កំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ បាននិងកំពុងតែពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្មគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំវារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តមបានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុងតម្លៃសមរម្យ នៅលើទីផ្សារ សំដៅរក្សានិរន្តភាពសន្តិសុខស្បៀង និងដើម្បីលើកកម្ពស់ ជីវភាពកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ។
ឯកឧត្តម បានលើកឡើងថា ទាក់ទងនឹងវិស័យកសិកម្មនេះ ក្រោយពីការសាកល្បងជំហ៊ានដំបូងកន្លងមក ឃើញថាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដូចជាផ្គត់ផ្គង់ដល់ការហូបចុកនៅក្នុងគ្រួសារ ដោយបានការកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសការផ្គត់ផ្គង់លើទីផ្សារជាដើម។
ម្ចាស់កសិដ្ឋានខាងលើបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាលើកស្ទួយផលិតកម្មកសិកម្ម ការរក្សាលំនឹងកសិផល និងជំរុញដល់ការនំាចេញ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម សូមទាក់ទងមកកសិដ្ឋានឯកឧត្តមផ្ទាល់ ដើម្បីទទួលបានព័ត៌មានពីគម្រោងជួយដល់ពួកគាត់ ដើម្បីបណ្តុះបណ្តាលជំនាញយកទៅអនុវត្តគម្រោងរបស់ខ្លួន។ ការចូលរួមពីប្រជាពលរដ្ឋ គឺជាការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
បច្ចុប្បន្ននេះ កម្ពុជាមានអតិរេកនៅក្នុងផលិតកម្មវិស័យកសិកម្មស្ទើគ្រប់មុខទាំងអស់ លើកលែងបន្លែតែប៉ុណ្ណោះ ដែលកម្ពុជានៅនាំចូល។ ជុំវិញបន្លែនេះដែរ បច្ចុប្បន្នក្រសួង បាននិងកំពុងជំរុញលើកទឹកចិត្តដល់កសិករឱ្យបង្កើនក្នុងការដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ, ក្រៅពីបន្លែនេះទំនិញនៃកសិផលទូទៅកម្ពុជាបានផលិតលើសទីផ្សារក្នុងស្រុក និងបានជំរុញដល់ការនាំចេញដូចជាការនាំចេញស្រូវអង្ករ ដំឡូងមី ពោត ស្វាយស្រស់ ដំណាប់ស្វាយ ផ្លែចេកស្រស់ ផ្លែមៀនស្រស់ និងគ្រាប់ស្វាយចន្ទីជាដើម ដោយបានកំពុងរួមចំណែកដល់កំណើននៃការនាំចេញកសិផល និងកំណើនក្នុងសេដ្ឋកិច្ចជាតិផងដែរ៕