រដ្ឋមន្ត្រីម៉ាឡេស៊ី​ចង់ឱ្យភ្ញៀវអាចហូបទុរេនក្នុង​សណ្ឋាគារបាន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

image_2025-07-31_16-02-54

កូឡាឡាំពួរ៖ កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ី បានអំពាវនាវដល់បណ្តាម្ចាស់សណ្ឋាគារ ក្នុងប្រទេសម៉ាឡេស៊ី គួរអនុញ្ញាតឱ្យភ្ញៀវអាចយកទុរេនចូលទៅហូបក្នុងបរិវេណកន្លែងស្នាក់នៅ ដើម្បីជួយលើកកម្ពស់កេរ្តីឈ្មោះផ្លែទុរេនរបស់ខ្លួន់។

លោក ម៉ូហាម៉ាដ សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ី ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ពិភពទុរេនប្រចាំឆ្នាំ២០២៥ បានលើកឡើងថា វិធីនេះល្អលើសពីយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មទៅទៀត ព្រោះវាជាការប្រារព្ធកម្មវិធីវប្បធម៌មួយ ដែលប្រែក្លាយសណ្ឋាគារឱ្យទៅជាគោលដៅបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសម៉ាឡេស៊ី។ សណ្ឋាគារក៏អាចជាកន្លែងសម្រាប់លក់ផលិតផលកែច្នៃពីផ្លែទុរេនបានដែរ ដើម្បីភ្ញៀវអាចទិញទទួលទានបាន ដូចជាការ៉េមរសជាតិទុរេនជាដើម។

លោករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហការបន្ថែមទៀតរវាងម្ចាស់ចម្ការ សណ្ឋាគារ និងអ្នកនាំភ្ញៀវទេសចរណ៍ ដើម្បីជួយលើកកម្ពស់ទម្រង់របស់ប្រទេសម៉ាឡេស៊ី នៅលើឆាកអន្តរជាតិ តាមរយៈទេសចរណ៍ទុរេន។

ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​ បាន​កើត​ឡើង​ខណៈ​ផ្លែ​ទុរេនម៉ាឡេស៊ី ​ជាពិសេសពូជ មូសាងឃីង កំពុង​ក្លាយ​ជា​កត្តា​សំខាន់សម្រាប់ជួយជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេសម៉ាឡេស៊ី ដោយសារផ្លែទុរេនរបស់ខ្លួនត្រូវបានគេទទួលស្គាល់ថា ពិតជាមានរសជាតិឆ្ងាញ់ដាច់គេនៅក្នុងតំបន់។

ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ី បានកើនឡើងជាង២៥ភាគរយ ពីទំហំទឹកប្រាក់ប្រមាណ៨២២,៨លានរីងគីត ឬស្មើនឹង១៩៤លានដុល្លារ ក្នុងឆ្នាំ២០១៨ បានកើនដល់១,៥១ពាន់លានរីងគីត ឬស្មើនឹង២៤៧លានដុល្លារ ក្នុងឆ្នាំ២០២៣។ កាលពីឆ្នាំ២០២៤ ប្រទេសម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងមួយក្នុងការអនុញ្ញាតឱ្យនាំចេញផលិផលផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ដែលកាលពីមុនអនុញ្ញាតចំពោះតែផ្លែទុរេនបង្កកប៉ុណ្ណោះ។

ផ្លែទុរេន​ មូសាងឃីង របស់ប្រទេសម៉ាឡេស៊ី ក៏​កំពុង​តែជួយ​ទាក់ទាញភ្ញៀវ​ទេសចរណ៍យ៉ាងខ្លាំង​ផង​ដែរ ដែលនៅក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ឆ្នាំ២០២៤-២០២៥ បានរាប់បញ្ចូលការលើកទឹកចិត្តភ្ញៀវឱ្យទទួលទានផ្លែទុរេនដោយមិនគិតថ្លៃផងដែរ។ ចំណែកកាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៣ មានចំនួនជាង២៥០លានដុល្លារ គឺកើនឡើងលើសពីឆ្នាំ២០២២ ដោយសារវិស័យផ្លែឈើនេះផងដែរ។

នៅតាមបណ្តាសណ្ឋាគារជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ធំៗ ដូចជានៅក្នុងទីក្រុង កូឡាឡាំពួ ទីក្រុងប៉េណាំង និងទីក្រុង មេឡាកា​ បម្រាមមិនឱ្យទទួលទាន​ ឬនាំយកផ្លែទុរេន “No Durian” ចូលក្នុងសណ្ឋាគារ នៅតែតឹងតែងដដែល។

ដោយមើលឃើញថា ការផ្ដល់យោបល់របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ម៉ាឡេស៊ី បានបង្កឱ្យមានប្រតិកម្មចម្រុះតាមបណ្តាញទំនាក់ទំនងសង្គម ដោយអ្នកខ្លះលើកឡើងថា មិនមែនមនុស្សគ្រប់គ្នាចូលចិត្តក្លិនធុរេនទេ។ ចំណែកអ្នកខ្លះទៀត បាននិយាយចំអកថា បើលោករដ្ឋមន្ត្រីចង់អនុញ្ញាតឱ្យភ្ញៀវអាចទទួលទានផ្លែទុរេនក្នុងបន្ទប់សណ្ឋាគារបាន លុះត្រាតែលោករដ្ឋមន្ត្រីបង្កើតសណ្ឋាការរបស់ខ្លួន ហើយចង់ធ្វើម៉េចក៏បានដែរ។ រីឯអ្នក​រិះគន់​ខ្លះ​ទៀត ​ដែល​អះអាង​ថា ជា​ស្រឡាញ់ចូលចិត្តទទួលទាន​ផ្លែ​ទុរេន បាន​យល់​ស្របចំពោះមតិជំទាស់​ដោយ​ពន្យល់​ថា ក្លិន​ទុរេន​អាច​នៅ​ជាប់​ក្នុងបន្ទប់បាន​រាប់​ម៉ោង ទោះ​បី​មាន​ខ្យល់​ចេញ​ចូល​ក៏​ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានសម្តែងការគាំទ្រចំពោះគំនិតនេះ ព្រមទាំងផ្តល់យោបល់អំពីរបៀប ដែលវាអាចធ្វើបានក្នុងការអនុវត្តជាក់ស្តែង។

អ្នកគាំទ្រម្នាក់ បានលើកជាយោបល់ថា «ប្រសិនបើយើងអាចទៅចម្ការធុរេន ហូបផ្លែធុរេន ហើយត្រឡប់ទៅសណ្ឋាគាររបស់យើងវិញបាន ហេតុអ្វីមិនបង្កើតបន្ទប់ពិសេសមួយនៅខាងក្នុងសណ្ឋាគារ ដើម្បីឱ្យភ្ញៀវហូបម៉ាសប្បាយមិនបាន?»។

ពាក់ព័ន្ធនឹងករណីទទួលទានផ្លែទុរេននេះ សណ្ឋាគារមួយនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចាត់វិធានការវិន័យលើភ្ញៀវទេសចរណ៍ជនជាតិចិនម្នាក់យ៉ាងចាស់ដៃ រហូតធ្វើឱ្យផ្អើលពេញប្រទេសចិន បន្ទាប់ពីផាកពិន័យភ្ញៀវម្នាក់នោះអស់ប្រាក់ចំនួន២០០ដុល្លារសិង្ហបុរី ឬស្មើនឹង១៥៥ដុល្លារអាមេរិក ពីបទយកផ្លែរទុរេនបរិភោគក្នុងបន្ទប់សណ្ឋាគារផ្កាយបួន៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ