ឯកឧត្តមបណ្ឌិត កៅ ថាច​ អញ្ចើញចែករំលែក​ទស្សនៈទាន ស្តីពី «និន្នាការវិវត្ត​ និងសក្តានុពល​នៃវិស័យស្រូវអង្ករកម្ពុជាក្នុងទីផ្សារ​តំបន់​ -សកល​»

photo_2025-08-26_18-45-27

រាជធានីភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៥ បានអញ្ចើញ​ចូលរួម​ក្នុងកម្មវិធីបិទ​មហាសន្និបាត​សហព័ន្ធស្រូវអង្ករកម្ពុជា​ អាណត្តិទី៤ និងការបោះឆ្នោត​ជ្រើសរើសប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល​ អាណត្តិទី៥ របស់សហព័ន្ធស្រូវអង្ករកម្ពុជា​​ ដោយបានចែករំលែក​នូវទស្សនៈទានស្តីពី «និន្នាការវិវត្ត​ និងសក្តានុពល​នៃវិស័យស្រូវអង្ករកម្ពុជាក្នុងទីផ្សារ​តំបន់ -សកល​» និងជំហរ​នៃការបន្ត​គាំទ្រ​ដល់វិស័យស្រូវអង្ករ​កម្ពុជា ​ក្នុងក្របខណ្ឌធនាគារ ARDBដែលបាននិងកំពុងបន្តអនុវត្តផ្តល់ឥណទាន និងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា។

ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត កៅ ថាច​ បានមានប្រសាសន៍លើកឡើង​ថា ​ស្ថិតក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មតំបន់ និងសកស, វិស័យស្រូវអង្ករ នៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់សន្តិសុខស្បៀង, ចូលរួមរក្សានូវកម្រិតជីវភាពសមរម្យរបស់ប្រជាកសិករ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងតម្រូវការអង្ករសកលសម្រាប់បរិភោគ និងសម្រាប់កែច្នៃ នៅតែបន្តមាននិន្នាការកើនឡើងពោលគឺកើនឡើងប្រមាណពី៥២៩លានតោន ក្នុងឆ្នាំ២០២៣-២០២៤ ដល់៥៤០ លានតោន ក្នុងឆ្នាំ ២០២៤-២០២៥ និងរំពឹងថា នឹងកើនឡើងដល់៥៤៩លានតោន ក្នុងឆ្នាំ២០២៥-២០២៦, យោងតាមទិន្នន័យ Food Outlook ឆ្នាំ២០២៥របស់អង្គការស្បៀងអាហារ និងកសិកម្ម -FAO, ដែលក្នុងនោះតំបន់អាស៊ី ដូចជាប្រទេសចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, បង់ក្លាដេស, និងប្រទេសវៀតណាម មានតម្រូវការប្រើប្រាស់ប្រមាណ៨០ភាគរយ នៃតម្រូវការប្រើប្រាស់សរុប និងប្រមាណ២០ភាគរយនៅតំបន់អាម៉េរិក អឺរ៉ុប អាហ្វ្រិក និងអូសេអានី។

បន្ថែមពីនេះ, គិតត្រឹមខែកក្កដា ក្នុងឆ្នាំ២០២៥នេះ, ប្រទេសចិន បានប្រើប្រាស់អង្ករប្រមាណ ១៩២,៨លានតោន, ឥណ្ឌា១៤០,៣លានតោន, ឥណ្ឌូនេស៊ី៥១,៨លានតោន, បង់ក្លាដេស៤២,២លានតោន, ហ្វីលីពីន២២,៥លានតោន, និងវៀតណាម ប្រមាណ ២២,៤លានតោន។ នេះបើយោងតាមទិន្នន័យ Straits Research របស់ប្រទេសឥណ្ឌា។

ឯកឧត្តមបណ្ឌិតបន្តទៀត​ថា​ បើក្រឡេកមើលលើការផ្គត់ផ្គង់ស្រូវអង្ករវិញ, ក្នុងឆ្នាំ២០២៤ តំបន់អាស៊ី គឺជាតំបន់បាននាំចេញអង្ករច្រើនជាងគេនៅក្នុងពាណិជ្ជកម្មអង្ករពិភពលោក ដោយបានរួមចំណែកចំនួន៧៩,៩ភាគរយ គិតជាទំហំសាច់ប្រាក់៣១,២ពាន់លានដុល្លារ នៃតម្លៃពាណិជ្ជកម្មសរុប និងតំបន់អឺរ៉ុប ៧,១ភាគរយ អាម៉េរិកខាងជើង៦,៤ភាគរយ និងអាម៉េរិកឡាទីន៥,៥ភាគរយ អូសេអានី០,៦៣ភាគរយ និងអាហ្វ្រិក០,៥៥ភាគរយ ក្នុងនោះប្រទេសឥណ្ឌា បាននាំចេញប្រមាណ៣០,៣ភាគរយ, ថៃ១៦,៣ភាគរយ, ប៉ាគីស្ថាន១០,៧ភាគរយ, វៀតណាម១៤,២ភាគរយ និងប្រទេសកម្ពុជា៤,៨ភាគរយជាដើម។

ឯកឧត្តមបណ្ឌិតប្រតិភូសង្កត់ធ្ងន់ថា តាមការសង្កេតជាក់ស្តែង, វិស័យស្រូវអង្ករពិតជាបានចូលរួមចំណែកផ្តល់ជាតម្លៃបន្ថែម ក្នុងការគាំទ្រទៅលើវិស័យមួយចំនួនផ្សេងទៀត ដូចជាវិស័យកសិ-ឧស្សាហកម្មកែច្នៃ ចំណី អាហារ, វិស័យចិញ្ចឹមសត្វ, និងវិស័យថាមពលជាដើម។ ជាឧទាហរណ៍, ចុងអង្ករ ឬអង្ករបាក់ អាចយកមកផលិតជាគុយទាវ/មី, កន្ទក់ដែលសល់មកពីការកិនកែច្នៃស្រូវទៅជាអង្ករ អាចយកមកផលិតជាចំណីមនុស្ស ឬសត្វ, អង្កាមអាចយកមកផលិតជាជីធម្មជាតិ ឬជីវឧស្ម័នសម្រាប់ប្រើប្រាស់ ឬផលិតកម្មឧស្សាហកម្មអេតាណុលជាដើម។

តាមបណ្តាប្រទេសជឿនលឿនមួយចំនួន ដូចជាប្រទេសឥណ្ឌា ចិន ជប៉ុន និងប្រទសឥណ្ឌូណេស៊ី ជាដើមបានយកអង្ករ កែច្នៃជាប្រេងសម្រាប់ចម្អុិនអាហារ និងប្រេងសម្រាប់ថែរក្សាស្បែក ឬផលិតផលផ្សេៗទៀតជាច្រើនប្រភេទ។ ការកើនឡើងនៃតម្រូវការស្រូវអង្ករនៅក្នុងតំបន់ និងសកលលោកនេះ បានឆ្លុះបញ្ចាំងអំពីកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការបន្តបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញស្រូវអង្ករទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។ លើសពីនេះ, ការធ្វើពិពិធកម្មផលិតកម្ម និងការប្រើប្រាស់ និងការធានានូវចីរភាពផលិតកម្មស្រូវអង្ករ នឹងជួយបង្កើនប្រសិទ្ធ​ -ភាពការផលិត និងគុណភាពស្រូវអង្ករ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍កសិកម្ម ​ក៏ដូចជាការកំណត់គោលដៅទីផ្សារ ដែលមានតម្លៃខ្ពស់។

ដូច្នេះហើយ, យើងចាំបាច់ពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ ​​ស្រូវអង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទ និងនិន្នាការទីផ្សារក្នុងតំបន់ និងពិភពលោក ជាពិសេសគោលការណ៍ ESG (Environment, Social and Governance) និងឧត្តមានុវត្តន៍ កសិកម្មប្រកបដោយចីរភាព។

​ឯកឧត្តមបណ្ឌិត កៅ ថាច​ មានប្រសាសន៍គូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមគាំទ្រដល់វិស័យស្រូវអង្ករតាំងពី ឆ្នាំ១៩៩៨មកម៉្លេះ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម កសិកម្មជាទុនបង្វិល និងទុនវិនិយោគ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសំពាធឥណទានទៅលើវិស័យស្រូវអង្ករ ប្រមាណជា២០០លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណជា៤១ភាគរយ នៃសពាធឥណទានសរុប។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងនៅតែបន្តគាំទ្រដល់វិស័យមួយនេះរហូតដល់គោលដៅកំណត់របស់រាជរដ្ឋាភិបាល និងសម្រេចបាននូវចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា/ប្រមុខរដ្ឋស្តីទីនាពេលបច្ចុប្បន្ននេះ គឺការនាំចេញអង្ករឱ្យបានមួយលានតោនក្នុងមួយឆ្នាំ និងសូមផ្តល់ជាទស្សនវិស័យមួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា និងម្ចាស់រោងម៉ាស៊ីនកិនកែច្នៃអង្ករ៖

(១) សព័ន្ធស្រូវអង្ករ​ត្រូវតែពង្រឹងការកៀគរ និងការគ្រប់គ្រងហិរញ្ញវត្ថុ តម្លាភាព និងគណនេយ្យភាព សំដៅធ្វើឱ្យសហព័ន្ធស្រូវអង្ករឯករាជ្យផ្នែកហិរញ្ញវត្ថុពេញលេញ។

(២) ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពកសិករដើម្បីឱ្យក្លាយជាកសិករសហគ្រិន និងវិស័យស្រូវអង្ករទាំងមូល តាមរយៈការធ្វើស្ថាប័នីយកម្មលើការងារអភិវឌ្ឍពូជស្រូវ,ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គតង់ជីកសិកម្ម និងថ្នាំពុលកសិកម្ម ប្រកប ដោយគុណភាព, អភិវឌ្ឍនិងធ្វើពិពាធកម្មទីផ្សារ, ផ្នែកសហគមន៍កសិកម្ម និងកិច្ចសន្យាកសិកម្ម, ផ្នែកកែច្នៃ និងស្តង់ដាផលិតកម្មកែច្នៃ និងចីរភាព កសិកម្ម និងការដាំដុះ និងកិន-កែច្នៃដែលបញ្ចេញឧស្ម័នកាបូនិកទាបទៅក្នុងបរិយាកាស។

(៣)សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្តនូវបេសកកម្មរបស់ខ្លួន និងអនុវត្តការងារឱ្យកាន់ តែមានប្រសិទ្ធភាព ក្នុងការគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ សំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសជំរុញនាំចេញអង្ករ អោយបាន១លានតោនក្នុង១ឆ្នាំ។

(៤) សូមសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកទាំងអស់ បន្តអនុវត្តនូវស្មារតីសាមគ្គីភាព ស្មារតីចែករំលែក និងស្មារតីជួយគ្នាទៅវិញទៅមក ឱ្យដូចនឹងពាក្យ ខ្មែរតែមួយ។

(៥) ម្ចាស់រោងម៉ាស៊ីនកិនកែច្នៃស្រូវអង្ករទាំងអស់ និងក្រុមហ៊ុននាំចេញអង្ករ គួរអភិវឌ្ឍខ្លួនឆ្ពោះទៅរក Stage II Business។  Stage II Business ឬអាចហៅម្យ៉ាងទៀត ថា Growth Stage សំដៅដល់ដំណាក់កាលមួយដែលអាជីវកម្មទាមទារឱ្យមានការផ្លាស់ប្តូរទៅរកការពង្រីកវិសាលភាពប្រតិបត្តិការ, ការពង្រីកវិសាលភាពទីផ្សារ, ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងដំណើរការផ្ទៃក្នុង, និងការពង្រឹងភាពប្រកួតប្រជែងជាដើម។ ម្ចាស់រោងម៉ាស៊ីនកិនកែច្នៃស្រូវអង្ករ អាចពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួនទៅលើការកែច្នៃ និងប្រើប្រាស់ឱ្យអស់លទ្ធភាព នូវបំណែកផ្សេងៗ ដែលនៅសល់ពីការកិនស្រូវទៅជាអង្ករ។

(៦) សូមម្ចាស់រោងម៉ាស៊ីនកិនកែច្នៃស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ ធ្វើការវិនិយោគសម្រាប់អនាគត ​ ដែលជាការវិនិយោគមួយ ដែលមិនត្រឹមតែទទួលផលចំណេញសម្រាប់ពេលបច្ចុប្បន្ននោះទេ ប៉ុន្តែថែមទាំងផ្តល់ផលចំណេញដល់អ្នកជំនាន់ក្រោយ ដែលជាកូនជាចៅ ឬចៅទួតរបស់របស់យើង ដែលក្នុងនោះមានមរតកជាជំនាញ, គុណតម្លៃ, និងចក្ខុវិស័យ ក៏ដូចជាចីរភាពបរិស្ថាន សំដៅរួមគ្នាកសាងជាតិយើងឱ្យកាន់តែមានបរិយាប័ន្ន, មានចីរភាព, មានភាពប្រកួតប្រជែងខ្ពស់, និងមានភាពធន់នឹងកត្តាខាងក្រៅ។

(៧) សូមម្ចាស់រោងម៉ាស៊ីនកិនកែច្នៃស្រូវអង្ករ និងកសិករ ត្រូវទទួលយកទស្សនាទានថា តួរអង្គទាំងពីរប្រៀបបានដូចទឹកនិងត្រី ដែលមិនអាចបាត់បង់តួរអង្គណាមួយបានទេ ដូច្នេះ សូមមេត្តាបន្តការប្រមូលទិញស្រូវពីប្រជាកសិករជាប្រចាំឱ្យអស់លទ្ធភាពក្នុងតម្លៃសមរម្យណាមួយ ដែលអនុញ្ញាតឱ្យភាគីទាំងអស់ក្នុងខ្សែច្រវាក់តម្លៃ ស្រូវអង្ករទទួលបានផលចំណេញគ្រប់ៗគ្នា៕ ដោយ ឡុង សារេត​


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ