រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើតម្លៃប្រេងដូង​​ក្នុងស្រុកដើម្បី​ធានានរន្តរភាពនៃការផ្គត់ផ្គង់

66361

អន្តរជាតិ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន ​កំពុងតែ​ពិចារណា​ដាក់ចេញគោលនយោបាយថ្មី​មួយ ​ដែល​អាច​រក្សា​​ទុកប្រេងដូង​របស់​ខ្លួនខ្លះ ​សម្រាប់​តម្រូវការក្នុង​ស្រុកដើម្បី​ធានាបាននូវការផ្គត់ផ្គង់ និង​ទប់ស្កាត់ការឡើង​ថ្លៃ​បន្ថែម​ទៀត ខណៈ​ការ​ដឹកជញ្ជូន​ចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសនៅតែបន្តជាធម្មតា។

យោងតាមការចេញផ្សាយលើសារព័ត៌មាន PhilStar Global របស់ហ្វីលីពីន បានឱ្យដឹងថា គោលនយោបាយថ្មីនេះ​ គឺសម្រាប់រក្សាទុកផលិតផលប្រេងដូងខ្លះ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលរួមមានតម្រូវការលាយជាជីវៈប្រេងឥន្ធនៈ ឱ្យបានគ្រប់គ្រាន់សិន ទើបអនុញ្ញាតឱ្យចេញនូវអតិរេកប្រេងដូង។

លោក លូស ប្រេនដា បាលីប្រៀ (Luz Brenda Balibrea) ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងព័ត៌មានរបស់អាជ្ញាធរប្រេងដូងហ្វីលីពីន បាននិយាយថា «គម្រោងដែលបានស្នើឡើងនេះ មានគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាបាននូវស្ថិរភាពតម្លៃដោយមិនរំខានដល់ការប្តេជ្ញាចិត្តនាំចេញរបស់យើងឡើយ»។

លោក បាលីប្រៀ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរដូងហ្វីលីពីន កំពុងតែសិក្សាលទ្ធភាពជោគជ័យនៃគោលនយោបាយនេះ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។  អាជ្ញាធរដូងហ្វីលីពីន កំពុងតែពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាក្នុងឧស្សាហកម្មប្រេងដូង និងទីភ្នាក់ងាររដ្ឋាភិបាលរួចហើយ ទាក់ទងនឹងសំណើនេះ។

គោលនយោបាយរក្សាទុកប្រេងដូងនេះ កើតចេញពីអនុសាសន៍លើកឡើងជូនថ្នាក់ដឹកនាំអាជ្ញាធរដូង ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃចំពោះសាច់ដូង និងប្រេងឆា។

ចំណែកប្រទេសថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានអនុវត្តគោលនយោបាយរឹតបន្តឹងការនាំចេញនេះរួចមកហើយ ដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងឆាក្នុងប្រទេស។

តម្លៃប្រេងឆានៅលើសកលលោក បានឡើងថ្លៃដោយសារតែមានឧបសគ្គក្នុងការផ្គត់ផ្គង់ពីប្រទេសអ្នកផលិតផ្សេងៗរួមទាំងហ្វីលីពីនផងដែរ។

យោងតាមសន្ទស្សន៍តម្លៃប្រេងឆារបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងខែមីនា បានឱ្យដឹងថា តម្លៃប្រេងដូង បានកើនឡើងជិត២៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានសន្មត់ថា ការឡើងថ្លៃជាសកលនឹងបន្តកើនឡើងទៀត សម្រាប់ប្រេងដូង ប្រេងសណ្តែក និងប្រេងផ្កាឈូករ័ត្ន ដោយសារការផ្គត់ផ្គង់ធ្លាក់ចុះ គួបផ្សំនឹងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់។ កំណើននៃតម្រូវការប្រេងឆាក៏ត្រូវបានកើនឡើងផងដែរ ដោយការពង្រីកឧស្សាហកម្មជីវឥន្ធនៈនៅលើពិភពលោក។

យោងតាមរបាយការណ៍របស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ថ្វីបើមានការកើនឡើងនៃផលិតកម្មក៏ដោយ ការនាំចេញប្រេងដូងរបស់ប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងនៅថេរដដែល សម្រាប់ទីផ្សារឆ្នាំ២០២៥-២០២៦ ដោយគិតចាប់ពីខែតុលា ដល់ខែកញ្ញា មានបរិមាណជាង១,១៣លានតោន ដោយសារតម្រូវការខ្ពស់សម្រាប់លាយជាប្រេងឥន្ទនៈ។

ទោះជាយ៉ាងណាក៏ដោយ លោក បាលីប្រៀ បានចង្អុលបង្ហាញថា វិធានការនេះ គឺជាជម្រើសចុងក្រោយបំផុត ក្នុងចំណោមជម្រើសជាច្រើន ដែលត្រូវបានអាជ្ញាធរដូងហ្វីលីពីន លើកមកពិចារណា ចាប់តាំងពីតម្រូវឱ្យមានការឧបត្ថម្ភធនពីរដ្ឋាភិបាល ដើម្បីផ្សាភ្ជាប់គម្លាតរវាងតម្លៃទីផ្សារដែលកំពុងមាន និងតម្លៃដែលបានកំណត់។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាជ្ញាធរដូងហ្វីលីពីន បានកត់សម្គាល់ថា ប្រសិនបើតម្លៃប្រេងឆាក្នុងស្រុកកើនឡើងខ្លាំងពេក ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ដូចជាចំណីអាហារ និងការដឹកជញ្ជូន នោះអាជ្ញាធររអាចជូបគ្នាជាមួយភ្នាក់ងារពាក់ព័ន្ធជាបន្តទៀត ដើម្បីពិភាក្សាអំពីគោលការណ៍កំណត់តម្លៃ។

ជា​លទ្ធផលតម្លៃ​ប្រេងដូង ​ដែល​បាន​ចម្រាញ់ បន្សុទ្ធ និង​បំបាត់​ក្លិនរួចហើយ ​អាចប្រើ​ជា​ប្រេង​ឆា​បាន ឥឡូវ​មាន​តម្លៃ​ក្នុងរង្វង់៣,៣៦ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម មានន័យថា តម្លៃលក់រាយនៅតាមទីផ្សារស្ថិតក្នុងរង្វង់៣,២៩ដុល្លារ ក្នុងមួយលីត្រ៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ