រលកកម្ដៅជួយឲ្យចេកមួយដើម ក្នុងប្រទេសអង់គ្លេស ចេញត្រយូង ធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល

image_2026-08-13_14-28-28

ឡុងដ៍៖ ចេកមួយដើមនៅក្នុងសួនមួយ ក្នុងតំបន់ខនវ៉ល (Cornwall) ប្រទេសអង់គ្លេស បានចេញត្រយូងមួយស្ទង ដែលអ្នកជំនាញផ្នែកសាកវប្បកម្មយល់ថា អាចបណ្តាលមកពីសីតុណ្ហភាពនៅចក្រភពអង់គ្លេសកាន់តែកើនឡើងកម្ដៅក្នុងឆ្នាំ២០២៦នេះ។

សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស បានចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ស្ត្រីម្នាក់ឈ្មោះ ខេធី ណេវីល (Cathy Neville) បានដាំដើមចេកមួយដើមមានកម្ពស់ប្រហែល៣,៣៥ម៉ែត្រ ដោយប្រើអស់រយៈពេលប្រាំពីរឆ្នាំទើបចេញត្រយូង​ មានបួនស្និត និងមានផ្លែសរុប២៤ផ្លែ។

អ្នកជំនាញនៅក្នុងប្រទេសអង់គ្លេស បានកត់សម្គាល់ថា ការណ៍ដែលចេកមួយដើមនេះចេញត្រយូង គឺជារឿងដ៏កម្រណាស់ក្នុងប្រវត្តិសាស្ត្រអង់គ្លេស។

សមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស (Royal Horticultural Society) ដែលជាសមាគម ឬអង្គការសប្បុរសធម៌ផ្នែកកសិកម្ម និងឧទ្យានវិទ្យា ដ៏ឈានមុខគេមួយរបស់អង់គ្លេស បានបញ្ជាក់ថា កាលពីប្រហែល២០ឆ្នាំមុន ព្រឹត្តិការណ៍បែបនេះ គឺស្ទើរតែមិនធ្លាប់កើតមានឡើយ នៅចក្រភពអង់គ្លេស។ ដូច្នេះ ក្នុងករណីចេកមួយដើមចេញត្រយូងនៅពេលនេះ​ អាចក៏ឆ្លុះបញ្ចាំងពីនិន្នាការធំមួយផងដែរ គឺរុក្ខជាតិតំបន់ត្រូពិចមួយចំនួនកំពុងលូតលាស់បានល្អនៅអង់គ្លេស ខណៈដំណាំប្រពៃណីរបស់អង់គ្លេសមួយចំនួនកំពុងថយចុះ។

លោក ហ្គាយ បាធើ (Guy Barter) អ្នកធ្វើការក្នុងសមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស បាននិយាយថា អាកាសធាតុកាន់តែក្តៅបានជួយឲ្យដើមចេកនេះចេញត្រយូង និងមានផ្លែ។​ លោកបាននិយាយថា កាលពី២០ឆ្នាំមុន ដើមចេកនៅក្នុងប្រទេសអង់គ្លេសស្ទើរតែមិនដែលចេញត្រយូងសោះ ដូច្នេះលោកបានចាត់ទុកដើមចេករបស់លោកស្រី ខេធី ណេវីល មានផ្លែនៅពេលនេះអាចជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ និងសីតុណ្ហភាពកាន់តែក្តៅឡើងៗនៅក្នុងប្រទេស។

រីឯលោក ភីធើ ចូន (Peter Jones) នាយកផ្នែកសាកវប្បកម្ម បាននិយាយថា
«ទោះបីដើមចេកអាចលូតលាស់បានល្អនៅតំបន់នេះក៏ដោយ ក៏វាជារឿងកម្រណាស់ ដែលចេកមួយដើមអាចចេញត្រយូង និងអាចកាន់ផ្លែបាន»។

ចំណែកលោកស្រី ខេធី ណេវីល បាននិយាយថា លោកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញដើមចេកកម្ពស់៣,៣៥ម៉ែត្រ ដែលលោកស្រីទទួលជាអំណោយកាលពីប្រាំពីរឆ្នាំមុន ហើយយកមកដាំនៅក្នុងសួនរហូតចេញត្រយូង និងកាន់ផ្លែបានច្រើន “The banana plant had “gone bananas!”។

លោកស្រីបាននិយាយដោយសប្បាយចិត្តថា «វាពិជាអស្ចារ្យណាស់ ដែលឃើញដើមចេកចេញត្រយូងបែបនេះ»។

លោកស្រីបានប្រាប់ថា នៅពេលលោកស្រីចាប់ផ្តើមដាំ គឺកូនចេកនេះ នៅតូចណាស់។

លោកស្រីបាននិយាយបន្តទៀតថា «នៅពេលខ្ញុំបោសសម្អាតផេះចង្ក្រាន ខ្ញុំតែងតែយកផេះចាក់ដាក់គល់ចេកនេះ ព្រោះដើមចេកត្រូវការសារធាតុប៉ូតាស្យូម ហើយខ្ញុំយកកម្ទេចកម្ទីស្មៅគ្របជុំវិញគល់របស់វា។ ដូច្នេះ ទើបវាចេញត្រយូងតែម្តង»។

លោកស្រីបានបន្តទៀតថា «ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ ខ្ញុំដឹងថា ដើមចេកនេះអាចចេញត្រយូង ប៉ុន្តែ វាជារឿងកម្រណាស់។ វាអស្ចារ្យណាស់ ដែលឃើញដើមចេកចេញត្រយូង។ វាជាផ្លែចេកដ៏គួរឱ្យចាប់អារម្មណ៍។ ខ្ញុំមិនធ្លាប់ឃើញពីមុនមកទេ។ រាងវាមើលទៅហាក់ស្រដៀងនឹងក្ដឹបដូងបន្តិច»។

សូមបញ្ជាក់ថា តំបន់លោកស្រី ខេធី ណេវីល កំពុងរស់នៅ គឺជាជ្រលងភ្នំ ដែលមានសំណើមច្រើន ដូច្នេះសំណើមក្នុងខ្យល់ក៏ជួយឲ្យដំណាំចេកលូតលាស់បានល្អផងដែរ។ ចំណែកលោកស្រីក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកសាកវប្បកម្មផង និងជាសមាជិកក្រុមអ្នកថែសួនមួយរូបនៅក្នុងសមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស។

លោកស្រីមិននឹកស្មានថា ឈ្មោះរបស់គាត់ត្រូវបានកត់ត្រាទុកនៅក្នុងចក្រភពអង់គ្លេសថា ជាមនុស្សម្នាក់អាចដាំចេកបានផ្លែហូបឡើយ។

លោក ហ្គាយ បាធើ អ្នកធ្វើការក្នុងសមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស ក៏បាននិយាយថា ប្រភេទរុក្ខជាតិត្រូវការកម្ដៅ ដូចជា ដើមអូលីវ, ដើមល្វា និងដើមអាព្រីតខុត ក៏កំពុងលូតលាស់បានល្អជាងមុន នៅពេលសីតុណ្ហភាពឡើងកម្ដៅ ចំណែកដំណាំបែបប្រពៃណីរបស់អង់គ្លេសវិញ នៅតំបន់ខ្លះកំពុងថយចុះទិន្នផល។

លោកបាននិយាយថា​ «អាកាសធាតុកំពុងតែក្តៅឡើងៗ។ កាលពី២០ឆ្នាំមុន ដើមចេកមិនធ្លាប់ចេញត្រយូងទេ។ កាលណាដើមចេកចេញត្រយូង វានឹងក្លាយជាថ្ងៃដ៏ពិសេសមួយសម្រាប់អង់គ្លេស»៕ (ផាន់ អាណា)


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ