ភ្នំពេញ៖ ឯកឧត្តម សំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជាថ្មីៗនេះបានផ្សព្វផ្សាយថ្នាក់តំបន់លើកទី២ ស្តីពីដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា។
ការផ្សព្វផ្សាយនេះ ត្រូវបានរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកពេជ្រាដា ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដមណ្ឌលគិរី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំងបី រួមមាន មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា គោលបំណងបន្តផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំគោលនយោបាយម្រេចកម្ពុជា និងប្រមូលធាតុចូល អនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំគោលនយោបាយនេះ មានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដែលនឹងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លើសពីនេះចំណុចសំខាន់នៃការរៀបចំគោលនយោបាយម្រេចកម្ពុជា ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ និងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
សម្រាប់គោលនយោបាយជាតិម្រេចនេះ គឺមានលក្ខណៈមិនខុសគ្នាពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី ប៉ុន្មានឡើយ។ ពោលគឺគោលនយោបាយទាំងនេះ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ កាត់បន្ថយថ្លៃដើម បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម ជំរុញការវិនិយោគ និងជំរុញការនាំចេញជាដើម។
ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុនផ្គត់ផ្គង់ផលិត សេវាកម្មក្នុងវិស័យកសិកម្មឧស្សាហកម្ម រួមគ្នាអនុវត្តគោលនយោបាយជាតិ ស្តីពីម្រេចនេះ នឹងធ្វើឱ្យវិស័យម្រេចកម្ពុជាកាន់តែរីកចម្រើន ខណៈពេលប្រទេសកម្ពុជាកំពុងបើកទីផ្សារសេរីជាមួយប្រទេសកលើពិភពលោកជាបន្តបន្ទាន់។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រឹមតែរយៈពេលប្រាំខែ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញម្រេច ជិត៨ ០០០តោន ធ្លាក់ចុះ ១១,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់១៧ ០០០តោន ទៅ២០ ០០០តោន លើផ្ទៃដីជាង៦ ០០០ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅចេញកាន់ប្រទេសវៀតណាមប្រមាណ៨០ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕