ទីក្រុងដាវ៉ៅ៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសចិន ឥឡូវនេះផ្លែទុរេនស្រស់របស់ប្រទេសហ្វីលីពីន ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសអេហ្ស៊ីប នាតំបន់មជ្ឈឹមបូព៌ា។
ប្រធានផ្នែកត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម ប្រចាំកំពង់ផែទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ការនាំចេញផ្លែទុរេនស្រស់នេះមិនទាន់បានកំណត់ពេលច្បាស់លាស់នៅឡើយទេ ដោយសាររដូវប្រមូលផលផ្លែទុរេន ឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមពីខែកក្កដា ដល់សីហា។ ប៉ុន្តែជាការល្អ ដែលអេហ្សីបបានយល់ព្រមឱ្យបញ្ជូនផ្លែទុរេនស្រស់ហ្វីលីពីនទៅកាន់ប្រទេសរបស់ខ្លួន។
ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន អ្នកនាំចេញផ្លែទុរេនហ្វីលីពីន ត្រូវតែធានាថា អ្នកនាំចូលទៅប្រទេសអេហ្ស៊ីបត្រូវទទួលបានលិខិតអនុញ្ញាតនាំចូលពីអាជ្ញាធររបស់អេហ្ស៊ីប។
លោកស្រីប្រធានផ្នែកត្រួតពិនិត្យ បាននិយាយទៀតថា តម្រូវការផ្នែភូតគាមអនាម័យត្រូវបានអនុលោមតាមទំាងអស់ ហើយអាជ្ញាធរកំពង់ផែទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន នឹងចេញវិញ្ញាបនបត្រភូតគាមអនាម័យ ដើម្បីបញ្ជាក់ថា ផ្លែទុរេនស្រស់ មិនមានសត្វល្អិតឡើយ។ ដូច្នេះការនាំចេញទៅកាន់ទីផ្សារអេហ្ស៊ីប នឹងដំណើរការក្រោយពេលបញ្ចប់ការបំពេញលក្ខខណ្ឌខាងលើនេះ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ យោងតាមអត្ថបទចេញផ្សាយលើគេហទំព័រមួយ ដែលលក់ផលិតផលកសិកម្មជុំវិញពិភពលោក បានឱ្យដឹងថា ផ្លែទុរេនស្រស់នាំចេញពីប្រទេសហ្វីលីពីន ត្រូវសម្អាតមេរោគយ៉ាងត្រឹមត្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប ស្របតាមកិច្ចព្រមព្រៀងស្តីពីការត្រួតពិនិត្យបច្ចេកទេសអស់រយៈពេលជិតពីរឆ្នាំ និងក្រោមការសម្របសម្រួលទ្វេភាគីរវាងភ្នាក់ងារត្រួតពិនិត្យភូតគាមអនាម័យរបស់ហ្វីលីពីន និងអេហ្សីប។
ដំណើរការត្រួតពិនិត្យភូតគាមអនាម័យនេះ បានចាប់ផ្តើមតាំងពីក្នុងខែមិថុនា ឆ្នាំ២០២៣ នៅពេលប្រទេសហ្វីលីពីនដាក់ពាក្យស្នើសុំជាផ្លូវការសម្រាប់នាំចូលផ្លែទុរេនស្រស់ទៅកាន់ទីផ្សារអេហ្សីប។ ចាប់តាំងពីពេលនោះមក អាជ្ញាធរនៃប្រទេសទាំងពីរបានសហការគ្នាដោះស្រាយតាមតម្រូវការសម្រាប់វិភាគហានិភ័យសត្វល្អិត ស្តង់ដារអនាម័យ និងនីតិវិធីនាំចេញ ដោយស្របតាមគោលការណ៍របស់អេហ្ស៊ីប៕