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវតែខិតខំប្រឹងប្រែង និងពង្រីកសមត្ថភាពក្នុងការផលិតរបស់ខ្លួនឱ្យស្របតាមស្តង់ដារ ដើម្បីបំពេញតម្រូវការទីផ្សារ ជាពិសេសនៅពេលមានការប្រែប្រួលគោលនយោបាយពាណិជ្ជកម្ម ទោះបីជាមានការបិទមិនឱ្យនាំចូលផលិតផលពីប្រទេសណាមួយក៏ដោយ កម្ពុជានៅតែមានសមត្ថភាពផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ថែមទាំងអាចនាំចេញដោយមិនពឹងផ្អែកលើទំនិញពីបរទេសឡើយ។

ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍សង្កត់ធ្ងន់ថា “សូមបងប្អូនប្រជាជនខ្មែរជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្នុងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុកនេះ នឹងជួយជំរុញស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមឱ្យខិតខំបង្កើនផលិតភាព និងស្តង់ដារនៃការប្រកួតប្រជែង និងបង្កើននូវភាពជឿជាក់លើគុណភាពផលិតផលខ្មែរកាន់តែច្រើនឡើង”។

បើយោងតាមឧកញ៉ា តែ តាំងប៉ ការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះមានជាង៣០០ស្តង់មកពី២៥រាជធានីខេត្ត ក្នុថគោលដៅជំរុញទីផ្សារផលិតផលខ្មែរ និងបង្កើនការគាំទ្រ ព្រមទាំងការលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុកឱ្យខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យមានស្តង់ដារគុណភាពកាន់តែប្រសើរ។ ជាពិសេស គឺការចាប់យកម៉ាស៊ីនស្វ័យប្រវត្តិយកមកបំពាក់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់ខ្លួន សម្រាប់បង្កើនបរិមាណផលិតផល និងគុណភាពផលិតផល ដើម្បីឈានដល់ការប្រកួតប្រជែង និងឈានទៅជំនួសនូវចំណែកទីផ្សារនៃផលិតផលនាំចូលមកពីក្រៅប្រទេស៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ