រដ្ឋឧត្តរប្រទេស៖ មន្ត្រីនៅស្ថាប័នស្រាវជ្រាវកំពូលរបស់ឥណ្ឌាមួយរូប បាននិយាយកាលពីសប្តាហ៍មុនថា ភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ត្រាក់ និងព្យុះខ្សាច់បោកបក់ នាពេលថ្មីៗនេះ ទំនងជាបង្កឱ្យមានសត្វល្អិតចង្រៃបំផ្លាញនៅផលដំណាំស្វាយ នៅទូទាំងរដ្ឋឧត្តរប្រទេស ហើយកសិករត្រូវបានណែនាំឱ្យចាត់វិធានការទាន់ពេលវេលា។
យោងតាមការចេញផ្សាយលើសារព័ត៌មានឥណ្ឌា បានឱ្យដឹងថា រដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា រួមចំណែកមួយភាគបីដល់ការផលិតផលផ្លែស្វាយសរុបរបស់ប្រទេស ដោយផ្តល់ទិន្នផលផ្លែស្វាយប្រមាណ២៤លានតោន ពីជាពូជស្វាយល្អៗរបស់ប្រទេសឥណ្ឌា។
យោងតាមលោក ដាម៉ូដារ៉ាន់ (T. Damodaran) នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងកសិកម្មរបស់ឥណ្ឌា បានមានប្រសាសន៍ថា ទោះបីទិន្នផលស្វាយទាំងអស់មិនរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែ ដំណាំស្វាយមួយចំនួន នៅក្នុងរដ្ឋឧត្តរប្រទេស អាចត្រូវសត្វល្អិតបំផ្លាញដោយសារតែអាកាសធាតុសើមជោគជាំពេក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងព្យុះខ្សាច់ ដែលកត្តាបង្កើតឱ្យមានសត្វល្អិតកើតច្រើន។
លោកបានមានប្រសាសន៍ដូច្នេះថា ពពួកហ្វូងរុយទិចផ្លែ និងព្រូននៅក្នុងដំណាំស្វាយអាចកើនឡើងក្រោយពេលព្យុះភ្លៀង ដោយសារអាកាសធាតុត្រជាក់ និងសំណើមនៅក្នុងដីច្រើន ជួយឱ្យពពួកសត្វរុយទិចផ្លែកើតលឿន និងហើរពាសពេញចម្ការស្វាយ ដូច្នេះ កសិករត្រូវបំផ្លាញសត្វល្អិតទាំងនេះឱ្យបានទាន់ពេលវេលា។
លោកនាយកវិទ្យាស្ថានស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើកសិករមិនចាត់វិធានការបំផ្លាញឱ្យបានទាន់ពេលវេលាទេនោះ ម្លេះពពួករុយទិចផ្លែឈើនឹងកើតកូនកើតចៅជាបន្តបន្ទាប់ ជាពិសេសនៅចូល់ដល់រដូវស្វាយទុំ។ នៅពេលរដូវផ្លែស្វាយទុំជិតមកដល់ និងជាពេលអាចរកទីផ្សារបាន នោះចំនួនសត្វរុយទិចផ្លែ អាចកើនឡើងច្រើនដែរ ហើយចាប់ផ្តើមបំផ្លាញផ្លែស្វាយតែម្តង។
ដើម្បីកម្ចាត់សត្វល្អិតចង្រៃអម្បូររុយទិចផ្លែនេះ លោកបានផ្តល់យោបល់ថា ‘អន្ទាក់មេទីល អឺហ្សេណុល(Methyl Eugenol Trap’ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព និងមិនប៉ះពាល់បរិស្ថាន។ អន្ទាក់នេះសម្រាប់ចាប់រុយទិចផ្លែឈ្មោល ជាពិសេសរុយទិចផ្លែស្វាយតេម្តង។ អន្ទាក់ទាំងនេះមាននៅលើទីផ្សារ ហើយអាចត្រូវបានដំឡើងដោយព្យួរ នៅកម្ពស់ពីមួយម៉ែត្រកន្លះ ទៅពីរម៉ែត្រ នៅខាងក្រោមម្លប់ដើមឈើ។
អន្ទាក់ទាក់រុយទិចផ្លែនេះ អាចធ្វើពីដបទឹកសុទ្ធក៏បាន ដោយដាក់ថ្នាំ មេទីល អឺហ្សេណុល ចូលក្នុងដបទឹកសុទ្ធនោះ រួចចោះប្រហោងតូចៗនៅជុំវិញដប ដើម្បីបញ្ចេញក្លិនមកក្រៅ។ ត្រូវច្រកចូលលើដបទឹកសុទ្ធពេលធំក្លិនថ្នាំនេះ សត្វរុយទិចផ្លែនឹងចូលទៅក្នុងដប ហើយចេញមិនរួចឡើយ។ ប្រសិនបើដាក់លាយថ្នាំពុល សត្វល្អិតចង្រៃនេះនឹងងាប់នៅក្នុងដបតែម្តង។
ចំណែកការបាញ់ថ្នាំពុលសម្លាប់សត្វល្អិតវិញ វាបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន៕