យ៉ាំងហ្គោន៖ សមាគមអ្នកដាំ និងផលិតជ័រកៅស៊ូមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ា មានគោលបំណងនាំចេញផលិតផលជ័រកៅស៊ូប្រមាណ៣៥0,000-៣៨0,000 តោន ក្នុងឆ្នាំ២០២៥ -២០២៦។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នាដើមសប្តាហ៍នេះឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បាននាំចេញជ័រកៅស៊ូប្រហែល៣០ម៉ឺនតោន តាំងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ដែលរកបានប្រាក់ចំណូលសម្រាប់ប្រទេសជិត៥០០លានដុល្លារ។
ក្នុងនេះ ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារប្រទេសចិន មានបរិមាណខ្ពស់បំផុត គឺ៧៥ភាគរយ តាមពីក្រោយដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា និងប្រទេសជប៉ុន។
បច្ចុប្បន្ននេះ ប្រទេសមីយ៉ាន់ម៉ាមានផ្ទៃដីដាំដើមកៅស៊ូប្រមាណជាងពីរលានហិកតា ដោយរដ្ឋមនជាប្រភពផលិតកម្មធំជាងគេ។
គួរបញ្ចាក់ថា សម្រាប់ផលិតផលកសិកម្ម ដូចជាអង្ករ សណ្តែក និងពោត ជាផលិតផលសំខាន់ជាងគេ សម្រាប់ការនាំចេញដ៏សំខាន់ផ្នែកវិស័យកសិកម្មរបស់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកផ្លែឈើ និងបន្លែ ល្ង ស្លឹកតែក្រៀម ស្ករស និងផលិតផលកសិកម្មផ្សេងទៀត ក៏ត្រូវបាននាំចេញក្រៅប្រទេស ដើម្បីរកចំណូលចូលជាតិ ដែលហែកហួរដោយសង្គ្រាមផ្ទៃក្នុង។
ជាមួយគ្នានេះប្រទេស មីយ៉ាន់ម៉ា ភាគច្រើននាំចេញកសិផលទៅកាន់ប្រទេសចិន សិង្ហបុរី បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន ស្រីលង្ការ ឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា៕