អន្តរជាតិ៖ កសិករដាំកាកាវរាប់ពាន់នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយម្ចាស់អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីការពារដំណាំរបស់ពួកគេពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យតម្លៃកាកាវឡើងដល់កម្រិតកំណត់ត្រា។
ដើមកាកាវមានការថែទាំខ្ពស់ ដោយត្រូវការសីតុណ្ហភាព សំណើម និងពន្លឺព្រះអាទិត្យជាក់លាក់។ ត្រូវចំណាយពេលប្រមាណ ៥ឆ្នាំ ទើបអាចប្រមូលផលយកទៅកែច្នៃធ្វើជាសូកូឡា និងអាហារផ្សេងៗទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបម្រែបម្រួលអាកាសធាតុបង្កើនហានិភ័យចំពោះកសិករ នៅពេលដែលអាកាសធាតុក្តៅធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ហើយរដូវភ្លៀងកាន់តែយូរបង្កឱ្យមានការរីករាលដាលនៃជំងឺផ្សិត និងសត្វល្អិត។
កសិករដាំកាកាវឥណ្ដូនេស៊ី បានផ្លាស់ប្តូរទៅដាំដំណាំផ្សេងទៀត ដោយកាត់បន្ថយការផ្គត់ផ្គង់កាកាវ និងជំរុញឱ្យតម្លៃកាន់តែខ្ពស់។ នៅឆ្នាំ២០២៤ តម្លៃកាកាវកើនឡើងជិតបីដង ឈានដល់ប្រហែល១២ ០០០ដុល្លារក្នុងមួយតោន ដែលជំរុញឱ្យតម្លៃសូកូឡាឡើងថ្លៃ និងអ្នកផលិតសូកូឡាមួយចំនួនឱ្យសាកល្បងដាំកាកាវនៅក្នុងមន្ទីរពិសោធន៍។
យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតកាកាវធំជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីកូតឌីវ័រ និងហ្គាណា។
លោក អាមីន ហារី (Armin Hari) អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តភាពនៃដំណាំកាកាវ( Cocoa Sustainability Partnership) ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍន៍កាកាវនៅក្នុងប្រទេសឥណ្ឌូនេស៊ី បាននិយាយថា កសិករដាំកាកាវដែលត្រូវការប្រាក់កម្ចីពីធនាគារ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក៏ទទួលបានអត្ថប្រយោជន៍ពីការចាប់ដៃគូជាមួយម្ចាស់អាជីវកម្មផងដែរ ដោយសារកិច្ចព្រមព្រៀងអ្នកទិញ មានការធានាអាចផ្តល់វត្ថុបញ្ចាំ ដែលត្រូវការដើម្បីទទួលបានប្រាក់កម្ចី។
លោកបាននិយាយថា រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហករណ៍ក៏កំពុងធ្វើការជាមួយកសិករដាំកាកាវ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយធ្វើយ៉ាងណាឱ្យដំណាំកាកាវទទួលបានទិន្នផលខ្ពស់៕