ស្រ្តីខ្មែរមួយរូបកែច្នៃផលិតផលជាង៣០មុខ ចេញពីវត្ថុធាតុដើមក្នុងស្រុក​​ ធ្វើជាគ្រឿងទេស​សម្រាប់ឆ្លើយតបតម្រូវការទីផ្សារ​

photo_2026-04-28_08-22-34 (5)

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ ផ្តើមចេញពីការធ្វើហូបជាលក្ខណៈគ្រួសារ ស្រ្តីខ្មែរមួយរូបបានកែច្នៃផលិតផលជាង ៣០មុខ ចេញពីវត្ថុធាតុដើម​ក្នុង​វិស័យកសិកម្ម ដូចជា ម្ទេស ប៉េងបោះ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ញី ដែលបានដាំដុះនៅក្នុងស្រុក និងរំដេងពីឃុំអូរសោមជាដើម។

អ្នកស្រី សែម សុជាតា ម្ចាស់សិប្បកម្មនាងរំដេង បានផលិតគ្រឿងទេស និងទឹកជ្រលក់ខ្មែរជាច្រើនមុខ រហូតដល់ជាង៣០មុខ ដោយអ្នកស្រីអះអាងប្រាប់ទូរទស្សន៍ ARDBថា គ្រឿងផ្សំទាំងអស់ អ្នកស្រីបានប្រមូលទិញពីតំបន់នានា ដែលបានដាំដុះនៅក្នុងស្រុក ជាពិសេសរំដេង អ្នកស្រីយកមកពីឃុំអូរសោម ដើម្បីទុកផលិតជាគ្រឿងទេស និងទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងបោះ ព្រមទាំងគ្រឿងទេសខ្មែរជាច្រើនមុខទៀត។

អ្នកស្រីថា អ្នកស្រីឧស្សាហ៍ធ្វើទុកញុំា ព្រោះផ្ទះអ្នកស្រីនៅឆ្ងាយ គឺនៅខេត្ត ជួនណាពីរអាទិត្យ ឬបីអាទិត្យ ទើបឡើងមកម្តង ដូច្នេះអ្នកស្រីធ្វើទុកនៅផ្ទះឱ្យកូន និងស្វាមីញុំា ហើយអ្វីដែលធ្លាប់ធ្វើ អ្នកស្រីតែងតែថ្លឹងគ្រឿងវាល់គ្រឿង និងតែងតែយកសំណាកទុក ដើម្បីដឹងថា ទុកបានរយៈពេលប៉ុន្មាន និងទទួលបានការគាំទ្រពីមិត្តភក្តិផងដែរ។

សិប្បកម្មផលិតផលិតផលខ្មែរ ជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចក្នុងស្រុក និងការអភិរក្សវប្បធម៌ជាតិ ព្រមទាំងសេដ្ឋកិច្ចគ្រួសារ។ ផលិតផលខ្មែរទាំងអស់នោះមានដូចជា៖ ទឹកប្រឡាក់ ទឹកម្ទេស ទឹកប៉េងបោះ ទឹកត្រី ទឹកស៊ីអ៊ីវ និងអាហារកែច្នៃផ្សេងៗមួយចំនួនទៀត ហើយបច្ចុប្បន្ននេះ ផលិតផលទាំងនោះ ត្រូវបានសិប្បករខ្មែរផលិតឡើង ដោយប្រើវត្ថុធាតុដើមកសិកម្ម ដែលដាំដុះនៅក្នុងស្រុក។

កម្ពុជាកំពុងជំរុញការដាំដុះបន្លែ និងគ្រឿងទេសក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល។ ផ្ទៃដីដាំដុះគ្រឿងទេសទាំងអស់នេះ មានការកើនឡើងជាលំដាប់ ជាពិសេសតាមរយៈការចងក្រងជាសហគមន៍កសិកម្ម។  ម្ទេស ជាគ្រឿងទេសដែលមានផ្ទៃដីដាំដុះធំជាងគេ ជាពិសេសនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ។ ខ្ញី និងរមៀត ក៏មានផ្ទៃដីដាំដុះរាប់រយហិកតាផងដែរ ជាពិសេសនៅតំបន់ដីក្រហម។

អ្នកស្រី សែម សុជាតា បានមានប្រសាសន៍ថា កក្តាដែលជំរុញឱ្យអ្នកស្រីផលិតនូវផលិតផលជាច្រើនមុខនេះឡើងដោយសារការចាប់ផ្តើមដំបូងអ្នកស្រីធ្វើទឹកផាកឡូវ ហើយទឹកផាកឡូវនេះទៀតមិត្តភក្តិចូលចិត្តញុំា “គាត់ចូលចិត្តញុំា គាត់ចេះតែឱ្យខ្ញុំធ្វើទឹកផាកឡូវ ហើយខ្ញុំចេះតែធ្វើទៅ គាត់ថា ទឹកផាកឡូវខ្ញុំឆ្ងាញ់ មិត្តភក្តិផ្សេងៗទៀតចេះតែកុម្ម៉ង់ទឹកផាកឡូវ ម្ទេសឆា គាត់ថាឆ្ងាញ់ ហើយជំរុញឱ្យខ្ញុំធ្វើលក់ទៅ”។

អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា “ដោយសារខ្ញុំធ្វើគ្រឿងទាំងអស់ហ្នឹងទៅ ខ្ញុំចេះតែមានគំនិត ធ្វើអីបន្តទៀតទៅ។ ក្រោយមកមិត្តភក្តិខ្ញុំគាត់ឱ្យខ្ញុំធ្វើទឹកម្ទេសឱ្យគាត់ញុំា គាត់ថា ទិញគេពិបាកញុំាណាស់ ឃើញតែគេកូរដាក់ម្សៅ ដាក់ល័ក្ខអញ្ចឹងទៅណា ដាក់ក្លិន ដល់តែខ្ញុំធ្វើឱ្យគាត់ គាត់ថាឆ្ងាញ់ ខ្ញុំក៏ចាប់ផ្តើមធ្វើទឹកម្ទេស ធ្វើហើយខ្ញុំយកសំណាកទុក គឺទុកបានមួយឆ្នាំ មួយឆ្នាំ គឺឆ្ងាញ់តែម្តង ហើយបើលើសពីមួយឆ្នាំវារាងអន់គុណភាពបន្តិច តែក្នុងដឺឡេនេះខ្ញុំដាក់តែ ប្រាំបីខែទេ តែបើធ្វើទុកញុំាខ្លួនឯង ខ្ញុំទុកបានមួយឆ្នាំជាង”។

អ្នកស្រី សែម សុជាតា បានអំពាវនាវសុំឱ្យប្រជាពលរដ្ឋខ្មែរ គាំទ្រផលិតផលខ្មែរ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស ហើយការប្រើប្រាស់ផលិតផលខ្មែរ មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជាទៀតផង។

ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ។ ការច្នៃប្រឌិត ការរក្សាអត្តសញ្ញាណជាតិខ្មែរ និងការកំណត់តម្លៃជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ កំពុងក្លាយជាផលិតផល ដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់៕​


IMG_5430
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕

IMG_5627
អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។​ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]

777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ