បាត់ដំបង៖ អតីតកម្មករចំណាកស្រុកនៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ពេលនេះបាននិងកំពុងចាប់យកការដាំបន្លែសាឡាត់ស្រួយ ពូជបរទេសជាច្រើនប្រភេទ ក្នុងផ្ទះសំណាញ់ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកសិករជាច្រើនផ្សេងទៀតធ្វើការដាំប្រភេទបន្លែស្ពៃ។
កសិករ ទិត អឿន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានសាងសង់ផ្ទះសំណាញ់ពីរខ្នង បានរៀបរាប់ថា ការដាំបន្លែសាឡាត់ស្រួយពូជបរទេសនេះ នៅឆ្នាំ២០២៣ ហើយការដាំដុះបន្លែបែបសរីរាង្គនេះ នៅក្នុងឆ្នាំទីមួយ និងឆ្នាំទី២ បានជួបការលំបាកច្រើន ដោយខែខ្លះដាំហើយលក់មិនអស់នៅសល់ចែកចាយឱ្យបងប្អូននៅក្នុងភូមិបរិភោគ។ ប៉ុន្តែក្រោយពេលបង្កើតឱ្យមានសហគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានជួយបង្កើតឱ្យមានទីផ្សារក្នុងតំបន់ ជាហេតុធ្វើឱ្យពលរដ្ឋបានដឹងកាន់តែច្រើន នាពេលសព្វថ្ងៃនេះ សម្រាប់បន្លែសាឡាត់ស្រួយនេះ ព្រមទាំងមានការគាំទ្រច្រើន ដោយពេលខ្លះការផលិតមិនទាន់តម្រូវការជាក់ស្តែងទៀតផង។
តាមការរៀបរាប់របស់កសិកររូបនេះ បានឱ្យដឹងថា ផ្ទះសំណាញ់ទាំងពីរខ្នង ដែលបាននិងកំពុងដាំបន្លែសាឡាត់ស្រួយ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥នេះ ទទួលបានពី៖ (១)គម្រោងអាហ្គ្រូ មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ និង(២) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេម (AIMs) មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។
នៅក្នុងពិធីព្រឹត្តិការណ៍ផ្លែបន្លៃឈើ ក្នុងខេត្តបាត់ដំបងរយៈមួយសប្តាហ៍ លោកបន្តថា “បន្លែសាឡាត់ស្រួយ ដែលផលិតបានខ្ញុំប្រមូលផលលក់នៅថ្ងៃសៅរ៍ អាទិត្យ ក្នុងបរិមាណពី៣០ទៅ៤០គីឡូក្រាម ដោយក្នុងមួយគីឡូបានថ្លៃចន្លោះពី១៥ ០០០រៀលទៅ២០ ០០០។ ផ្អែកលើតម្លៃសាឡាត់ស្រួយនេះ ខ្ញុំគិតថា យើងទទួលចំណូលចូលច្រើន បើប្រៀបធៀបទៅនិងការដាំបន្លែផ្សេងៗទៀត ព្រោះលក់បានតម្លៃខ្ពស់ និងមានអ្នកគាំទ្រកើនឡើងច្រើន”។
លោក ទិត អឿន លើកឡើងថា សាឡាត់ស្រួយចំណាយពេលដាំដុះពី៤៥ទៅ៥០ថ្ងៃ។ កសិករអាចបានប្រមូលផល ហើយតាមរយៈការដាំបន្លែនៅក្នុងផ្ទះសំណាញ់ទាំងពីរ លោកអាចរកបានប្រាក់ចំណូលបានប្រមាណពីរលានរៀលក្នុងមួយខែ ខណៈថ្លៃដើមផលិតនៅក្នុងមួយវគ្គចំណាយអស់៣០ភាគរយ។
លោកបញ្ជាក់ថា មុខរបរដាំសាឡាត់ស្រួយអស់រយៈពេលបីឆ្នាំមកនេះ ទោះបីមិនអាចសន្សំបានប្រាក់ធំដុំ ឬជួយឱ្យគ្រួសារធ្វើអ្នកមានបាន ប៉ុន្តែប្រាក់ចំណូល ដែលទទួលបានប្រចាំសប្តាហ៍ ឬប្រចាំខែនេះ វាមិនបានធ្វើឱ្យគ្រួសារលោកនឿយហត់ដើរទៅខ្ចីលុយពីស្ថាប័នផ្តល់ប្រាក់កម្ចីនៅក្នុងមូលដ្ឋាន។ ពោលប្រាក់ចំណូលពីមុខរបរមួយនេះអាចជួយគ្រួសារមានដើមទុនបង្វិលបានក្នុងការដាំដុះសាឡាត់ស្រួយពីមួយវគ្គទៅមួយវគ្គដោយពុំមានការព្រួយបារម្ភ។
បើតាមកសិករខាងលើ ក្នុងនាមជាកសិករដាំបន្លែលក្ខណៈគ្រួសារមួយនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកសំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឬអ្នកមានដើមទុនច្រើនអាចងាកមកវិនិយោគក្នុងវិស័យកសិកម្ម និងចងក្រងជាសហគមន៍ឱ្យបានច្រើនសម្រាប់ផលិតប្រភេទបន្លែសរីរាង្គឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការនាំចូលមកពីខាងក្រៅ៕