ហ្សាកាតា៖ មន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងនាំចូលគោយកទឹកដោះពីបរទេសប្រមាណមួយលានក្បាល ក្នុងផែនការបង្កើតលទ្ធភាពផ្គត់ផ្គង់ទឹកដោះគោដល់ប្រជាជនខ្លួនឯងឱ្យបានគ្រប់គ្រាន់ នៅត្រឹមឆ្នាំ២០២៩។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបស់ចិន បានរាយការណ៍ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើមសប្តាហ៍នេះបានឱ្យដឹងថា លោក អាគុង សូកាន់ដា (Agung Sukanda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ នៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បានបង្ហាញថា រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលបំណងផលិតទឹកដោះគោឱ្យបានគ្រប់គ្រាន់ដោយខ្លួនឯង នៅត្រឹមឆ្នាំ២០២៩ ហើយគ្រោងនឹងនាំចូលគោយកទឹកដោះគោចំនួនមួយលានក្បាល ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចូលផែនការបង្កើនផលិតកម្មទឹកដោះគោជាតិ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងបានរៀបចំផែនការមេសម្រាប់ធ្វើលទ្ធកម្មទឹកដោះគោស្រស់ ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។
ប្រទេសឥណ្ឌូនេស៊ីត្រូវការនាំចូលគោយកទឹកដោះគោចំនួនមួយលានក្បាល ពីបរទេសដើម្បីសម្រេចបាននូវគោលដៅផលិតទឹកដោះគោក្នុងស្រុក។ ក្រៅពីការនាំចូលគោទឹកដោះគោ ក្រសួងកសិកម្មឥណ្ឌូណេស៊ីក៏កំពុងជំរុញការបង្កើនផលិតកម្មទឹកដោះគោ រួមទាំងគោយកទឹកដោះ តាមរយៈកម្មវិធីបង្កាត់ពូជសិប្បនិម្មិតផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តដល់កសិករក្នុងស្រុក ត្រូវខិតខំចិញ្ចឹមសត្វគោយកទឹកដោះប្រសើរជាងការនាំចូលពីបរទេស ដើម្បីលើកកម្ពស់គុណភាពផលិតទឹកដោះក្នុងប្រទេស។
ឧស្សាហកម្មទឹកដោះគោរបស់ឥណ្ឌូនេស៊ីកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យមានការកើនឡើងនៃតម្រូវការក្នុងស្រុក និងបង្កើតបានជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ទោះបីជាបញ្ហាប្រឈមខ្លះៗក៏ដោយ ដូចជាការពឹងផ្អែកលើការនាំចូលទឹកដោះគោ និងផលិតកម្មក្នុងស្រុកនៅមានកម្រិតទាបក៏ដោយ។
តម្រូវការទឹកដោះគោសម្រាប់មនុស្សម្នាក់របស់ឥណ្ឌូនេស៊ីមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នៅពេលខាងមុខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការនេះ។
យោងទិន្នន័យស្ថិតិ បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងមានប្រជាជនសរុបប្រហែល២៨៥,៧ លាននាក់ ដែលធ្វើឱ្យឥណ្ឌូណេស៊ីជាប្រទេសមានប្រជាជនច្រើនជាងគេទីបួន ក្នុងពិភពលោក៕