ខេបថោន៖ ប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែព្រូន ជាទ្រង់ទ្រាយពាណិជ្ជកម្មជាលើកដំបូងទៅកាន់ប្រទេសចិនចំនួន២០ ០០០កេស ដែលជាការអនុវត្តជាផ្លូវការនៃពិធីសារពាណិជ្ជកម្មផ្លែឈើ ទ្វេភាគីរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មអាហ្វ្រិកខាងត្បូង និងឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីខេបថោន បានអញ្ជើញចូលរួមក្នុងឱកាសនាំចេញនេះដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ដំណើរការពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីបានចាត់ទុកការអភិវឌ្ឍនេះថា ជាភាពចាំបាច់ផ្នែកសេដ្ឋកិច្ច ដោយលើកឡើងថា ការទទួលបានទីផ្សារប្រើប្រាស់ផ្លែឈើរបស់ប្រទេសចិន បានក្លាយជាចំណុចសំខាន់នៃភាពធន់ផ្នែកកសិកម្មរបស់អាហ្វ្រិកខាងត្បូង និងជាយុទ្ធសាស្ត្រកំណើនរយៈពេលវែង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអនុញ្ញាតឱ្យនាំចេញកសិផលរបស់អាហ្វ្រិកខាងត្បូង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីនាំចូលទៅក្នុងទីផ្សាប្រទេសចិន ក្រោមលក្ខខណ្ឌពន្ធសូន្យ ដែលជួយពង្រឹងជំហររបស់កសិករអាហ្វ្រិកចំពោះទីផ្សារនាំចូលដ៏ធំបំផុតមួយរបស់ពិភពលោក។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមានគោលបំណងបង្កើនប្រាក់ចំណូលពីការនាំចេញផ្លែឈើឱ្យបានទ្វេដងពីកម្រិតបច្ចុប្បន្ន ក្នុងប្រហែល២៤,៤លានដុល្លារ ក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករណ៍ផ្នែកឧស្សាហកម្មបង្ហាញថា គំនិតផ្តួចផ្តើមនេះអាចទាញយកប្រាក់ចំណូលបន្ថែមរាប់រយលានដុល្លារក្នុងតម្លៃពាណិជ្ជកម្មបន្ថែម និងបង្កើតការងារប្រហែល៣៥០ កន្លែង ក្នុងការធ្វើកសិកម្ម និងប្រតិបត្តិការផ្ទះសំណាក់ ដោយមានមុខតំណែងចំនួន៦០០ បន្ថែមទៀតត្រូវបានរំពឹងទុកនៅទូទាំងខ្សែសង្វាក់ភស្តុភារកម្ម ការដឹកជញ្ជូន និងការវេចខ្ចប់។
ផែនការនេះកំពុងដំណើរការរួចហើយ ដើម្បីបញ្ចប់ពិធីសារសម្រាប់ផ្លែស្ត្របឺរី និងប៊្លូបឺរី ដោយការត្រួតពិនិត្យបច្ចេកទេសដោយអគ្គរដ្ឋបាលគយចិន រំពឹងថា នឹងបើកច្រកនាំចូលទីផ្សារបន្ថែមទៀត។ ការពិភាក្សារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាហ្វ្រិក និងសមភាគីចិន ក៏គ្របដណ្តប់លើការបន្តនាំចេញសាច់គោល្អៗ និងវឌ្ឍនភាពលើក្របខ័ណ្ឌតំបន់ភាវូបនីយកម្មជំងឺអុតក្ដាម។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាហ្វ្រិកខាងត្បូងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយកិច្ចព្រមព្រៀងនេះក៏ផ្សាភ្ជាប់ទៅនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើវិស័យផ្លូវដែក កំពង់ផែ និងបណ្តាញផ្លូវថ្នល់របស់អាហ្វ្រិកខាងត្បូងផងដែរ។
កាលពីឆ្នាំ២០២៥ ក្រុមហ៊ុននាំចេញផ្លែឈើអាហ្វ្រិកខាងត្បូង បន្តពង្រីកវត្តមានផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ី បន្ទាប់ពីមើលឃើញកំណើនតម្រូវការក្នុងតំបន់ ដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចិន ត្រូវបានគេមើលឃើញថា មានសក្តានុពលខ្លាំងសម្រាប់ផលិតផលផ្លែអាហ្វ្រិកខាងត្បូង។
ក្នុងរដូវប្រមូលក្រូចឃ្វិច ឆ្នាំ២០២៥ អាហ្វ្រិកខាងត្បូងទទួលបានទិន្នផលចំនួន៥៣,៥លានប្រអប់ ដែលត្រូវបានវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទិន្នផលដ៏ល្អនេះ បានជួយពង្រឹងតម្រូវការក្នុងការធានាទីផ្សារ ដែលមានសក្តានុពលខ្ពស់ ដូចជាវៀតណាមសម្រាប់ប្រភេទក្រូចឃ្វិច។
ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥ ប្រធានាធិបតិអាហ្វ្រិកខាងត្បូង បានពិភាក្សាអំពីការនាំចូលផ្លែក្រូចឃ្វិចផងដែរ។
រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងបានជួបប្រជុំជាមួយសមភាគីវៀតណាម ដើម្បីជំរុញការចូលប្រើប្រាស់ទីផ្សារសម្រាប់ប្រភេទផ្លែក្រូច និងដោះស្រាយលក្ខខណ្ឌពាណិជ្ជកម្ម ដែលនៅសេសសល់។ វៀតណាមត្រូវបានពិពណ៌នាថា ជាគោលដៅមួយ ស្របពេលសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង ដែលកំពុងធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយអត្រាពន្ធនាំចូល។
អ្នកតំណាងឧស្សាហកម្មផ្លែក្រូច បាននិយាយថា កំណើននៃតម្រូវការផ្លែក្រូច នៅទីផ្សារអាស៊ីអាចជួយស្រូបយកផ្លែក្រូចអាហ្វ្រិកក្នុងបរិមាណច្រើន និងគាំទ្រដល់ការដាំដំណាំក្រូចនៅទូទាំងតំបន់របស់អាហ្វ្រិកខាងត្បូង៕ (ផាន់ អាណា)










