ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥ វៀតណាមរកប្រាក់ចំណូលបានជាង៩ពាន់ដុល្លារ ពីការនាំចេញផលិតផលកសិផល

cover -financial-2-Recovered

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញកសិផល-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥នេះ ទទួលបានប្រាក់ចំណូលចំនួន៩,៣ពាន់លានដុល្លារ គឺមានកំណើនកើនឡើងរហូតដល់៨,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

គ្រាន់តែក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រទេសវៀតណាមរកចំណូលបានសរុបចំនួន៤,៤ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស គឺកើនឡើងចំនួន៣៧,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណូលសរុបនេះ ​ផលិតផល​កសិកម្ម​ បាននាំប្រាក់ចំណូល​​ចំនួន៤,៨៩ ពាន់​លាន​ដុល្លារ ​ក្នុង​អំឡុង​ពេល​ពីរ​ខែ​ដំបូងនៃឆ្នាំ២០២៥ គឺកើន​ឡើងចំនួន៤,៥ភាគរយ ខណៈ​ចំណូលបានមក​ពី​ការ​ចិញ្ចឹម​សត្វ​ មាន​ចំនួន៧២,២លាន​ដុល្លារ គឺ​កើន​ឡើងចំនួន៤ភាគរយ។

ចំណែកការនាំចេញផលិតផលជលផលវិញ ទទួលបានចំណូលចំនួន១,៤២ពាន់លានដុល្លារ គឺស្មើនឹង១៨,៦ភាគរយ រីឯការនាំចេញផលិតផលព្រៃឈើ ទទួលបានប្រាក់ចំណូលចំនួន២,៦៨ពាន់លានដុល្លារ គឺស្មើនឹង១១,៩ភាគរយ។ សម្រាប់ការ​នាំ​ចេញ​អំបិល​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ផងដែរ ដោយ​កើន​ឡើង​ទ្វេ​ដង​ ទទួលបានប្រាក់ចំណូលដល់១,៤លាន​ដុល្លារ។

ទ្វីបអាស៊ីនៅតែជាទីផ្សារដ៏លេចធ្លោមួយសម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ដែលស្មើនឹង៤២,២ភាគរយនៃតម្លៃនាំចេញសរុប។ បន្តមកទៀតទីផ្សារនៅទ្វីបអាមេរិក និងទ្វីប​អឺរ៉ុប ចំណែកទីផ្សារសម្រាប់ការនាំចេញទៅកាន់ទ្វីបអាហ្រ្វិក និងទ្វីបអូសេអានី គឺស្ថិតនៅក្នុងបិរមាណទៀបជាងគេ។

ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗ ការនាំចេញកាហ្វេរបស់វៀតណាមមានបរិមាណចំនួន២៨៤,០០០តោន ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ដែលមានតម្លៃសរុបចំនួន១,៥៨ពាន់លានដុល្លារ។  ទោះបីជាបរិមាណទំនិញបានថយចុះបន្តិចក៏ដោយ ប៉ុន្តែតម្លៃទំនិញបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានគេសន្មត់ថា ជាកំណើនគួរឱ្យកត់សម្គាល់នៃតម្លៃនាំចេញជាមធ្យម ដែលមានទឹកប្រាក់ជិត៥,៥៧៥ដុល្លារក្នុងកាហ្វេមួយតោន។  ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងប្រទេសជប៉ុន គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលកាហ្វេវៀតណាម។

ចំណែកការនាំចេញម្រេចវិញ ក៏បានបង្ហាញពីនិន្នាការវិជ្ជមានផងដែរ ទោះបីជាបរិមាណនាំចេញកាហ្វេធ្លាក់ចុះបន្តិចក៏ដោយ ប៉ុន្តែតម្លៃកាហ្វេបានកើនឡើង គឺក្នុងបរិមាណកាហ្វេដល់២៨,០០០តោន រកប្រាក់ចំណូលបានចំនួន១៨៨,៧លានដុល្លារ។

នៅក្នុងរយៈពេលពីរខែដំបូងនេះដែរ វៀតណាមបាននាំចេញអង្ករចំនួន១,១លានតោន ដោយទទួលបានចំណូលសរុបចំនួន៦១៣លានដុល្លារ គឺបរិមាណអង្ករកើនឡើង ប៉ុន្តែតម្លៃបានធ្លាក់ចុះ។  តម្លៃ​អង្ករ​នាំ​ចេញ​ជា​មធ្យម​បាន​ធ្លាក់​ចុះ១៨,៣ភាគរយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​មក​នៅ​ត្រឹម៥៥៣,៦ដុល្លារ​ក្នុង​មួយ​តោន។  ប្រទេសហ្វីលីពីន គឺជាអ្នកទិញអង្ករវៀតណាមច្រើនជាងគេ បន្ទាប់មកគឺប្រទេសកូដេវ័រ និងប្រទេសហ្គាណា នៃទ្វីបអាហ្វ្រីក។

រីឯការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ ​បាន​ធ្លាក់​ចុះចំនួន១១ភាគរយ​ គិត​ជា​តម្លៃទឹកប្រាក់ចំនួន​៧២៤,៥លាន​ដុល្លារ។  ប្រទេសចិននៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់បន្លែ និងផ្លែឈើរបស់វៀតណាម បន្ទាប់មកសហរដ្ឋអាមេរិក៕

Vietnamese Green Coffee Beans


06 (7)
ហ្វីលីពីនដាក់គោលដៅពង្រីកផ្ទៃដីដាំដំឡូងឈាមមាន់ សម្រាប់នាំចេញក្រៅប្រទេស

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំកញ្ចប់ថវិកាប្រមាណ៥លានដុល្លារសម្រាប់ពង្រីកការដាំដំឡូងឈាមមាន់ ឱ្យកើនឡើងទ្វេដង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ថវិកានេះនឹងត្រូវប្រើដើម្បីបពង្រីកផ្ទៃដីដាំដុះ​ ឱ្យកើនឡើងដល់១​ ០០០ហិកតា ក្នុងឆ្នាំដំបូង។ ក្រសួងកសិកម្មហ្វីលីពីន​​​ គ្រោងចំណាយថវិកាប្រហែល១៣ ០០០ដុល្លារ ក្នុងមួយហិកតា សម្រាប់អនុវត្តជំហ៊ានដំបូង ដែលរួមមានការអភិវឌ្ឍកសិដ្ឋាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដុះ ដោយកំណត់ពេលឱ្យស្របនឹងរដូវប្រមូលផល និងបណ្ដុះពូជ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ​​ ធៀវ ឡូរ៉ែល​​ (Francisco Tiu Laurel)បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់អភិវឌ្ឍឧស្សាហកម្មដំណាំដំឡូងឈាមមាន់ ឱ្យកាន់តែចាប់អារម្មណ៍នៅទីផ្សារបរទេស។ ដូច្នេះ រដ្ឋាភិបាលចងឱ្យដំណើរការផ្គត់ផ្គង់ និងការដាំដុះមានស្ថិរភាពល្អ។ ក្រសួងកសិកម្មមានផែនការពន្លឿនការបណ្ដុះកូនដំឡូង ព្រមទាំងការបណ្តុះជាលិកាដំឡូងផងដែរ។ កូនដំឡូងសម្រាប់ដាំនឹងត្រូវមានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការដាំដុះ និងទប់ស្កាត់មិនឱ្យប្រទេសដទៃយក ពូជដំឡូងឈាមមាន់របស់ហ្វីលីពីន ទៅដាំបន្ត រួចហើយលក់ប្រកួតជាមួយហ្វីលីពីន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយ ដែលរដ្ឋាភិបាលហ្វីលីពីន ទើបចេញដើម្បីហាមឃាត់ដោយគ្មានពេលកំណត់ចំពោះការនាំចេញមើមដំឡូងឈាមមាន់ស្រស់ មិនមែនមានន័យថា ហាមឃាត់ការនាំចេញ ផលិតផលដំឡូងនោះទេ ប៉ុន្តែដើម្បីការពារពូជដំឡូងរបស់ខ្លួនកុំឱ្យប្រទេសដទៃយកពូជទៅដាំដែរ៕​​​ (ផាន់​​ អាណា)

Food-Estate_Getty-HEADER
ឥណ្ឌូណេស៊ីថា មិនចាំបាច់កាប់បំផ្លាញព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមើលឃើញថា ខ្លួនមិនមានតម្រូវការបន្ថែមក្នុងការកាប់បំផ្លាញតំបន់ព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ ទោះបីខ្លួនព្យាយាមបង្កើនផលិតកម្មស្បៀង ដោយមិនបន្តបំផ្លាញព្រៃឈើ។ លោក ហាហ្សីម ចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល បានប្រកាសដូច្នេះកាលពីថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦ ក្នុងវេទិកានិរន្តរភាពអន្តរជាតិ នៅទីក្រុងហ្សាការតា។ លោកបាននិយាយថា ការសម្រេចចិត្តនេះផ្អែកលើលទ្ធផលនៃកម្មវិធីស្បៀងអាហាររបស់រដ្ឋ ដែលសម្រេចបានគោលដៅផលិតស្បៀង ដោយមិនចាំបាច់កាប់ព្រៃឈើចំនួន២លានហិកតា យកទៅធ្វើជាដីកសិកម្មឡើយ។ ជំនួសឱ្យការកាប់ព្រៃឆើវិញ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងព្យាយាមប្រើប្រាស់ដីវាលទំនាបលិចទឹក ដែលមានស្រាប់នៅក្នុងខេត្តប៉ាពូ (Papua) និងខេត្តកាលីម៉ាន់តាន់ (Kalimantan) សម្រាប់បង្កបង្កើនផលស្រូវ។ លោកប្រេសិតពិសេស ក៏បាននិយាយថា កម្មវិធីទាំងនេះបានជួយឱ្យប្រទេសឥណ្ឌូណេស៊ីអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ដូច្នេះការពង្រីកវាលស្រែចូលទៅក្នុងតំបន់ព្រៃឈើលែងចាំបាច់ទៀតហើយ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា អាចប្រមូលផលស្រូវសម្រាប់ការប្រើប្រាស់ក្នុងស្រុកបានប្រហែល២៨,៧១លានតោន កើនឡើងតិចតួច បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សម្រាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ គេរំពឹងថា ឥណ្ឌណេស៊ី អាចប្រមូលផលស្រូវបានប្រហែល៩,៣៦ លានតោន តិចជាងឆ្នាំមុនបន្តិច។ ទោះជាយ៉ាងណា តួលេខទាំងនេះអាចប្រែប្រួលដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ […]

images (1)
រដ្ឋាភិបាលថៃអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត ដោយសារមេមាន់លង់ទឹកងាប់ច្រើនពេក

បាងកក៖ រដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនកាត់បន្ថយការនាំចេញស៊ុតពី៣០ ទៅ៥០ភាគរយ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីមេមាន់លង់ទឹកងាប់អស់ប្រមាណ៣លានក្បាល។ រដ្ឋាភិបាលថៃកំពុងប្រមែប្រមូលស៊ុតពីតំបន់ផ្សេងៗ ព្រមទាំងពន្យារអាយុមាន់ពងពី៨០សប្តាហ៍ ទៅ៨៥សប្តាហ៍ និងកំណត់តម្លៃស៊ុតនៅតាមសិដ្ឋានត្រឹម៤បាតក្នុងមួយគ្រាប់​ ឬជិត៥០០រៀល។ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃ បានឱ្យដឹងថា មេមាន់ពងនៅតាមកសិដ្ឋានបានលង់ទឹកជំនន់ងាប់អស់ប្រមាណ៣លានក្បាល អណ្ដែតត្រៀបត្រាតាមទឹកហូរ។ នាយកដ្ឋានកំពុងប្រមែប្រមូលពងមាន់ពីតំបន់មិនលិចទឹក ដើម្បីចែកចាយស៊ុតមានទៅឱ្យអ្នកលក់រាយ។ យោងតាមក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក មានទឹកជំនន់បានជន់ពន្លិចខេ៥១ ខេត្ត/ក្រុង រួមទាំងទីក្រុងបាងកក និងបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់។ ទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ បន្ទាប់ពីទទួលរងភ្លៀងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់៣២០មីលីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ តំបន់ភាគខាងកើត និងភាគកណ្តាលរបស់ថៃ រួមទាំង ទីក្រុងបាងកក រួមទាំងតំបន់មួយចំនួននៅភាគខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមថៃ៕​ (ផាន់ អាណា)

tg_image_1183698445
វៀតណាម រកឃើញជ្រូកជាង៤ ០០០ក្បាល ទម្ងន់ជាង៦០០តោន មានផ្ទុកសារធាតុគីមី

ហូជីមិញ៖​ នគរបាលទីក្រុងហូជីមិញ របស់វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះបានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន។ អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ ​ ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោនថែមទៀត។ ចំណែកសាច់ជ្រូកមានសារធាតុគីមីជាង១០​ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត ២៣ លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ។ នគរបាលវៀតណាមធ្វើតេស្ត​រកឃើញថា ជ្រូកសុទ្ធតែមានផ្ទុកសារធាតុគីមី​សាលប៊ូតាម៉ុល​ (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។ សារធាតុ សាលប៊ូតាម៉ុល (Salbutamol) ឬហៅថា​ អាល់ប៊ូតេរ៉ូល​ (Albuterol) អាចធ្វើឱ្យជ្រូកឆាប់ធំ មានសាច់ច្រើន​ និងមិនសូវមានខ្លាញ់។ សារធាតុមិនត្រូវប្រើសម្រាប់ធ្វើឱ្យសត្វឡើងសាច់ សម្រាប់ធ្វើជាអាហារទេ​ ព្រោះសំណល់ថ្នាំពុល នៅក្នុងសាច់ អាចបណ្ដាលឱ្យមនុស្សមានរោគសញ្ញាដូចជា បេះដូងលោតលឿន ឬញ័រទ្រូង ញ័រដៃ ឆាប់តក់ស្លុត ឈឺក្បាល​ និងរមូលសាច់ដុំ។ ក្នុងករណីប៉ះពាល់ខ្លាំង អាចមានបញ្ហាបេះដូង និងមានជាតិប៉ូតាស្យូមក្នុងឈាម លើសកម្រិត។ នគរបាលវៀតណាម​ បានឆែកឆេរទីតាំងចំនួន២១កន្លែង […]

កាលវិភាគផ្សព្វផ្សាយ